ADB ផ្ដល់​ប្រាក់កម្ចី​និង​ជំនួយ​ឥតសំណង​ជាង ៣៦០លានដុល្លារ ដល់​កម្ពុជា​សម្រាប់​វិស័យ​ចំនួន៦

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រាក់កម្ចី និង​ជំនួយឥតសំណង​សម្រាប់​គម្រោង​ចំនួន​៦ ដែលមាន​តម្លៃ​សរុប៣៦១,៤​លាន​ដុល្លារ​ នៅ​រាជធានី​ភ្នំពេញ​​ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា និង​នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា គឺ លោកស្រី Jyotsana Varma។ (ហ្វេសប៊ុក៖ ADB Cambodia)​

ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) ផ្ដល់​ប្រាក់កម្ចី និង​ជំនួយឥតសំណង ​មាន​តម្លៃ​សរុប ៣៦១,៤លាន​ដុល្លារ​ ​ដល់កម្ពុជា ដើម្បីជំរុញទៅលើការអប់រំផ្នែកវិទ្យាសាស្ត្រ ពង្រីកសេវាថែទាំ​សុខភាព​នៅតាម​តំបន់ព្រំដែន គាំទ្រដល់​ការ​ចិញ្ចឹម​សត្វ​ដោយ​ឆ្លាត​វៃ និង​វិស័យ​មួយចំនួន​​​ទៀត។

យោងតាម​ទំព័រហ្វេស​ប៊ុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ការផ្តល់ប្រាក់កម្ចី និងជំនួយឥណទាន​ នូវទឹកប្រាក់ចំនួន៣៦១,៤​ លាន​ដុល្លារនេះ បានធ្វើឡើងតាមរយៈ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រាក់កម្ចី និង​​ជំនួយឥតសំណង ​សម្រាប់​គម្រោង​ចំនួន​៦ រវាងធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា ​​នៅ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបន្តថា រាប់ទាំងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីនេះ បានធ្វើឱ្យប្រាក់កម្ចី និងជំនួយសរុបរបស់ ADB សម្រាប់កម្ពុជាក្នុងឆ្នាំនេះ បានកើនដល់​ ៥៧៦,៣​លាន​ដុល្លារ ដែល​ក្នុងនោះ ​១៦៣,៧​លាន​ដុល្លារ ​ជា​សហ​ហិរញ្ញប្បទាន​​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត​។

ADB ថាគម្រោងថវិកាទាំងនេះនឹងជំរុញទៅលើការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត​វិទ្យា (STEM), ពង្រីកសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែន, ពន្លឿនការផ្លាស់ប្តូរថាមពលស្អាតរបស់ប្រទេស, ពង្រឹងពាណិជ្ជកម្ម និងការប្រកួតប្រជែង, គាំទ្រដល់ការចិញ្ចឹមសត្វដោយឆ្លាតវៃ (climate-smart livestock) និងផលិតកម្មជលផលសមុទ្រ នៅកម្ពុជា។

បើតាម​​ព្រឹត្តិ​បត្រ​ស្ថិ​តិ​​បំណុល​​សាធារណៈ​​កម្ពុជា​​របស់​​ក្រសួង​សេដ្ឋកិច្ច គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ កម្ពុជាមាន​​បំណុល​សាធារណៈសរុប ៩,៤៧ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះ ជំពាក់ ADB ចំនួន ២០%, ចិន ៤១%, ជប៉ុន ១០%, កូរ៉េ ៥%, បារាំង ៥%, បំណុលមរតក មានចំនួន ៧%, ធនាគារពិភពលោក ៩% និងពហុភាគីផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ