អត្ថបទ​ទស្សនៈ៖ កិច្ចប្រជុំ​កំពូល​ប្រជាធិបតេយ្យ​របស់​លោក ចូ បៃឌិន និង​នយោបាយ​អនុត្តរភាព​សេរី

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

នៅក្នុងទិវាប្រជាធិបតេយ្យអន្តរជាតិ លោកប្រធានាធិបតី ចូ បៃឌិន​ បានមានប្រសាសន៍ថា៖ «គ្មានលទ្ធិប្រជាធិបតេយ្យណាល្អឥតខ្ចោះនោះទេ ហើយគ្មានលទ្ធិប្រជាធិបតេយ្យណាដែលចុងក្រោយនោះដែរ។ រាល់​អត្ថប្រយោជន៍ដែលទទួលបាន រាល់ឧបសគ្គដែលបានជម្នះ គឺជាលទ្ធផលនៃការងារដែលបានខិតខំ​ព្យាយាមមិនឈប់ឈរ។​ លទ្ធិប្រជាធិបតេយ្យមិនកើតឡើងដោយចៃដន្យនោះទេ។​ យើងត្រូវតែការពារ ប្រយុទ្ធ និងពង្រឹងប្រជាធិបតេយ្យឡើងវិញ។»

តាំងពីថ្ងៃដំបូង រដ្ឋបាល​របស់លោក បៃឌិន បានបញ្ជាក់​ពីការស្ដារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ទាំងនៅសហរដ្ឋអាមេរិក ​និងជុំវិញពិភពលោក​ ដើម្បីឆ្លើយតប​នឹង​ការប្រឈមទាំងឡាយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​ក្នុងពិភពលោក។​​

សកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយ​នៃការស្ដារប្រជាធិបតេយ្យឡើងវិញ គឺកិច្ចប្រជុំកំពូល​ប្រជាធិបតេយ្យ​​ដែល​​ចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយលោកប្រធានាធិបតី ចូ បៃឌិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពីរលើកដំបូងសម្រាប់លទ្ធិប្រជាធិបតេយ្យ។

កិច្ចប្រជុំកំពូលនេះប្រមូលផ្ដុំមេដឹកនាំមកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីបង្កើតរបៀបវារៈបញ្ជាក់សម្រាប់ការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងដើម្បីដោះស្រាយតាមរយៈសកម្មភាពរួមគ្នា ទៅលើការគំរាមកំហែងដ៏ធំបំផុតទាំងឡាយដែលប្រជាធិបតេយ្យ​កំពុង​តែប្រឈមមុខនាពេលសព្វថ្ងៃ។

ទស្សនាវដ្ដី Foreign Affairs នៅឆ្នាំ២០២០ បានដកស្រង់សម្ដីរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ថា៖ «ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងចាត់វិធានការជាបន្ទាន់ ដើម្បីធ្វើឱ្យមានឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក, ការពារអនាគតសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយជាថ្មីម្ដងទៀត មានអាមេរិកដឹកនាំពិភពលោក។»

លោកសង្កត់ធ្ងន់ថា៖ «ជ័យជម្នះនៃលទ្ធិប្រជាធិបតេយ្យ និងសេរីនិយម លើលទ្ធិហ្វាស៊ីសនិងអត្តាធិបតេយ្យ បានបង្កើតពិភពលោកសេរី។ ប៉ុន្តែការប្រកួតប្រជែងនេះមិនត្រឹមតែបានកំណត់ពីអតីតកាលរបស់យើងប៉ុណ្ណោះទេ វានឹងកំណត់ពីអនាគតរបស់យើងផងដែរ។»

អត្ថបទនេះបកស្រាយពីការរៀបចំជំនួបកំពូលប្រជាធិបតេយ្យរបស់លោក ចូ បៃឌិន ដែលជាការពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកសេរី (liberal world order) តាមរយៈការអនុវត្តអនុត្តរភាពសេរី (liberal hegemony)។

«អនុត្តរភាពសេរី» ជាគោលនយោបាយប្រកបដោយមហិច្ឆតារបស់សហរដ្ឋអាមេរិក ដើម្បីរក្សាសណ្ដាប់ធ្នាប់ពិភពលោក ក្នុងរូបភាពលើកកម្ពស់ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបង្កើតស្ថាប័នអន្តរជាតិដែលផ្អែកលើច្បាប់។

ជាការពិត អនុត្តរភាពសេរីដែលសហរដ្ឋអាមេរិកអនុវត្ត មានបេសសកកម្មចម្បងរបស់ខ្លួន គឺពង្រីកចំនួនប្រទេសប្រជាធិបតេយ្យសេរីក្នុងពិភពលោក។ លើសពីនេះ សម្របសម្រួលឱ្យមានសណ្ដាប់ធ្នាប់សេដ្ឋកិច្ចបើកចំហ និងកសាងស្ថាប័នអន្តរជាតិ ដើម្បីរក្សាសណ្ដាប់ធ្នាប់ពិភពលោកសេរី ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី២។

មួយវិញទៀត អនុត្តរភាពសេរី ជាគោលនយោបាយការបរទេសអន្តរជាតិនិយមសេរី ដែលផ្ដល់តម្លៃខ្លាំងលើសិទ្ធិមនុស្ស សិទ្ធិមិនអាចដកហូតបាន ស្ថាប័នអន្តរជាតិសេរី និងការពង្រីកពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសផងនិងនៅក្រៅប្រទេសផង ដើម្បីរក្សាសណ្ដាប់ធ្នាប់សេរី។

សហរដ្ឋអាមេរិកយល់ឃើញថា លទ្ធិប្រជាធិបតេយ្យសេរីដែលជាស្នូលមួយនៃសណ្ដាប់ធ្នាប់សេរី គឺប្រព័ន្ធនយោបាយដ៏មានស្ថិរភាពបំផុតមួយ​ដែលអាចព្យាករបាន និងរឹងមាំបំផុតមួយនៃប្រព័ន្ធនយោបាយទាំងអស់។ បន្ថែមពីលើនេះទៅទៀត ប្រព័ន្ធនយោបាយនោះមានកំណត់ត្រារឹងមាំបំផុត ស្ដីពីសេរីភាពនយោបាយ ជម្រើសនយោបាយ សិទ្ធិមនុស្ស នីតិរដ្ឋ សេរីភាពស៊ីវិល និងការផ្ដល់សេវានយោបាយដ៏មានប្រសិទ្ធភាពនិងមានន័យ។

ជាទូទៅ ពួកគេយល់ឃើញថា ដើម្បីលើកតម្កើងគុណភាពជីវិតនិងគុណតម្លៃសេរីដែលនាំឆ្ពោះទៅរកសង្គមស៊ីវិល័យនិងវិបុលភាពមួយ គឺមានតែរបបប្រជាធិបតេយ្យសេរីដែលបានបើកលទ្ធភាពឱ្យពលរដ្ឋរីកធំធាត់និងរួមរស់ប្រកបដោយសុខដុមនីយកម្មជាមួយគ្នាបាន។

ការប្ដេជ្ញាចិត្តរបស់រដ្ឋបាល ចូ បៃឌិន ចំពោះកិច្ចប្រជុំកំពូលប្រជាធិបតេយ្យនេះ ជាសញ្ញាបង្ហាញពីការចង់បានការរួបរួមលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំង ក៏ដូចជាទំនួលខុសត្រូវតែមួយគត់របស់សហរដ្ឋអាមេរិក ក្នុងការប្រមូលផ្ដុំប្រទេសដែលមានគំនិតដូចគ្នា ដើម្បីរក្សានិងពង្រឹងសណ្ដាប់ធ្នាប់សេរី ទប់ទល់នឹងការកើនឡើងនៃអំណាចអាជ្ញានិយមរបស់ចិន និងរុស្ស៊ី។

បន្ថែមពីលើនេះទៅទៀត លោក ចូ បៃឌិន អះអាងថា៖ «ប្រជាធិបតេយ្យមិនមែនគ្រាន់តែជាគ្រឹះនៃសង្គមអាមេរិកប៉ុណ្ណោះទេ។ វាក៏ជាប្រភពនៃភាពរីកលូតលាស់នៃអំណាចរបស់យើង[អាមេរិក]ផងដែរ។ វាពង្រឹងនិងពង្រីកភាពជាអ្នកដឹកនាំរបស់យើង ដើម្បីឱ្យយើងមានសុវត្ថិភាពនៅលើពិភពលោក។»

លោកនិយាយទៀតថា៖ «ប្រជាធិបតេយ្យ គឺជាក្បាលម៉ាស៊ីននៃភាពប៉ិនប្រសប់របស់យើង ដែលជំរុញវិបុលភាពសេដ្ឋកិច្ចរបស់យើង។ ជាងនេះទៀត វាជាបេះដូងនៃអ្វីដែលថាយើងជាអ្នកណា និងរបៀបដែលយើងមើលឃើញពិភពលោក និងរបៀបដែលពិភពលោកមើលឃើញយើងវិញ។ ប្រជាធិបតេយ្យ បានអនុញ្ញាតឱ្យយើងកែខ្លួនឯងនិងបន្តខិតខំដើម្បីសម្រេចបានឧត្ដមគតិរបស់យើងតាមពេលវេលា។»

ក្នុងនាមជាប្រធានាធិបតី លោក បៃឌិន នឹងស្ដារការលើកកម្ពស់សិទ្ធិមនុស្សជាសកលដែលជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ នយោបាយវិទូ ចូសេហ្វ ណាយ (Joseph Nye) លើកឡើងថា មេដឹកនាំនយោបាយឆ្លាត យល់ជាយូរមកហើយថាគុណតម្លៃអាចបង្កើតអំណាច។

លោកពន្យល់ថា ប្រសិនបើខ្ញុំអាចទាក់ទាញអ្នក ហើយបញ្ចុះបញ្ចូលអ្នកឱ្យចង់បានអ្វីដែលខ្ញុំចង់បាន នោះខ្ញុំមិនចាំបាច់បង្ខំអ្នកឬទិញទឹកចិត្តអ្នកដើម្បីធ្វើអ្វីដែលខ្ញុំចង់បាននោះទេ។ ប្រសិនបើសហរដ្ឋអាមេរិក (ឬប្រទេសណាមួយ) តំណាងឱ្យគុណតម្លៃដែលអ្នកដទៃឃើញថាមានភាពទាក់ទាញ នោះវាអាចសន្សំសំចៃលើការប្រើប្រាស់កម្លាំង និងការទិញទឹកចិត្តដើម្បីសម្រេចបានលទ្ធផលដែលខ្លួនចង់បាន។ ក្នុងន័យនេះ អំណាចទន់របស់សហរដ្ឋអាមេរិកពឹងមួយផ្នែកលើវប្បធម៌និងគោលនយោបាយបរទេសរបស់ខ្លួន នៅពេលដែលពួកវាមានភាពទាក់ទាញដល់ប្រទេសដទៃ។ ប៉ុន្តែអំណាចទន់នេះក៏ពឹងផ្អែកលើគុណតម្លៃ និងរបៀបដែលលទ្ធិប្រជាធិបតេយ្យត្រូវបានអនុវត្តផងដែរ។

រៀបរៀងដោយបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា រាល់ខ្លឹមសារអត្ថបទទាំងស្រុងមិនឆ្លុះបញ្ចាំងពីគោលជំហរឬទស្សនៈរបស់ វីអូឌី ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ