អាជ្ញាធរ​បញ្ជូន​មនុស្ស​ជាង​១០នាក់​ទៅ​តុលាការ រឿង​លួច​ផលិត​និង​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​កំពង់ស្ពឺ

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យជាជនជាតិចិន (តៃវ៉ាន់) និងជនជាតិខ្មែរជាង១០នាក់ ទៅសា​លាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ ដើម្បីចាត់វិធានការច្បាប់ ពាក់ព័ន្ធសំណុំរឿង «លួចផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ» នៅខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី១២ ខែធ្នូ រំលងអធ្រាត្រ សមត្ថកិច្ច​ចម្រុះបាន​ចាប់​ខ្លួន​​ជនសង្ស័យ​២នាក់ដែល​បាន​បើករថយន្តដឹកគ្រឿងញៀនចេ​ញពីរោង​ចក្រផលិតដំណាប់ស្វាយ​មួយ​កន្លែងឈ្មោះ «ហ្វាមអេស៊ាង ឯ.ក» ស្ថិតនៅ​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីយកទៅដាក់កប៉ាល់ដឹកឆ្លងសមុទ្រលក់នៅក្រៅប្រទេស។ ក្នុងប្រតិបត្តិការបង្ក្រាបដែលធ្វើឡើង​​នៅចំណុច​ផ្លូវជាតិលេខ៤ ម្ដុំផ្លូវបំបែកស្រែអំបិលនោះ ក្រុមជនសង្ស័យបាន​​បាញ់​តដៃ​​​មក​លើសមត្ថកិច្ច ទើបសមត្ថកិច្ច​បាញ់តបទៅវិញ បណ្ដាលឱ្យជនជាតិចិនម្នាក់ក្នុង​ចំណោម​២​នាក់ ដែល​មាន​​​​ឈ្មោះ LEE TSUNG HAN ស្លាប់នៅកន្លែងកើតហេតុ។ នេះ​បើតាមការ​បញ្ជាក់របស់​​អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ។

ក្រោយមក អាជ្ញាធរគ្រឿងញៀនបាន​ធ្វើការស្រាវជ្រាវប​ន្តរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឈានដល់ការឃាត់ខ្លួនមេខ្លោងនិងគូកនសរុបជាង១០នាក់ និងរឹបអូសគ្រឿងញៀនបានសរុប២ ២០១គីឡូក្រាម បញ្ជូនទៅតុលាការចាត់វិធានការច្បាប់បន្តផងដែរ។

ជុំវិញករណីបង្ក្រាប​ការដឹកជញ្ជូននិងជួញដូរគ្រឿងញៀននេះ លោក មាស វីរិទ្ធ បញ្ជាក់នៅថ្ងៃពុធនេះថា ក្រោយការ​សាកសួរ​ជនសង្ស័យទាំង១០នាក់នោះរួច សមត្ថកិច្ចជំនាញបាន​បញ្ជូន​ខ្លួន​ជនសង្ស័យ និងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការ​បន្តតាម​នីតិវិធីច្បាប់។

លោកមានប្រសាសន៍ថា៖ «ទៅដល់តុលាការ គេចាត់ចៅក្រមស៊ើប គឺចៅក្រមស៊ើបគាត់បន្តនីតិវិធី គាត់ចាត់នគរបាលយុត្តិធម៌ឱ្យស៊ើបជំនួសទៀតទៅ យើងចាប់មេខ្លោងមុន វាអាចមានមេខ្លោងបន្តបន្ទាប់ ពីព្រោះវាជាឧក្រិដ្ឋជន មានអង្គការចាត់តាំងច្បាស់​លាស់»។

លោក មាស វីរិទ្ធ មានប្រសាសន៍បន្ថែមថា បើសិនជាមេខ្លោងនិងគូកនពិតជាបាន «លួចផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ» ប្រាកដមែន ពួកគេអាចប្រឈមជាប់ពន្ធនាគារអស់មួយជីវិត។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃពុធនេះ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវ​ទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យ​​ដូចភ្លៀងរលឹម និងដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរលើជនល្មើស ដោយមិនប្រកាន់អ្នក​មានឬអ្នកក្រ ទើបអាច​​​ទប់ស្កាត់​បទល្មើសនេះ​បាន​ប្រសិទ្ធភាព​ខ្ពស់។

លោកជំរុញដូច្នេះថា៖ «ត្រូវបង្ក្រាបកន្លែងជួញដូរធំៗឱ្យបានច្រើនបំផុត ហើយធ្វើយ៉ាងម៉េចឱ្យបញ្ហាគ្រឿងញៀនមានការថមថយនៅកម្ពុជា ហើយក្នុងនោះ ក៏ត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរចំពោះជនល្មើសក្នុងការជួញដូរគ្រឿងញៀន ក្នុងការបង្កផលប៉ះពាល់ខ្លាំងដល់សង្គម ហើយធ្វើឱ្យប៉ះពាល់ខ្លាំងជាងគេគឺយុវជន»។

បើតាមរបាយការណ៍យុទ្ធនាការប្រឆាំងគ្រឿងញៀន កាលពីខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញ​ទាំង​​នគរបាលនិងអាវុធហត្ថបាន​បង្ក្រាបបទល្មើសគ្រឿងញៀនបាន៤ ៤៦១ករណី ឃាត់មនុស្ស៩ ៨២៨នាក់។

រ​បាយការណ៍ដដែលបន្តថា ប្រតិបត្តិការបង្ក្រាបរយៈពេល៩ខែនេះ សមត្ថកិច្ចចាប់បានសារធាតុញៀនគ្រប់ប្រភេទជាង១ ០៤៩គីឡូក្រាម, កញ្ឆាជាង៥ម៉ឺនដើម និងកញ្ឆាស្ងួត ជាង៩៩គីឡូក្រាម។ ចំណែកសម្ភារចាប់បាន រួមមាន រថយន្ដ៧២គ្រឿង, ម៉ូតូ១៤៤គ្រឿង, ទូរសព្ទ៣ ៦៨១គ្រឿង, ជញ្ជីង១៨៨គ្រឿង និង​អាវុធខ្លី៣០ដើម អាវុធវែង១៩ដើម (កែច្នៃ១៨ដើម) រួមទាំងលុយជាច្រើនពាន់ដុល្លារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ