បក្សកាន់អំណាច​នឹង​ធ្វើ​សន្និបាត​នៅ​ចុង​ខែ​នេះ ដើម្បី​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

គណបក្សប្រជាជនកម្ពុជា នឹងរៀបចំធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្ស នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ដើម្បីជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីបម្រុងមួយត្រូវបានបង្កើតឡើង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅពេលចុះទៅត្រួតពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះ​ថ្មី នៅខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បតិ៍ថា សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានឹងធ្វើនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ ដើម្បីសម្រេចទៅលើបញ្ហាបេក្ខភាពអ្នកបន្តវេន [បេក្ខភាពនាយករដ្ឋមន្ត្រី] រួមទាំងការពិនិត្យនិងសម្រេចទៅលើកិច្ចការមួយចំនួនទៀតដែលគណៈកម្មាធិការកណ្ដាលត្រូវធ្វើ។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ថ្ងៃ២៤នេះប្រកាសឱ្យហើយ ថ្ងៃ២៤នេះសមាជិក-សមាជិការគណៈកម្មាធិការកណ្ដាលត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្ដាល។ ថ្ងៃ២៤នេះចំថ្ងៃសុក្រ ថ្ងៃ២៤ខាងមុខនេះ ដើម្បីសម្រេចទៅលើបញ្ហាបេក្ខភាព ទាំងបេក្ខភាពបន្តវេន ទាំងស្អីៗ! កន្លងទៅគ្រាន់តែថាប្រកាសប៉ុណ្ណោះទេ និយាយអ៊ីចឹងហ្មងឱ្យវាច្បាស់! ហើយនិងមានកិច្ចការងារមួយចំនួនដែលគណៈកម្មាធិការកណ្ដាលមានការចាំបាច់ត្រូវធ្វើ»។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាក៏បានបោះមួយជំហានទៅមុខថែមទៀត គឺការបង្កើតគណៈរដ្ឋមន្ត្រីបម្រុងមួយដែលលោកថាជាក្រុមបន្តវេន។ ប៉ុន្តែមិនមែនសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះទេ។

លោកនាយករដ្ឋមន្ត្រីបានបង្ហើបថា៖ «និយាយថែមមួយម៉ាត់ទៀតចុះ! ម្សិលមិញ ប្រជុំនៅផ្ទះខ្ញុំរួចស្រេចបាត់ទៅហើយ ខ្ញុំ [ហ៊ុន សែន] ខេង [ស ខេង] ឈុំ [សាយ ឈុំ] បាញ់ [​ទៀ បាញ់] ម៉ែន សំអន ប្រាំនាក់ សម្រេចបញ្ជីគណៈរដ្ឋមន្ត្រីមួយបាត់ គណៈរដ្ឋមន្ត្រីបម្រុង ប៉ុន្តែមិនមែនឆ្នាំ២០២៣ទេ! ២០២៣ ខ្ញុំនៅតែជាបេក្ខជន ប៉ុន្តែនៅពេលណាមួយ អាហ្នឹងចាំមើលសភាពការជាក់ស្ដែង»

គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាមាន​សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាលសរុបចំនួន៨៣៧នាក់។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន, លោក ហេង សំរិន ជាប្រធានកិត្តិយស, លោក ស ខេង និងលោក សាយ ឈុំ ជាអនុប្រធានគណបក្ស។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅមិនទាន់អាចបញ្ជាក់អំពីកម្មវិធីជាក់លាក់នៃការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានេះនៅឡើយទេ។ ចំណែកឯការបង្កើតគណៈរដ្ឋមន្ត្រីបម្រុងរបស់គណបក្សប្រជាជនកម្ពុជាវិញ លោក សុខ ឥសាន បានគូសបញ្ជាក់ថា គឺគ្រាន់តែជាការលើកមុខសញ្ញាព្រាងទុកមុនតែប៉ុណ្ណោះ។

លោក សុខ ឥសាន គូសបញ្ជាក់ថា៖ «អានេះជាការអនុវត្តវប្បធម៌ធម្មតារបស់គណបក្សប្រជាជន។ រឿងអីក៏ដោយត្រូវត្រៀមមុនជានិច្ច មិនឱ្យបាត់ម្ចាស់ការទេ ហើយជាពិសេសរឿងធនធានមនុស្សសម្រាប់បន្តវេន។ ដូចដែលយើងដឹងស្រាប់ហើយ កន្លងទៅ គណបក្សប្រជាជនមិនដែលបាត់ម្ចាស់ការ និងមានត្រៀមលក្ខណៈសម្បត្តិ ហើយលក្ខណៈសម្បត្តិដែលត្រៀមនេះគឺត្រៀមរយៈពេលវែង រយៈពេលមធ្យមក៏មានដែរ។ ធ្វើម៉េចគឺការកសាងធនធានមនុស្សនេះ មិនមែនធ្វើភ្លាមបានភ្លាមនោះទេ»។

ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក លោក សំ គន្ធាមី នៅមិនទាន់ហ៊ានអត្ថាធិប្បាយយ៉ាងណានៅឡើយទេ ចំពោះការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាយ៉ាងតក់ក្រហល់ និងការបង្កើតគណៈរដ្ឋមន្ត្រីបម្រុងនេះ។ តែលោកយល់ថា វាជាការល្អប្រសើរដែរ ដើម្បីត្រៀមបម្រុងក្រុមអ្នកបន្តវេនរបស់គណបក្សកាន់អំណាច នៅពេលដែលអ្នកជំនាន់មុនចូលនិវត្តន៍។

លោកមានប្រសាសន៍ថា៖ «បាទ! គ្រោងទុកហ្នឹងក្នុងករណីវាមានបញ្ហាអ្វី ឬក៏មានអ្វីក្នុងក្រុមសមាជិកគណៈរដ្ឋមន្រ្តីបច្ចុប្បន្នហ្នឹង គេអាចដាក់បញ្ចូលដាក់ជំនួស បាទ! អ៊ីចឹងមានន័យថា បើសិនជាមាន បញ្ហាអ្វីយ៉ាងមិច មានសមាជិកគណៈរដ្ឋមន្រ្តីគ្រោងទុកហ្នឹង បម្រុងហ្នឹង ដែលគេអាចរៀបចំធ្វើការបាន»។

ការកំណត់ថ្ងៃធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅពេលនេះ បានធ្វើឡើងនៅពីរថ្ងៃក្រោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានចេញសារបញ្ជាក់ពីជំហររបស់លោកកាលពីថ្ងៃទី០៧ ខែធ្នូ។ លោកបញ្ជាក់ថា ​នឹងគោរព​តាម​ការ​សម្រេច​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​មាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធានបក្ស ចំពោះ​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។ បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រជាចំហនោះជាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ