ប្រទេសនីការ៉ាហ្គា​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​កោះតៃវ៉ាន់ ដោយ​ងាក​ទៅ​ចាប់​ចិន​ជំនួស​វិញ

ទង់ជាតិតៃវ៉ាន់ ដាក់ផ្ដេកនៅមូលដ្ឋានទ័ពតៃវ៉ាន់។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

ប្រទេសនីការ៉ាហ្គា (Nicaragua) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្រេចផ្ដាច់ទំនាក់ទំនងការទូតដ៏យូរអង្វែងរបស់ខ្លួនជាមួយកោះតៃវ៉ាន់ ហើយចាប់ផ្ដើមងាកទៅចាប់ចិនជំនួសវិញ ដែលជាការទទួល​​ស្គាល់គោលការណ៍​ចិន​តែមួយ (One China) របស់បក្សកុម្មុយនីស្តចិន។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ក្រសួងការបរទេសនីការ៉ាហ្គា ដែលបាន​ឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គា នៅថ្ងៃនេះ [ថ្ងៃព្រហស្បតិ៍​ម្សិលមិញ] បានផ្ដាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដោយឈប់មានទំនាក់ទំនង ឬការទាក់​ទងផ្លូវការណាមួយតទៅទៀតហើយ»។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា៖ «សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ខណៈតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីទឹកដីចិន»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថា តំណាងរដ្ឋាភិបាលមកពីប្រទេសចិន និងនីការ៉ាហ្គា ក៏នឹងជួបពិភាក្សាគ្នាទាក់ទងទៅនឹងការកសាងទំនាក់ទំនងការទូតឡើងវិញរបស់ពួកគេ នៅទីក្រុង Tianjin ភាគខាងជើងប្រទេសចិន នៅថ្ងៃសុក្រនេះផងដែរ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលចិននៅតែបន្តអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។

ជាការឆ្លើយតប តៃវ៉ាន់ធ្លាប់បានលើកឡើងថា ខ្លួននឹងបន្តពង្រឹងការការពាររបស់ខ្លួនដើម្បីធានាឱ្យបានថា គ្មាននរណាម្នាក់អាចបង្ខំឱ្យកោះនេះទទួលយកផ្លូវដែលចិនបានរៀបចំ ដោយមិនផ្ដល់សេរីភាព និងប្រជាធិបតេយ្យនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ