មនុស្ស​ម្នាក់​ស្លាប់​និង​ជាង​១០នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​សំណុំ​រឿង​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ជាង​១តោន ​

គ្រឿងញៀ ដែលរឹបអូសបាន កាលពីពេលកន្លងទៅ។ រូបភាព៖ ហ៊ី ឆាយ

យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់និងជាង១០នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធសំណុំរឿង «លួចផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ» នៅខេត្តកំពង់ស្ពឺ និងបាន​​ដកហូតគ្រឿងញៀនបានជាង១ ៤០០គីឡូក្រាម។

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូនេះ មន្ត្រីជំនាញ​នៅ​មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហា​ផ្ទៃ និង​អង្គភាព​ពាក់​ព័ន្ធ ក្រោម​ការសម្របសម្រួលពីស្ថាប័នអយ្យការ បានចុះបង្ក្រាបករណី​ជនជាតិចិន២នាក់ដែល​បើក​រថយន្ត​ដឹក​គ្រឿង​ញៀន​ចេ​ញពីរោងចក្រផលិតដំណាំស្វាយ​មួយ​កន្លែងឈ្មោះ «ហ្វាមអេស៊ាង ឯ.ក» ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីយកទៅដាក់កប៉ាល់ដឹកឆ្លងសមុទ្រលក់នៅក្រៅប្រទេស។

លោក​​បញ្ជាក់ថា នៅពេលជនសង្ស័យទាំង​២នាក់នោះបើករថយន្តដឹកគ្រឿងញៀនមកដល់ផ្លូវជាតិលេខ៤ ម្ដុំផ្លូវបំបែកស្រែអំបិល ត្រូវ​បាន​សមត្ថកិច្ចដាក់បារ៉ាស់ត្រៀមឃាត់រថយន្តនោះ​មិនឱ្យធ្វើដំណើរទៅមុខទៀត។ ប៉ុន្តែ​​នៅ​ពេល​នោះ លោកថា ក្រុមជនសង្ស័យមិនព្រម​ឈប់​នោះ​ទេ ហើយ​ថែមទាំងបើករថយន្តបុកបារ៉ាស់ និង​បាញ់​រះ​មក​លើសមត្ថកិច្ច ទើបសមត្ថកិច្ច​បាញ់តបទៅវិញ បណ្ដាលឱ្យជនជាតិចិនម្នាក់​ឈ្មោះ LEE TSUNG HAN ស្លាប់នៅកន្លែងកើតហេតុ និងឃាត់ខ្លួនម្នាក់ផងដែរ។

លោក ម៉ក់ ជីតូ ​ឱ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ​ម្នាក់រួចមក សមត្ថកិច្ចបានសួរនាំរហូតដល់ឃាត់ខ្លួនបានមនុស្សជាង១០នាក់ទៀតនៅកន្លែង​រោង​ចក្រ រួមទាំង​រឹ​ប​អូស​វត្ថុតាងមួយចំនួន ដូចជា ម្សៅស កេតាមីន (KE- TAMIN) ចំនួន៧៤ការ៉ុង ដោយក្នុង១ការ៉ុងមាន២០កញ្ចប់ធំ ស្មើប្រមាណ១ ៤៨០គីឡូក្រាមទាំងសំបក។ លើសពី​នេះ សមត្ថកិច្ចក៏បានរកឃើញ​​​អាវុធខ្លី​ម៉ាក ​K៥៤ ១ដើម រថយន្ត​២គ្រឿង និងសារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយ​ចំនួន​​ទៀត។

ករណីនេះ លោក ម៉ក់ ជីតូ អះអាងថា សមត្ថកិច្ចជំនាញកំពុង​ស្រាវជ្រាវរកមេខ្លោងពាក់ព័ន្ធមួយចំនួនទៀត ខណៈជនសង្ស័យជាង១០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មន្ត្រីជំនាញកំពុងសួរចម្លើយនិងបញ្ជូនទៅតុលាការដើម្បី​ចាត់វិធានការតាម​ច្បាប់។

លោកមានប្រសាសន៍ថា៖ «សមត្ថកិច្ចកំពុងធ្វើការ យើងទើបធ្វើបានតែមួយថ្ងៃហ្នឹង។ យើងមិនមែនចេះតែចោទគេបានណា! វាត្រូវមើលឱ្យច្បាស់ពីភស្តុតាង ពីសាក្សី! [មិនទាន់បាន]បញ្ជូនទៅណាទេ មិនទាន់គ្រប់ម៉ោងគេផង បានអីបញ្ជូន! ៤៨ម៉ោង ឬក៏៧២ម៉ោង បានយើងបញ្ជូន»។

​​ចំណែកអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ មានប្រសាសន៍ថា ​បទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះមានអ្នកជាប់ពាក់ព័ន្ធច្រើន។

លោកមានប្រសាសន៍​ថា៖ «ក្នុង​ចំណោមទាំង៣នាក់ មិនទាន់មានមេខ្លោងធំទេ គឺអ្នកធ្វើសកម្មភាពពាក់ព័ន្ធទៅនឹងការផលិតខ្លះ ការដឹកជញ្ជូន​ខ្លះ ក៏ប៉ុន្តែនៅមានមនុស្សច្រើនទៀត សមត្ថកិច្ចកំពុងធ្វើការតាមដាន ហើយប្រមូលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកធ្វើការចោទប្រកាន់ឈានដល់ការឃាត់ខ្លួន»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ជំរុញ​ដល់​អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវ​ស្រាវជ្រាវ​រក​ភស្តុតាង អ្នកពាក់ព័ន្ធ​ និងមេខ្លោង​ឱ្យខានតែបាន​ ចំពោះ​​សំណុំរឿងគ្រឿងញៀនដែលកើតឡើងទ្រង់ទ្រាយធំៗនាប៉ុន្មានខែចុងក្រោយនេះ។

លោកថា ប្រសិនបើរកឃើញ​មេខ្លោង ឬអ្នកផ្សេងទៀតជាប់ពាក់ព័ន្ធ ឬគប់គិត​គ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយ ឬជួយលាក់បាំងតម្រុយនិងជនល្មើស ក្រសួង​សាម៉ី​ត្រូវសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ​ ស៊ើបអង្កេតលើបញ្ហានេះ ទើបអាចទប់ស្កាត់បទល្មើសទាំងនោះមានប្រសិទ្ធភាព។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរដែលមានសមត្ថកិច្ច គាត់ត្រូវធ្វើការស្រាវជ្រាវលម្អិត ស្រាវជ្រាវជាប្រព័ន្ធ ដើម្បីរកថា ការផលិតគ្រឿងញៀននិងការចែកចាយគ្រឿងញៀននៅកម្ពុជា អាចមានពាក់ព័ន្ធជាបណ្ដាញ ជាសំណាញ់ទៅកន្លែងណាផ្សេងឬអត់។ អ៊ីចឹងគាត់ត្រូវធ្វើការស៊ើបអង្កេតបឋម ប្រសិនជាធ្វើការស៊ើបអង្កេតមានការពាក់ព័ន្ធទៅលើរឿងពុករលួយ អាហ្នឹងគាត់គ្រាន់តែធ្វើកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធ្វើការស៊ើបអង្កេតបន្ត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធនៅក្នុងហ្នឹង»។

​អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ បញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការចាប់យកសារធាតុញៀនមានការកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពី១១ខែ ឆ្នាំ២០២០។ ​លោកថា ចំនួនករណី​​ប្រព្រឹត្តបទល្មើសមានតិចជាងឆ្នាំមុន ប៉ុន្តែករណីធំៗកើតឡើង​​ច្រើនជាងឆ្នាំមុន​ទៅវិញ។ យ៉ាងណា លោកមិនបានចាំតួលេខលម្អិតទាំងនោះឡើយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ