HRW ជំរុញ​មន្ត្រី​ផ្នែក​ការបរទេស​អាមេរិក​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ជំនួប​ជាមួយ​រដ្ឋាភិបាល​កម្ពុជា

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញជួប លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីស្ដីការក្រសួង នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch ឬ HRW) បានទទូចឱ្យទីប្រឹក្សាក្រសួងការបរទេសអាមេរិកលើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយរដ្ឋាភិបាលកម្ពុជា អំឡុង​ពេលធ្វើទស្សនកិច្ចនៅកម្ពុជា។

យោងតាមការប្រកាសរបស់​ក្រសួងការ​បរទេសអាមេរិក កាលពីថ្ងៃទី០៨ ខែធ្នូ បាន​ឱ្យដឹង​ថា ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet នឹងធ្វើដំណើរមកកម្ពុជា និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៨ ដល់ទី១៣ ខែធ្នូ ដើម្បីជួបពិភាក្សាជាមួយអ្នកពាក់ព័ន្ធនានាលើបញ្ហាសំខាន់ៗក្នុងតំបន់ ដែលបូករួមទាំងវិបត្តិនៅក្នុងប្រទេសភូមាផងដែរ។ លោក Derek Chollet បានមកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃនេះ​ នឹងត្រៀមជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនៅកម្ពុជានេះ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក Phil Robertson បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet គួរតែលើកឡើងពីការព្រួយបារម្ភទាំងឡាយអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងកិច្ចប្រជុំទាំងអស់របស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជា និង​ទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ការបង្រ្កាបទៅលើដៃគូប្រកួតប្រជែងនយោបាយរបស់ខ្លួនតទៅទៀត។

លោក Phil Robertson បានបន្ថែមថា៖ «តាមរយៈដំណើរទស្សនកិច្ចនេះ លោក Derek Chollet ក៏គួរតែជំរុញលោក ហ៊ុន សែន ឱ្យឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង និង​អ្នករិះគន់នានាដែលគ្រាន់តែបញ្ចេញទស្សនៈយល់ឃើញរបស់ពួកគេ។ អ្នកសារព័ត៌​មាន​ឯករាជ្យ​គួរតែ​ត្រូវ​បាន​ការ​ពារ ខណៈដែលសេរីភាពសារព័ត៌មានក៏គួរតែត្រូវបានធានាផង​ដែរ។ ការធ្លាក់ចុះកាន់តែអាក្រក់ទៅនៃបទដ្ឋានប្រជាធិបតេយ្យ សេរីភាពប្រព័ន្ធផ្សព្វ​ផ្សាយ និង​សិទ្ធិមនុស្សនៅកម្ពុជា មិន​អាច​ត្រូវ​បាន​ព្រងើយកន្តើយនោះ​ទេ»

លោក Phil Robertson បានលើកឡើងទៀត​​ថា ប្រវត្តិសាស្ត្រកម្ពុជា នាពេលថ្មីៗនេះ បង្ហាញឱ្យ​ឃើញ​​ថា អំពើហិង្សាដែលបង្កឡើងដោយអាជ្ញាធររបស់រដ្ឋាភិបាល​បាន​កើន​ឡើង ខណៈការ​បោះឆ្នោត​ខិត​ជិត​មក​ដល់។

ទោះយ៉ាងណា អ្នកនាំពាក្យ​ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា លោក កុយ គួង សុំមិនបកស្រាយពាក់ព័ន្ធលទ្ធផលនៃកិច្ចប្រជុំរវាងមន្ត្រីការបរទេសរបស់អាមេរិកនិងកម្ពុជាទេ ដោយលោកគ្រាន់តែបញ្ជាក់ថា មន្ត្រីការបរទេសរបស់អាមេរិកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃនេះ។

លោកថា៖ «សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនឹងចេញក្នុងពេលឆាប់ៗនេះ។ [មន្ត្រីការបរទេសរបស់អាមេរិកជួបជាមួយថ្នាក់ដឹកនាំកម្ពុជា?] មែន! ជួបជាមួយឯឧត្ដម ប្រាក់ សុខុន»។

ទាក់ទងបញ្ហាភូមាវិញ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) ប្រចាំតំបន់អាស៊ីរូបនេះ បានលើកឡើងថា តាមរយៈការអញ្ជើញនិងការជួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ និងគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ បង្ហាញឱ្យឃើញថា វាជាផ្នែកមួយ​នៃបញ្ហាជាជាងការស្វែងរកផ្លូវឆ្ពោះទៅកាន់ដំណោះស្រាយ។

លោកបានសរសេរថា៖ «ប្រសិនបើលោក ហ៊ុន សែន ពិតជាចង់ដើរតួនាទីជាអ្នកបង្កើតសន្តិភាពក្នុងតំបន់អាស៊ានមែននោះ លោកច្បាស់ជានឹងទៅជួបពិភាក្សាជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា [NUG] ដែលមានការគាំទ្រពីសមាជិកសភាភាគច្រើនដែលជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ប្រជាជនមីយ៉ាន់ម៉ា ចង់បានការស្ដារលទ្ធិប្រជាធិបតេយ្យរបស់ពួកគេឡើងវិញ និងសិទ្ធិរបស់ពួកគេត្រូវបានគោរព ខណៈដែល​ពួកគេនឹងមិនទទួលយកផ្លូវកាត់ណាមួយរបស់លោក ហ៊ុន សែន ឡើយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ