អ្នកជំនាញការទូត៖ ការប្រមូល​អាវុធ​អាមេរិក​ទៅ​កម្ទេចចោល​នឹង​បង្ក​ភាព​អាម៉ាស់​ដល់​ពលរដ្ឋ​និង​ប្រទេស​កម្ពុជា

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ លើកឡើងថា ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ទៅ​អង្គភាព​ប្រដាប់​​អាវុធទាំង​អស់ឱ្យប្រមូលអាវុធអាមេរិកយក​​ទៅកម្ទេចចោល​នោះ នឹង​បង្ក​ភាពអាម៉ាស់​ដល់​ពលរដ្ឋ​​និង​​ប្រទេស​កម្ពុជា ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ​ថា ការងារនេះ​កំពុងតែដំណើរ​ការ។

ការ​លើកឡើង​នេះធ្វើឡើងក្រោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃទី១០ ខែធ្នូ បាន​បញ្ជា​ឱ្យអង្គភាពប្រដាប់អាវុធទាំងអស់ ​យក​អាវុធ​និង​សម្ភារយោធា​អាមេរិក​ទៅ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​យកទៅ​កម្ទេច​ចោលតាម​ភាពជាក់ស្ដែង។ ប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាធ្វើឡើង​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ហាម​លក់​អាវុធនិង​សម្ភារយោធា​ឱ្យ​កម្ពុជា ដោយ​​សម្អាង​​​ពី​​បញ្ហា​សិទ្ធិមនុស្ស អំពើ​ពុករលួយ​ និង​​កំណើន​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា។

អ្នកសង្កេតការណ៍នយោបាយកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល មានប្រសាសន៍ប្រាប់ វីអូឌី តាមប្រព័ន្ធ​សារអេឡិចត្រូនិច​​អ៊ីម៉ែលនៅថ្ងៃទី១៣ ខែធ្នូនេះថា ការបញ្ជាទៅអង្គភាពប្រដាប់អាវុធនេះ គឺជារឿងធម្មតាទៅហើយសម្រាប់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក អៀ សុផល សរសេរដែលមានន័យជាភាសាខ្មែរថា៖ «​កម្ពុជាមានអាវុធនិងសម្ភារយោធាភាគច្រើនដែលជារបស់ចិន និងរុស្ស៊ី។ ដូច្នេះហើយ ការលើកឡើងនេះគឺគ្មានន័យនោះទេ។ ទោះជាយ៉ាងណា លោក [ហ៊ុន សែន] ចូលចិត្តបង្កភាពអាម៉ាស់ និងការថ្នាំងថ្នាក់ដល់អ្នកដទៃ»។

លោក​បន្តថា៖ «ប្រសិនបើគាត់ [លោក ហ៊ុន សែន] ចង់ធ្វើដូច្នេះ គាត់អាចកម្ទេចចោលនូវរថយន្តយោធាដ៏ច្រើនលើសលុបដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យកម្ពុជា ដោយសារតែវត្ថុទាំងនោះក៏អាចចាត់ទុកថាជាអាវុធផងដែរ។ [សាររបស់លោកនាយករដ្ឋមន្ត្រី] វាមិនផ្ដល់អ្វីក្រៅពីការប៉ះពាល់ដល់កម្ពុជា និងប្រជាជនកម្ពុជាថែមទៀតនោះទេ»។

​យ៉ាងណា លោក អៀ សុផល ថ្លែងថា ជាដំណោះស្រាយការទូត ដើម្បី​ឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមានភាពប្រសើរឡើង អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់នូវការធ្វើកិច្ចព្រមព្រៀងមូលដ្ឋានយោធាដោយសម្ងាត់ជាមួយចិន។ លោកបន្តថា វាដល់ពេលហើយដែលរដ្ឋាភិបាលកម្ពុជាត្រូវដើរលើផ្លូវកណ្ដាល និងបញ្ឈប់ការដើរលម្អៀងទៅខាងភាគីណាមួយតទៅទៀតហើយ។

ដោយឡែក អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា លើកឡើងថា ស្ថានការណ៍ថ្មីៗនេះ រវាង​កម្ពុជានិងអាមេរិកកាន់តែមានភាពល្អក់កករខ្លាំងឡើងៗ ធ្លាក់ចុះធ្ងន់ធ្ងរស្ទើរតែ​មិនអាចងាករកគ្នាវិញបាន។ លោកថា ទំនាក់ទំនងរវាងប្រទេសទាំង២នេះអាចប្រែប្រួលអាស្រ័យលើមេដឹកនាំនៃប្រទេសនីមួយៗ។

លោកថ្លែង​​ថា៖ «មន្ត្រីរដ្ឋាភិបាលឬកម្ពុជាទាំងមូល គួរតែព្យាយាមយ៉ាងណា សារនយោបាយឬសារឆ្លើយតបហ្នឹង គួរតែធ្វើឡើងតាមបែបការទូតឱ្យបានច្រើនមែនទែន ដោយសារកម្ពុជាជាប្រទេសទន់ខ្សោយ អាមេរិកជាប្រទេសមហាអំណាចខ្លាំង គេមានឥទ្ធិពលដាក់សម្ពាធមកលើកម្ពុជាច្រើន។ អ្វីដែលកម្ពុជាធ្វើបាន គឺឆ្លើយតបបែបការទូត មិនធ្វើឱ្យជះឥទ្ធិពលអាក្រក់ មិនមានលក្ខណៈកំហឹងទល់កំហឹង ដែលធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ថែម»។

លោកបន្ថែមថា អាមេរិកច្រើនតែភ្ជាប់ទណ្ឌកម្មរបស់ខ្លួននឹងបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ​ ដែលទិដ្ឋភាពនេះ កម្ពុជាគួរតែបើកលំហសេរីភាពនយោបាយ ស្ដារលទ្ធិប្រជាធិបតេយ្យ ពង្រឹងប្រព័ន្ធតុលាការ​ឱ្យ​មាន​​ភាព​អព្យាក្រឹត្យនិងឯករាជ្យផងដែរ ដើម្បីកុំឱ្យអាមេរិកមានលេសយកបញ្ហាទាំងនោះមកដាក់ទណ្ឌកម្មលើកម្ពុជាបន្តទៀត។

ពាក់ព័ន្ធនឹងបទបញ្ជារបស់​នាយករដ្ឋមន្ត្រីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ដំណើរការប្រមូលអាវុធអាមេរិកចូលឃ្លាំ​ងឬ​កម្ទេច​ចោល​នេះកំពុងតែប្រព្រឹត្ត ប៉ុន្តែលោកសុំមិនបកស្រាយលម្អិតនោះឡើយ។ យ៉ាងណា លោកថា កន្លងមក កម្ពុជាមិនដែលបានទិញអាវុធទេ មានតែបំផ្លាញចោល។

លោកថា៖ «គេធ្វើហើយ ប៉ុន្តែដូចជាស្អីៗ ​យើងមិនទាន់មានបូកសរុបផងហ្នឹង! វាមិនមែនឥលូវបាន [របាយការណ៍] ទេ! នៅទូទាំងប្រទេស តាំងពីភូមិឃុំអីទាំងអស់។ កាំភ្លើង ធម្មតា វាមិនមែននៅក្នុងឃ្លាំងទាំងអស់ឯណា វាចែកនៅតាមអង្គភាពអី»។

ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការលើកឡើងរបស់អ្នក​​​​ជំនាញ​អន្តរជាតិនេះជាការពិនិត្យបានតែមួយចំហៀង មិន​គ្រប់​ជ្រុង​ជ្រោយ មិន​ផ្ដល់​យុត្តិធម៌​ឱ្យកម្ពុជា ពោល​គឺ​លម្អៀង​ទៅ​លើភាព​ជាព​លរដ្ឋអាមេរិករបស់ខ្លួន។

លោកថា៖ «កម្ពុជានឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានឬវត្តមានកងទ័ពរបស់ប្រទេសណាមកលើកម្ពុជា ក្រៅតែពីការធ្វើសមយុទ្ធដែលជាសហប្រតិបត្តិការហ្វឹកហ្វឺនក្នុងកិច្ចការជួយសង្គ្រោះ ហ្វឹកហ្វឺនក្នុងកិច្ចការការពារភេរវកម្មតែប៉ុណ្ណោះទេ»។

លោកអះអាងថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាមិត្តភាពនៃកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងគោលពហុភាគីនិយម ដោយមិនយកប្រទេសណាជាសត្រូវឡើយ។

​ថ្មីៗ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ហាម​លក់​អាវុធនិង​សម្ភារយោធា​ឱ្យ​កម្ពុជា ដោយ​សម្អាង​ពី​បញ្ហា​សិទ្ធិមនុស្ស អំពើ​ពុករលួយ​ និង​កំណើន​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា។

តាមរយៈការបង្ហោះ​សារនៅលើ​បណ្ដាញសង្គមហ្វេស​ប៊ុករបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែធ្នូនោះ លោក​​បាន​​កត់​សម្គាល់​ថា អ្នក​ដែល​ធ្លាប់​ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជា ​ក្នុង​របបសាធារណខ្មែររបស់លោក លន់ នល់ ​អំឡុងទសវត្សរ៍៧០ និងថ្មីៗនេះ​នៅប្រទេសអាហ្វហ្គានីស្ថាន ជាដើម។ ​

លោក ហ៊ុន សែន លើកឡើងថា៖ «ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណសហរដ្ឋអាមេរិកដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្ញុំមិនយល់ព្រមទិញអាវុធពីអាមេរិក ពិតជាត្រឹមត្រូវសម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱ្យបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក»។

ទោះបីជាយ៉ាងនេះក្ដី អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Chad Roedemeier បានប្រាប់ ​វីអូឌី តាម​ប្រព័ន្ធ​សារអេឡិចត្រូនិច​​អ៊ីម៉ែល​​កាលពីថ្ងៃសុក្រថា អាមេរិក​នៅតែ​ប្ដេជ្ញាចិត្ត​និងគាំទ្រប្រជាជនកម្ពុជាដែលប្រាថ្នាចង់​ឱ្យប្រទេសមួយនេះ​មាន​ភាព​រីកចម្រើន​ខាង​ប្រជាធិបតេយ្យ និង​ឯករាជ្យភាពបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ