មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា កម្ពុជាមិនទាន់ជំពាក់បំណុលបរទេសដល់កម្រិតវ័ណ្ឌកដូចបណ្ដាប្រទេសមួយចំនួនទេ ហើយក៏មិនមានបញ្ហារឿងលទ្ធភាពសងបំណុលគេនោះដែរ ខណៈបច្ចុប្បន្នកម្ពុជាជំពាក់បំណុលបរទេសជិត១ម៉ឺនលានដុល្លារ។
ការអះអាងនេះធ្វើឡើងនាសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។
បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សន្និសីទនេះប្រព្រឹត្តឡើងក្នុងគោលបំណងពន្យល់ ផ្សព្វផ្សាយដល់សាធារណជនអំពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងទិសដៅរក្សាលំនឹងសេដ្ឋកិច្ចជាតិនិងជីវភាពរបស់ប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា ដែលជាវាគ្មិនក្នុងសន្និសីទនេះ ថ្លែងថា កម្ពុជាជំពាក់បំណុលបរទេសសរុបជិត១០ប៊ីលានដុល្លារ ឬស្មើជិត១ម៉ឺនលានដុល្លារអាមេរិក។ លោកថា បំណុលនេះមិនចោទជាបញ្ហាទេសម្រាប់កម្ពុជា ពោលគឺកម្ពុជានៅតែមានលទ្ធភាពសងបំណុលគេវិញ។
លោកថា៖ «ជាការធៀបបំណុលកម្ពុជាជាមួយប្រទេសផ្សេងទៀត យើងនៅកម្រិតទាបណាស់ យើងនៅកម្រិតទាបទេ។ យើងអត់ទាន់ដល់កម្រិតមួយដែលគេហៅវ័ណ្ឌកដូចបណ្ដាប្រទេសមួយចំនួនទេ អាហ្នឹងសុំបញ្ជាក់គ្នាអ៊ីចឹង! អ៊ឹចឹងយើងអត់មានបញ្ហាអីពាក់ព័ន្ធជាមួយនឹងលទ្ធភាពសងឬក៏ស្អីៗ អត់មានទេ! គឺអត់មាន! [បញ្ហារឿងសងបំណុលបរទេសវិញ?] ទេ! គឺបំណុលយើងនៅទាប»។
តបនឹងសំណួររបស់វីអូឌី នាកន្លែងសន្និសីទនោះ ដែលសួរថា «តើកម្ពុជានឹងសងបំណុលដែលជំពាក់បរទេសជាង៩ប៊ីលានដុល្លារដោយរបៀបណា?» លោក ផាន់ ផល្លា ថ្លែងថា កម្ពុជានឹងប្រើប្រាស់ថវិការដ្ឋ ដោយមិនប្រមូលថវិកាពីវិស័យណាមួយនោះទេ។
លោកបន្តថា៖ «យើងនៅបន្តខ្ចី [ទុនពីបរទេស] ដែលនៅក្នុងឆ្នាំ២០២២នេះ គឺរាជរដ្ឋាភិបាលបានស្នើសុំទៅសភាជាតិយើង ក្នុងការខ្ចី១ ៦០០លាន SDR សម្រាប់មកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា។ អ៊ីចឹងយើងនៅបន្តខ្ចីទៀត ប៉ុន្តែទន្ទឹមនឹងហ្នឹង យើងក៏ពង្រឹងការប្រមូលចំណូលក្នុងស្រុក ដើម្បីយើងយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើងដែរ មិនមែនថាខ្ចីគេហើយ អត់ប្រឹងទេ គឺយើងប្រឹងបន្តការប្រមូលចំណូលក្នុងស្រុករបស់យើង ហើយនេះជាចំណុចសំខាន់សម្រាប់យើងនាពេលអនាគតនៅក្នុងការប្រមូលចំណូលនេះ»។
លោកគូសបញ្ជាក់ថា តាមការព្យាករ សេដ្ឋកិច្ចកម្ពុជាអាចនឹងកើនដល់ ៧% វិញ នៅឆ្នាំ២០២៤ បើសិនជាស្ថានភាពសេដ្ឋកិច្ចបន្តល្អប្រសើរ។
នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល មានប្រសាសន៍ថា កម្រិតបំណុលរបស់កម្ពុជាដែលជំពាក់បរទេសជិត១០ប៊ីលានដុល្លារ គឺមិនមែនជាបញ្ហាទេ ក៏ប៉ុន្តែរឿងដែលគួរយកចិត្តទុកដាក់ ថាតើកម្ពុជាបានប្រើប្រាស់កម្ចីនោះចំទិសដៅអាទិភាពឬទេ?
លោកថា៖ «បញ្ហាបំណុលនេះ វាមិនមែនថាគ្រាន់តែបរិមាណខ្ចីមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ តែយើងនៅមានចំណុចដែលគួរឱ្យចាប់អារម្មណ៍ គឺរឿងការប្រើប្រាស់ចំទិសដៅ ហើយនិងគុណភាពនៃការវិនិយោគប្រើប្រាស់កម្ចីបរទេសទាំងនោះ»។
លោកបន្តថា កម្ពុជាត្រូវប្រាកដថា ការចំណាយលើការវិនិយោគទាំងនោះប្រកបដោយគុណភាព មិនមានការខ្ជះខ្ជាយ និងមិនមានការខាត់បង់។ យ៉ាងណា លោកសង្កេតឃើញថា គុណភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវជាតិ ផ្លូវជនបទ ជាដើម មិនទាន់មានគុណភាពគ្រប់គ្រាន់នៅឡើយទេ។ ក្រៅពីនោះ វិស័យអប់រំ កសិកម្ម និងវិស័យការងារ ដែលប្រើប្រាស់ប្រាក់កម្ចីទាំងនោះ ក៏នៅមិនទាន់បានលទ្ធផលឬគុណភាពសមរម្យនៅឡើយដែរ។
លោកថា៖ «ចំពោះការតាមដានរបស់ខ្ញុំកន្លងមក បញ្ហាគុណភាពនេះនៅមិនទាន់បានតាមចិត្តដែលយើងចង់បាននៅឡើយទេ ដូចជាផ្លូវថ្នល់ យើងឃើញថាឆាប់ខូចទៅវិញ ប៉ុន្តែថ្មីៗនេះក៏មានការពង្រឹងថែមទៀតដែរ ហើយជាទូទៅ ការចំណាយនៅមានឆកល្វែងដែរ»។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងខ្ចីលុយពីបរទេសនិងដៃគូអភិវឌ្ឍន៍ចំនួន១ ៦០០លាន SDR ដែលស្មើនឹងជាង២ ២០០លានដុល្លារអាមេរិក ដើម្បីបំពេញកង្វះខាតក្នុងគម្រោងថវិកាជាតិឆ្នាំ២០២២ ដែលមានជាង ៨ពាន់លានដុល្លារអាមេរិក។
ឯកសារសង្ខេបជាស្ថិតិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែកចាយកាលពីខែមករា ឆ្នាំ២០២១ បង្ហាញថា «បំណុលសាធារណៈក្រៅប្រទេស» ឬ «បំណុលដែលកម្ពុជាជំពាក់បរទេស» បានកើនឡើងជិត១០ ០០០លានដុល្លារអាមេរិក (៨ ៨៥៩លានដុល្លារ) គិតត្រឹមដំណាច់ឆ្នាំ២០២០។
ក្នុងចំណោមបណ្ដាប្រទេសដែលកម្ពុជាជំពាក់ គឺចិនជាម្ចាស់បំណុលធំជាងគេ ដែលមានអត្រារហូតដល់ ៤៥% ស្មើនឹងជិត៤ ០០០លានដុល្លារអាមេរិក៕