សង្គមស៊ីវិល​ចាត់ទុក​ការធ្វើច្បាប់​កាត់ទោស​ព្រះសង្ឃ​ថា​ជា​ចេតនា​នយោបាយ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ

ក្រុមយុវជន និងព្រះសង្ឃ អង្គុយនិងគង់ដើម្បីរំលឹកដល់ការស្លាប់លោក កែម ឡី នៅមុខស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ដែល​រដ្ឋាភិបាលព្យាយាម​ធ្វើ​ច្បាប់​ដើម្បី​កាត់​ទោស​ព្រះ​សង្ឃដែល​​ចូល​​រួ​ម​គាំទ្រ​សកម្មភាពនយោបាយ ថាជាការរំលោភសិទ្ធិដែលត្រូវបានការពារដោយច្បាប់ ហើយរារាំងដល់ការចូលរួមជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ការរិះគន់របស់ក្រុមអ្នកឃ្លាំមើលទាំងនេះ ស្របពេលដែលក្រសួងធម្មការ និងសាសនា កំពុង​ពន្លឿន​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សាសនា​នៅ​កម្ពុជា។

មាត្រា៣៥ នៃសេចក្ដីព្រាងនេះ​ចែងថា «ព្រះសង្ឃ​ព្រះពុទ្ធសាសនា មា​នចេតនា ចូលរួមធ្វើបាតុកម្ម កូ​​ដ​កម្ម កុបកម្ម ដើម្បីប្រឆាំង ឬប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណាមួ​​យ ​ត្រូ​វផ្ដន្ទាទោសដាក់ពន្ធ​​នាគារពី៧​ឆ្នាំដល់១៥ឆ្នាំ ដោយ​មិនទាន់​គិតពី​ទោស​ដទៃទៀត​ដែល​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​»។

នាយករងអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍នៅថ្ងៃចន្ទនេះ​​ថា បើ​​គ្មា​ន​​អ្វីប្រែប្រួល​ទេ សេចក្ដីព្រាង​​ច្បាប់​​​នេះនឹង​ដក​សិទ្ធិ​​ចូល​រួម​ជីវភាពនយោបាយរបស់ព្រះសង្ឃ ផ្ទុយពីរដ្ឋធម្មនុញ្ញនិងបទដ្ឋានអន្តរជាតិ ដូចច្បាប់មួយចំនួនទៀត រួមទាំងច្បាប់គណបក្សនយោបាយដែលបានដកហូតឆន្ទៈប្រជាពលរដ្ឋ តាមរយៈការដកអាសនៈគណបក្សនយោបាយផងដែរ។

លោកថា៖ «ច្បាប់នេះ​ចេញម​ក​ វា​ជាការ​បិទសិទ្ធិ ហើយវាប៉ះពាល់ទៅដល់ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ អ៊ីចឹងកន្លងមក យើងឃើញមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មច្បាប់មួយចំនួន និងការអនុម័តច្បាប់មួយចំនួន មានការរិះគន់ពីសហគមន៍អន្តរជាតិនិងជាតិថាច្បាប់ហ្នឹងគឺចេតនានយោបាយ។ បើ​អ៊ីចឹង បើច្បាប់នេះចេញ វាអត់ខុសគ្នាទេ»។

បើតាមលោក សំអាត ប្រទេសប្រជាធិបតេយ្យ ការធ្វើច្បាប់ត្រូវភ្ជាប់នឹងគោលការណ៍គោរពសិទ្ធិមនុស្ស បម្រើឱ្យប្រយោជន៍សាធារណៈ ការពារផលប្រយោជន៍ពលរដ្ឋទូទៅ និង​ការលើកកម្ពស់សិទ្ធិពលរដ្ឋ រួមទាំងការអនុវត្តដោយតម្លាភាព។

លោកបន្ថែម​ថា៖ «បើការព្រាង​ហ្នឹង​អត់មានអីកែប្រែទេ វាប៉ះពាល់សិទ្ធិ ពិសេសសិទ្ធិរបស់ព្រះសង្ឃក្នុងការចូលរួមកិច្ចការសង្គមតាមបែបប្រជាធិបតេយ្យហ្នឹង»។

ដូចគ្នានេះដែរ នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មើលឃើញថា សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សាសនា​នេះ ផ្ទុយទៅនឹង​ស្មារតី​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងបំពានលើសេចក្ដីថ្លែងការណ៍ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស ដូចជា ការតម្រូវឱ្យព្រះសង្ឃសុំច្បាប់អនុញ្ញាតជាមុន មុនផ្សព្វផ្សាយឯកសារ រូបភាព សំឡេង និង​វីដេអូ​ ជាដើម។

លោកថា៖ «បើសិនជាសេចក្ដីព្រាងច្បាប់ហ្នឹងមិនមានអីកែប្រែទេ យើងនឹងលែងឃើញព្រះសង្ឃ​ប​ង្រៀ​​ន​ធម្មទេសនា​ពី​រឿង​ធម៌​អាថ៌ ឬក៏ផ្សារភ្ជាប់​នឹង​សង្គម ដូចមានច្រើនកន្លងមក […] ដែលព្រះសង្ឃទាំងអស់ហ្នឹងត្រូវទៅសុំក្រសួងធម្មការនិងសាសនាសិន មុននឹងនិយាយ មុននឹងផុសតា​​​មហ្វេសប៊ុក»។

លោកបណ្ឌិត ប៉ា ចន្ទរឿន ចង់ឃើញសេចក្ដីព្រាងច្បាប់នេះប្រមូលធាតុចូលពីភាគីពាក់​ព័ន្ធ ដើម្បី​ប​ញ្ចៀ​​ស​ការ​រិះគន់​ ដែលថា ​រដ្ឋាភិបាលយកវិស័យសាសនាធ្វើជាឧបករណ៍នយោបាយ។

យ៉ាងណា អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានច្រានចោលការលើកឡើងនេះ ដោយ​ថា ច្បាប់នេះ​កំពុងប្រមូលធាតុចូលនៅឡើយ ហើយដំណើរការតាក់តែងក៏មានការចូលរួមពីមន្ត្រីជំនាញផ្នែក​ច្បាប់​មកពីក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងយុត្តិធម៌ផងដែរ។

លោកថា៖ «ច្បាប់ពុទ្ធសាសនាក៏បានដាក់ទោសទៅលើភិក្ខុសាមណេរដែរ ហើយដោយឡែកចំណុចអន្លើណាដែលព្រះពុទ្ធសាសនា លោកមិនបានកំណត់កាលសម័យនោះ យើងបំពេញបន្ថែមទៅលើច្បាប់រដ្ឋ មិន​មែនបំពេញទៅលើធម៌វិន័យទេ! ហើយដើម្បីអី? ដើម្បីផលប្រយោជន៍ព្រះសង្ឃហ្នឹង»។

ផ្ទុយពីនេះ ព្រះសង្ឃខ្មែរមួយអង្គ ព្រះតេជគុណ បូរ បេត ដែលសកម្មក្នុងការចូលរួមកិច្ចការសង្គម ហើ​យ​បច្ចុប្បន្នកំពុងភៀស​ព្រះកាយ​នៅ​ក្រៅប្រទេស​នោះ មាន​សង្ឃដីកា​ថា សេចក្ដីព្រាង​ច្បាប់នេះគំរាម​កំហែងដល់​ព្រះសង្ឃ​​ទាំង​​ឡា​យ​​ដែលឈឺឆ្អាលបញ្ហា​សង្គម។

ព្រះអង្គមានសង្ឃដីកាថា៖ «ច្បាប់នេះជាច្បាប់គំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ជាពិសេសរំលោភទៅលើសិទ្ធិព្រះសង្ឃដែលស្រឡាញ់សង្គម ដែលជាអ្នកចូលរួមការពារធនធានធម្មជាតិ ដែលជាអ្នកចូលរួមតាមដានសកម្មភាពនយោបាយនានាក្នុងសង្គមកម្ពុជា»។

យ៉ាងណា ព្រះអង្គ​អំពាវនាវ​ឱ្យ​ក្រសួងធម្មការ និងសាសនា រួមទាំង​ស្ថាប័ន​​ពាក់​ព័ន្ធ​ពិចារណាឡើ​ង​វិញ​ក្នុងកែ​តម្រូវសេចក្ដីព្រាងច្បាប់នេះឱ្យស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ដើម្បីឱ្យ​ពលរដ្ឋ​និងសហគមន៍​អន្តរជាតិមើលឃើញ​ថា រដ្ឋាភិបាល​បានបំពេញកាតព្វកិច្ចការពារប្រយោជន៍ប្រទេសជាតិ ដូ​ច​បាវចនាជាតិចែងថា «ជាតិ សាសនា ព្រះមហាក្សត្រ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ