ស្ត្រី​មាន​កូន​២នាក់​ស្នើ​សុំ​នៅ​ក្រៅឃុំ ខណៈ​បន្ត​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​២២ឆ្នាំ​ពី​បទ​ជួញដូរ​គ្រឿងញៀន

រថយន្តពន្ធនាគារដឹកជនជាប់ចោទ គង់ ចិន្ដា ក្រោយចេញពីសវនាការសាលាឧទ្ធរណ៍ធានីភ្នំពេញ ត្រលប់ទៅពន្ធនាគារ PJ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ (អ៊ូច សូនី)

កម្មការិនីកាត់ដេរម្នាក់ដែលមានកូនតូច២នាក់ បានប្រាប់សាលាឧទ្ធរណ៍​ថា ខ្លួនមិនបានដឹងថាប្ដីរបស់ខ្លួនជួញ​ដូរ​គ្រឿង​ញៀន​ទេ បន្ទាប់​ពីប្ដីប្រពន្ធមួយគូនេះត្រូវបានឃាត់ខ្លួនជាមួយនឹង​ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ជិត​៥០០ក្រាម នៅពេលកំពុងជិះម៉ូតូចេញពីធ្វើការត្រលប់ទៅផ្ទះ។

កាលពីខែ​កុម្ភៈ ​នៅឆ្នាំ​២០២១ សាលាដំបូងរាជធានីភ្នំពេញ បាន​កាត់​ទោស​ស្ត្រីម្នាក់ឈ្មោះ គង់ ចិន្ដា អាយុ៣០ឆ្នាំ ​ឱ្យ​ជាប់​ពន្ធនាគាររយៈពេល២២ឆ្នាំ​ ខណៈ​​ប្ដីរបស់​គាត់​​ឈ្មោះ សុខ ធឿន ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោសជាប់ពន្ធ​នា​គារ​រយៈ​ពេល​២៥​ឆ្នាំ ក្រោយពីពួកគេត្រូវបានសមត្ថកិច្ចចាប់​​​​ខ្លួនកាល​ពីខែ​ឧសភា ឆ្នាំ​មុន។ នៅថ្ងៃចន្ទម្សិលមិញ អ្នកស្រី​​ ចិន្ដា បាន​ចូលរួម​​សវនាការនៅ​សាលា​ឧទ្ធរណ៍​ ដើម្បី​ស្នើសុំ​នៅ​ក្រៅ​ឃុំបណ្ដោះអាសន្ន ខណៈ​បន្ត​​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការ​ផ្ដន្ទាទោសមកលើអ្នកស្រី​ផងដែរ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ស៊ិន វិសាល មានប្រសាសន៍ថា ប្ដីប្រពន្ធទាំងពីរនាក់​ត្រូវបានចាប់ខ្លួននៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ជាមួយនឹងថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន៤៩៧,៩៥ក្រាម។ ​លោកបានបន្ថែមថា សាលាដំបូងក៏បាន​ពិន័យអ្នកទាំង២ ក្នុងម្នាក់ៗ៤០លានរៀល ឬប្រហែល១០ ០០០ដុល្លារផងដែរ។

ស្ថិត​ក្រោមការសាកសួររបស់ចៅក្រម ចិន្ដា បានប្រាប់តុលាការថា ខ្លួន​ស្នើសុំនៅក្រៅឃុំដោយសារខ្លួនមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះទេ ហើយម្យ៉ាងទៀត ដោយសារតែកូនពីរនាក់របស់នាងអាយុជាង៣ឆ្នាំ និងជាង១ឆ្នាំ កំពុងរស់នៅ និងមើលថែដោយម្ដាយចាស់ជរាដែលមានជំងឺទៀតផង។

លោកចៅក្រម ស៊ិន វិសាល បានសួរថា៖ «នៅពេលគេចាប់ខ្លួន ប្អូន​នៅ​ជា​មួយ​គ្រួសារ​​ ម៉េចក៏ឆ្លើយថាមិនដឹង?​»

ចិន្ដា បាន​​ឆ្លើយ​​ត​បថា៖ «ខ្ញុំ​អត់​ដឹងទេ! គាត់​មក​ទទួល​ខ្ញុំ​ចេញពី​ធ្វើការ។ ខ្ញុំ​​សុំ​ឱ្យ​ដោះ​លែង​ [នៅ​ក្រៅ​ឃុំ] ព្រោះ​អត់​មាន​អ្នក​ណា​មើល​​កូន​ខ្ញុំ ហើយ​ម្ដាយ​ខ្ញុំ​ចាស់​ហើយ​ឈឺ»។

មេធាវី​ការពារ​ក្ដីរបស់​ ចិន្ដា ​​មានប្រសាសន៍​ថា ចិន្ដា គឺ​ជា​កម្មករ​កាត់ដេរ​នៅរោងចក្រមួយ​ក្បែរ​ផ្សារ​ព្រែកព្នៅ ។ ហើយ​​នៅថ្ងៃនោះ ប្ដីរបស់ ចិន្ដា បានមកទទួលដូចរាល់ដង ប៉ុន្តែបាន​បង្ហួស​​យកអីវ៉ាន់ទៅឱ្យ​គេ។

មេធាវីរូប​នេះបន្ត​ថា ប្ដីរបស់​ចិន្ដា​បាន​ឆ្លើយ​នៅ​តុលាការ​ជាន់​ទាប អំឡុងពេល​​ជម្រះ​ថា ប្រពន្ធ​របស់ខ្លួន​មិន​បាន​ដឹង​ថាខ្លួនដឹក​គ្រឿង​ញៀន​នោះ​ទេ។

មេធាវីការពារក្ដីឱ្យចិន្ដា មានប្រសាសន៍ថា៖ «កូនក្ដីរបស់ខ្ញុំមានកូនពីរនាក់ដែលត្រូវ​​ចិញ្ចឹម។​ ពេលនេះជាប់ទាំងពីរនាក់ ហើយកូនគាត់គឺជាអនីតិជនដែលត្រូវការមើលថែពីឪពុកម្ដាយ។ ដូច្នេះ ​វា​មានភាពចាំបាច់​ណាស់​ដែល​តុលាការ​សម្រេច​ឱ្យ​​គាត់​នៅ​ក្រៅ​ឃុំ»។

ទោះ​បីជា​យ៉ាង​ណា ក្រុមប្រឹក្សា​ជំនុំជម្រះបាន​សម្រេចបដិសេធ​សំណើ​សុំនៅក្រៅឃុំនេះ ដោយ​អះអាង​ថា ចិន្ដា ជាប់ចោទបទឧក្រិដ្ឋធ្ងន់ធ្ងរ។ ក្រុមប្រឹក្សាជំនុំជម្រះបានបន្ថែមថា ការបន្តឃុំខ្លួន គឺដើម្បីកុំ​ឱ្យ​មានបទល្មើស​ជាថ្មី ហើយជនជាប់ចោទរូបនេះនឹងបង្ហាញខ្លួន​ម្ដងទៀតនៅសា​លាឧទ្ធរណ៍​សម្រាប់សវនាការលើបណ្ដឹងឧទ្ធរណ៍របស់ខ្លួននៅថ្ងៃទី១៧ ខែធ្នូ​៕

បកប្រែនិងសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយលោក អ៊ូច សូនី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ