រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់សមត្ថកិច្ចពីយន្តការច្បាប់ ឬរបៀបតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀន ដោយបារម្ភពីហានិភ័យសង្គម ខណៈមានការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំជាថ្មីទៀតនៅខេត្តព្រះសីហនុ តែឧក្រិដ្ឋជននៅមិនទាន់ត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសនៅឡើយ។
កាលពីថ្ងៃទី១១ ខែធ្នូនេះ សមត្ថកិច្ចបានរកឃើញកន្លែងលាក់ទុកគ្រឿងញៀនមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ដោយរឹបអូសបានគ្រឿងញៀនទម្ងន់ ៨៥០គីឡូក្រាម តែសមត្ថកិច្ចមិនទាន់បង្ហាញមុខអ្នកទទួលខុសត្រូវជាម្ចាស់គ្រឿងញៀននេះនៅឡើយទេ។
បញ្ហានេះ លោក ស ខេង ថ្លែងក្នុងពិធីមួយនៅខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះថា ដើម្បីការពារសុខភាពសាធារណៈ និងសន្តិសុខសង្គម សមត្ថកិច្ចជំនាញត្រូវស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនអ្នកទទួលខុសត្រូវមកផ្តន្ទាទោស បើទោះលោកបានថ្លែងលើកទឹកចិត្តថា ការចាប់បានគ្រឿងញៀនទម្ងន់៨៥០គីឡូក្រាមនេះ ជាការខំប្រឹងប្រែងគួរឱ្យកោតសរសើរក្តី។
បញ្ហានេះ លោកថា គ្មានអ្វីត្រូវលំបាកនោះទេ ក្នុងការតាមចាប់ខ្លួនអ្នកទទួលខុសត្រូវ ឬឧក្រិដ្ឋជនគ្រឿងញៀន ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។
លោកពន្យល់ថា៖ «បើវានៅស្រុកខ្មែរ បើយើងស្រាវ[ជ្រាវរកឃើញ]វាឱ្យអស់ យើងក៏មានលទ្ធភាព អត់អីលំបាកទេ! យើងទាក់ទងបាន ឱ្យតែយើងមានភស្តុតាង មានឯកសារច្បាស់លាស់ យកទៅដាក់នៅតុលាការយើងនេះ ដើម្បីតុលាការយើងចេញដីកាស្វែងរកចាប់ខ្លួនជនសង្ស័យនោះ ជនជាតិអីក៏ដោយ»។
លោកគូសបញ្ជាក់បន្ថែមដូច្នេះទៀតថា៖ «បានដីកានេះមក យើងទៅធ្វើឯកសារមួយទៀតបញ្ជូនទៅប៉ូលិសអន្តរជាតិ ដែលគេហៅថា Interpol ព្រោះយើងក៏ជាសមាជិកនគរបាលអន្តរជាតិហ្នឹងដែរ។ អ៊ីចឹងទោះបីអ្នកឯងនៅទីណា ក៏ត្រូវតែរកឃើញដែរ គ្រាន់តែយូរនិងឆាប់ យើងធ្វើរឿងនេះឱ្យខ្លាំង»។
បន្ថែមពីនេះ លោករំឭកដែរថា ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៦នេះ សារធាតុញៀនដែលប្រមូលបានរាប់រយតោន ដែលជាក្តីបារម្ភដល់ហានិភ័យសង្គម បើមិនអាចទប់ស្កាត់បាន។
អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ការចាប់បានគ្រឿងញៀនក្នុងទ្រង់ទ្រាយធំ ជាសញ្ញាវិជ្ជមាន ព្រោះធ្វើឱ្យឧក្រិដ្ឋជនមានការភ័យខ្លាច និងកាត់បន្ថយទីផ្សារចែកចាយ។ ប៉ុន្តែលោកថា សមត្ថកិច្ចជំនាញគួរដឹង និងធ្វើរឿងនេះ មិនចាំបាច់មានការចង្អុលប្រាប់ពីថ្នាក់ដឹកនាំកំពូលទេ។
លោកយល់ថា កម្ពុជានឹងបរាជ័យក្នុងការទប់ស្កាត់បទឧក្រិដ្ឋគ្រឿងញៀន រួមទាំងបទឧក្រិដ្ឋផ្សេងទៀតដែលបានកើតឡើងលើទឹកដីកម្ពុជា បើមន្ត្រីជំនាញគ្មានលទ្ធភាពវែកមុខមន្ត្រីខិលខូចដែលពាក់ព័ន្ធនៅពីក្រោយបទល្មើស រួមទាំងមេខ្លោង យកទៅផ្តន្ទាទោស។
លោកថា៖ «ប្រជាពលរដ្ឋ លោកនឹងវាយតម្លៃតាមហ្នឹងថា បើមានគ្រឿងញៀនបន្តទៀត វាអត់ប្រសិទ្ធភាព! តែបើមានគ្រឿងញៀនហ្នឹងកាត់បន្ថយ សង្គមសុខសាន្ត ពលរដ្ឋលោកនឹងយល់ថា សមត្ថកិច្ចបានធ្វើកិច្ចការហ្នឹងហើយ។ មែនទែន ចាំចាប់បានហើយ យកមកផ្សាយទៅ វាជារឿងល្អហើយ»។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ លោក មាស វិរិទ្ធ ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា ករណីរកឃើញគ្រឿងញៀនទម្ងន់ជិត៩០០គីឡូក្រាមនេះ មានបណ្តាញប្រទាក់ក្រឡាគ្នា ក្នុងនោះជនសង្ស័យ៦នាក់ (ជនជាតិចិនមកពីកោះតៃវ៉ាន់ ២នាក់ និងខ្មែរ ៤នាក់) ត្រូវបានឃាត់ខ្លួនដើម្បីសួរនាំ។
ប៉ុន្តែនៅពេលសួរថា តើករណីនេះ សមត្ថកិច្ចកម្ពុជានឹងស្វែងរកកិច្ចអន្តរាគមន៍ពីប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) ដើម្បីនាំខ្លួនអ្នកពាក់ព័ន្ធណាមួយនៅក្រៅប្រទេសមកផ្តន្ទាទោសទេ? លោកបញ្ជាក់ថា សមត្ថកិច្ចនឹងប្រើយន្តការក្នុងស្រុកដែលមានស្រាប់ឱ្យអស់លទ្ធភាព តែក្នុងករណីចាំបាច់ទើបប្រើយន្តការអន្តរជាតិ។
លោកថា៖ «ប្រសិនបើគាត់រត់គេចខ្លួន អាហ្នឹងយើងមាននីតិវិធីមួយទៀត យើងសហការបន្ថែមជាមួយប៉ូលិសអន្តរជាតិ Interpol»។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុកសាររបស់លោក ស ខេង អាចជាការប្រគល់ដាវអាជ្ញាសឹកឱ្យទៅមន្ត្រីជំនាញ ដើម្បីចាត់វិធានការលើអ្នកពាក់ព័ន្ធ ដោយមិនត្រូវមានការភ័យខ្លាច ទោះបទឧក្រិដ្ឋនេះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីមានឥទ្ធិពលក្តី។ តែលោកបារម្ភថា តើមន្ត្រីជំនាញហ៊ានប្រើដាវអាជ្ញាសឹកនេះ ដើម្បីផលប្រយោជន៍ជាតិឬក៏អត់។
លោកថា៖ «បញ្ហាគ្រឿងញៀននេះ ជាបញ្ហារសើប ហើយវាធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់យុវជននៅជំនាន់ក្រោយ ពីព្រោះកាលណាគាត់សេពគ្រឿងញៀនហើយ សមត្ថភាពគាត់ត្រូវបាត់បង់ ហើយគាត់ក្លាយទៅជាអ្នកដើមហេតុបង្កបញ្ហាឱ្យសង្គមរបស់យើង ពាក់ព័ន្ធនឹងការឆក់ ប្លន់ លួច អីទាំងអស់ហ្នឹង»។
បញ្ហាគ្រឿងញៀន រដ្ឋាភិបាល កាលពីឆ្នាំ២០១៧ បានប្រកាសធ្វើយុទ្ធនាការបង្ក្រាបនិងទប់ស្តាត់ ប៉ុន្តែក្រោយពីប្រយុទ្ធប្រឆាំងច្រើនឆ្នាំមិនទទួលបានជោគជ័យ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលបានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ជាថ្មីទៀត ឱ្យស្ថាប័នពាក់ព័ន្ធបង្កើនប្រសិទ្ធភាពទប់ស្កាត់បទឧក្រិដ្ឋនេះបន្តទៀត។
ផ្នែកមួយនៃយុទ្ធនាការនេះក៏បានជំរុញឱ្យពន្ធនាគារមានសភាពចង្អៀតណែនរហូតបច្ចុប្បន្ន ដែលរដ្ឋាភិបាលមិនទាន់មានលទ្ធភាពដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនៅឡើយ។
ដោយឡែក អង្គការសហប្រជាជាតិ ស្ដីពីឧក្រិដ្ឋកម្ម និងគ្រឿងញៀន (UNODC) អំឡុងខែមិថុនា ឆ្នាំ២០២១ បានបង្ហាញរបាយការណ៍ថ្មីមួយរកឃើញថា ប្រទេសកម្ពុជាជាគោលដៅចម្បងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ជាទីតាំងសម្រាប់ការចរាចរគ្រឿងញៀន ផលិត កែច្នៃ និងចែកចាយបន្ត ដែលថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ ភាគច្រើនជាជនជាតិចិន និងចិនតៃវ៉ាន់៕