តុលាការ​គ្រោង​ចុះ​ស្រាវជ្រាវ​ស្ថានភាព​អគារ​របស់​លោក សម រង្ស៊ី នៅដើម​សប្ដាហ៍​ក្រោយ

ទិដ្ឋភាពនៅពីមុខអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សាលាដំបូងរាជធានីភ្នំពេញ នឹងចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យ​ស្រាវជ្រាវពីស្ថានភាពបច្ចុប្បន្ន​នៃអចលនវត្ថុរបស់លោក សម រង្ស៊ី ដែលជាអគារ​ស្នាក់ការកណ្ដាល​អតីត​​​គណបក្ស​សង្គ្រោះ​​​ជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ នៅ​ដើម​សប្ដាហ៍​ក្រោយ​​។

ការសម្រេចនេះ​បានធ្វើឡើងតាមរយៈ​​លិខិតជូន​ដំណឹង​របស់​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ទៀង សោភ័ណ ចុះថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ២០២១ ផ្ញើជូនលោក សម រង្ស៊ី ប្រធាន​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ និងភរិយា​របស់​​លោក គឺ​លោកស្រី ជូឡុង សូមូរ៉ា ដែល​ជា​សហ​កូន​បំណុល​​នៃការអនុវត្តក្នុងសំណុំរឿង​អនុវត្ត​ដោយ​បង្ខំ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ​របស់​សាលា​ដំបូងរាជធានីភ្នំពេញ។

លិខិតដដែលនោះ​បានបញ្ជាក់ពីការចុះអនុវត្ត​ដីកាសម្រេច​បង្គាប់​ឱ្យស្រាវជ្រាវ​ស្ថាន​ភាព​បច្ចុប្បន្ន​​​នៃ​​អចលន​វត្ថុរ​បស់​លោក សម រង្ស៊ី និងភរិយា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលា​ម៉ោង​​៨កន្លះ​ព្រឹក នៅ​ផ្ទះលេខ៥៧៦ ភូមិព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ច​បាន​យកដីកាដែល​​សាលាដំបូងរាជធានីភ្នំពេញសម្រេច​លក់​ដោយ​បង្ខំ​នូវ​អចលនវត្ថុ​ដែលជាផ្ទះរបស់លោក សម រង្ស៊ី និង​ជា​ស្នាក់​​ការ​​​​កណ្ដាល​​​របស់​​អតីត​គណបក្សសង្គ្រោះ​​​ជាតិ​ ទៅបិទ​នៅមុខអគារនោះ។

បើតាមកម្មវត្ថុក្នុង​ដីកានោះ​ ការ​សម្រេច​ដាក់លក់​ដោយបង្ខំ​នូវ​ផ្ទះ​របស់លោក ​សម រង្ស៉ី នេះ​ គឺ​​​អនុវត្ត​តាម​អំណាច​សាលក្រមនៃ​សាលដីកា​ស្ថាពរ ​ដើម្បី​​យ​កទៅ​សងសំណង​ផ្នែក​រដ្ឋប្បវេណី ​និង​ប្រាក់​ពិន័យ​តាមច្បាប់​របស់​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​៤។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​លោក ​សម រង្ស៊ី ​ត្រូវ​សង​ជំងឺចិត្ត​ពីបទ «​បរិហារកេរ្តិ៍​» ​​រួម​មាន​ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ចំនួន​៤ ០០០លាន​​រៀល, ​លោក ​ហេង សំរិន ​ប្រធាន​រដ្ឋសភា ​ចំនួន​៤ ០០០​លាន​រៀល, លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ចំនួន២ ០០០លាន​រៀល និង​រដ្ឋាភិបាលចំនួន១ ៨០០លាន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ