អាមេរិក​នឹង​ពិនិត្យ​មើល​ពី​វិធានការ​ដាក់​សម្ពាធ​លើ​មីយ៉ាន់ម៉ា​បន្ថែម​ទៀត

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) ជួបពិភាក្សាជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ លោក Saifuddin Abdullah ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Secretary Antony Blinken)

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានឱ្យដឹងនៅថ្ងៃពុធនេះថា អាមេរិកកំពុងតែពិនិត្យមើលពីអ្វីដែល​ជា​ចំណាត់ការបន្ថែមទៀត ដើម្បីចាត់វិធានការប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ដោយលោកបញ្ជាក់ថា​ មេដឹកនាំតំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​អញ្ជើញ​​ឱ្យ​ជួប​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​ជាមួយលោកប្រធានាធិបតី​ ចូ បៃឌិន។

ការថ្លែងរបស់រដ្ឋមន្ត្រីការ​បរទេសរូបនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ខណៈ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ លោក Saifuddin Abdullah បានឱ្យដឹងថា ការអញ្ជើញសម្រាប់​កិច្ចប្រជុំកំពូលនេះ នឹងត្រូវលើកយកមកពិភាក្សានៅពេលដែលសមភាគីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ ជួបប្រជុំគ្នានៅថ្ងៃទី​១៩ ខែមករា ខាងមុខ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់​សម្ដីលោក អេនតូនី ប្លីនខេន ដែលបានថ្លែងថា៖ «យើងពិតជាមានបំណងក្នុងការមានកិច្ចប្រជុំកំពូលពិសេសមួយជាមួយអាស៊ាននៅឆ្នាំក្រោយនេះ»។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្ដើម​យក​អំណាច​មកគ្រប់គ្រងកាលពីថ្ងៃ​ទី​១ ខែកុម្ភៈ និង​បាន​ផ្ដួល​រំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យ​មានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលជាង១ ០០០នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ។

ទាក់ទិននឹងករណីនេះ លោក អេនតូនី ប្លីនខេន ថ្លែង​បន្ថែមថា៖ «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់នាពេលខាងមុខ ដើម្បីពិនិត្យមើលថាតើជំហាននិងវិធានការអ្វីខ្លះដែលយើងអាចចាត់វិធានការ ដើម្បីដាក់សម្ពាធដល់របបនេះបន្ថែមទៀត ហើយដើម្បីឱ្យប្រទេសមួយនេះត្រលប់មកដើរលើគន្លងប្រជាធិបតេយ្យវិញ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត កាលពីពេលកន្លងទៅ ក៏បានដាក់​ទណ្ឌកម្ម​លើថ្នាក់ដឹកនាំ យោធា និងធុរកិច្ចនានារបស់មីយ៉ាន់ម៉ា ខណៈដែលអាស៊ានក៏ធ្លាប់បាន​សម្រេចដកវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ