សង្គមស៊ីវិល​ចង់​ឃើញ ACU ស៊ើបអង្កេត​និង​ចាត់វិធានការ​ឱ្យ​មាន​តម្លាភាព​ចំពោះ​អ្នក​រំលោភ​ដីព្រៃលិចទឹក

ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីបង្ការនិងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ (ហ្វេសប៊ុក៖ GRK News)

មន្ត្រីសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារផ្នែកបរិស្ថាននិងព្រៃឈើ ចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស៊ើបអង្កេតនិងចាត់វិធានការច្បាប់​ឱ្យមានតម្លាភាពចំពោះអ្នករំលោភយកដីព្រៃលិចទឹក ដើម្បី​ឱ្យប្រជាពលរដ្ឋ​មានជំនឿលើបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្នុងការការពារព្រៃលិចទឹកនេះ។

កាលពីថ្ងៃទី៣ ខែធ្នូនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ​ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់​វិធាន​ការ​ច្បាប់ ​ចំពោះ​អតី​ត​អភិបាល​ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និង​ដក​ហូតដី​ជាង​២ ០០០ហិកតា ​ទុក​ជា​សម្បត្តិរដ្ឋវិញ រួមទាំងប្រគល់ភារកិច្ចឱ្យរដ្ឋបាលខេត្តកំពង់ធំ ជំរុញ​នីតិវិធីតុលាការ​ ករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបនេះផងដែរ។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍​ថា លោក​ចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេត និងចាត់វិធានការច្បាប់ឱ្យខានតែបាន ចំពោះអ្នកដែលរំលោភយកដីព្រៃលិចទឹកនៅក្នុងតំបន់បឹងទន្លេសាប ជាពិសេស​មន្ត្រីអាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​មាន​ឋានៈ​ធំៗ ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដរបស់ ACU ក្នុងការ​អនុវត្តបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។

មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បានអនុវត្តនូវបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលធំៗ​ចំនួន២ដងហើយ ដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប៉ុន្តែមន្ត្រីមានសក្តិធំនិងមានលុយមានអំណាចមួយចំនួនដែលពាក់ព័ន្ធ មិន​ត្រូវបាន​កាត់​ទោសតាមផ្លូវតុលាការឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿលើការអនុវត្តច្បាប់និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។

លោក ប៉ែន ប៊ុណ្ណារ៍ ដាក់ការសង្ស័យ​ថា បទល្មើសដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបរហូតប្រកាសអាសន្ននេះ​ ប្រព្រឹត្ត​ទៅបាន គឺអាច​ជាប់ពាក់ព័ន្ធអាជ្ញាធរមានឋានៈធំឬមានលុយមានអំណាច។ លោកថា ជន​ល្មើសទាំងនោះមិនពិបាកស្វែងរកនោះទេ ខណៈមន្ត្រីមួយចំនួនបានចេញមកសារភាពរួចទៅហើយ។

លោកបន្ថែមថា៖ «ពីព្រោះបញ្ហាទាំងអស់នេះ វាប្រព្រឹត្តទៅបាន វាជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ​ហើយ។ វាពាក់ព័ន្ធអំពើពុករលួយជាមួយមន្ត្រីនគរបាលយុត្តិធម៌​ហើយ​ពីថ្នាក់ក្រសួង ថ្នាក់ខេត្ត ថ្នាក់ជំនាញ រហូត​ដល់​ថ្នាក់​ឃុំ ដែល​យើងត្រូវទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយវែក​មុខ​យក​មក​ផ្ដន្ទាទោស ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋនៅទូទាំងប្រទេសផ្ដល់នូវ​​ការគាំទ្រនិងផ្ដល់នូវទំនុកចិត្ត ពីព្រោះកន្លងមក​ អស់ជំនឿ​លើ​ការអនុវត្តច្បាប់ហើយ។ អង្គភាពធ្វើបានតែមន្ត្រីតូចតាចទេ»

​មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត ក៏ជំរុញ​ដល់​អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យស៊ើបអង្កេតនិងចាត់វិធានការច្បាប់ឱ្យមានតម្លាភាពរវាងពលរដ្ឋនិង​មន្ត្រីមានលុយមានអំណាចដែលបានល្មើសក្នុងតំបន់បឹងទន្លេសាបនេះ។ លោកថា កន្លង​មក អាជ្ញាធរបានចាត់វិធានការច្បាប់លឿនទៅលើតែប្រជាពលរដ្ឋ​ប៉ុណ្ណោះ ខណៈ​មន្ត្រីមានឋានៈធំឬមានលុយមានអំណាចមិនត្រូវបានចាប់និងផ្ដន្ទាទោសឡើយ។

លោកបន្ថែមថា៖ «ក្នុងនាមយើងជាសង្គមស៊ីវិល សុំឱ្យខាងអង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័នតុលាការនិងមន្ត្រីអនុវត្តច្បាប់ហ្នឹង ត្រូវអនុវត្តច្បាប់មានលក្ខណៈជាប្រព័ន្ធ ឱ្យស្មើៗ​គ្នា ដោយមិនបែងចែក កុំគិត​ពីខ្នងបង្អែក ខ្សែ ឬបក្សពួក ឬប៉ះពាល់អ្នកនេះ អ្នកនោះ មិនអាចអនុវត្តទៅបាន អាហ្នឹងវាជារឿងមួយដែលធ្វើឱ្យសង្គមយើងជួបនឹងនិទណ្ឌ​ភាពនៅពេលអនាគត។ ហើយយើងបារម្ភថា ថ្ងៃក្រោយទៅ និទណ្ឌ​ភាពហ្នឹងវារីករាលទៅ ក្រែងតែអាជ្ញាធរឬរដ្ឋាភិបាលគ្រប់គ្រងមិនបាន វាក្លាយ​ទៅជាចលនាសង្គមដោយសារមកពីនិទណ្ឌភាពហ្នឹង»

មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ដីព្រៃលិចទឹកនៅក្នុងតំបន់បឹងទន្លេសាប នឹងមិនអាចការពារបានហើយ​និង​បន្តបាត់ប​ង់ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​​​ទៅលើឈ្មួញនិងមន្ត្រីមានលុយមានអំណាច មានភាពធូររលុង និងមិនមានតម្លាភាព។

លោកបន្ថែមថា៖ «ដូច្នេះ ការងារថែរក្សាធនធានធម្មជាតិ គួរតែជារឿងចម្បងដែលអាជ្ញាធរគួរតែពង្រឹងការយកចិត្តទុកដាក់​ក្នុងការការពារ និងពង្រឹងការអនុវត្តច្បាប់ឱ្យបានល្អប្រ​សើរ ពីព្រោះធនធានធម្មជាតិវាមានសារៈ​សំខាន់ខ្លាំងក្នុងការជួយទ្រទ្រង់​សេដ្ឋកិច្ច​ពលរដ្ឋនៅមូលដ្ឋាន និងការលើកកម្ពស់សេវាអេកូទេស​ចរណ៍​ធម្មជាតិ។ ប្រសិនបើធនធានធម្មជាតិត្រូវបានបំផ្លិចបំផ្លាញ​ កម្ពុជាក៏នឹងអាចរងគ្រោះពីគ្រោះធម្មជាតិជាង​គ្រោះធម្មជាតិដែលយើងធ្លាប់ជួបកន្លងមកមិនខាន»

ទោះយ៉ាងណា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់ វីអូឌី តាមតេឡេក្រាមយ៉ាងខ្លី​​​ថា អង្គ​ភាពនេះនៅ​មិនទាន់អាចប្រាប់អ្វី​បាន ​ជុំវិញកា​រ​ស៊ើបអង្កេតពាក់ព័ន្ធករណីរំលោភយកដីព្រៃលិចទឹកនៅក្នុង​តំបន់​បឹង​ទន្លេសាប​នេះ​បាន​នៅឡើយ​ទេ។

បើតាមកំណត់ហេតុកិច្ចប្រជុំក្រុម​ការងារអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីរបស់អាជ្ញាធរខេត្តកំពង់​ឆ្នាំង កាលពីថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២១ បាន​បញ្ជាក់​ថា អ្នក​កាន់កាប់​អាស្រ័យ​ផល​ដីព្រៃលិចទឹក១៣នាក់ដែលបាន​​សារភាព​និងប្រគល់ដី​ជូន​រដ្ឋ​វិញ​នោះ រួម​មាន ស្នង​ការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ មាន​ដី៦៧៥ហិកតា, នាយ​ការិយាល័យ លោក កែវ ណារុន មានដី៣២ហិកតា, មេបញ្ជាការសឹករងស្រុកកំពង់លែង លោក យឹម សារ៉ាត់ មានដី៦០ហិកតា និងពលរដ្ឋផ្សេងទៀត ដែលមានផ្ទៃដីសរុប២ ០៥៨,៥ហិកតា។

អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ មានប្រសាសន៍ថា ក្នុងខេត្តកំពង់ធំ​មានមនុស្សក្នុងចំនួនច្រើនដែលលោក​មិន​ចាំចំនួន បាន​សារភាពនិង​បានប្រគល់ដីជូនរដ្ឋាភិបាលវិញ ហើយ​ក៏ពុំទាន់មាននរណាម្នាក់ត្រូវបញ្ជូនទៅតុលាការនៅឡើយដែរ។

កាលពីថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង បាន​បញ្ជូន​មនុស្ស​៧នាក់ទៅតុលាការ ខណៈ​អាជ្ញាធរខេត្តសៀមរាបបាន​ឃាត់ខ្លួនមនុស្ស២៧៨នាក់ ក្នុងនោះ ២៦នាក់បានបញ្ជូនទៅតុលាការ។

មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល បានចែងថា ការកាប់ឆ្ការ គាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំ ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ​ឬបំផ្លាញចោល។ ចំណែកមាត្រា១០២ នៃច្បាប់ដដែលនេះបានបញ្ជាក់ថា បើ​បទល្មើសនោះប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល។ 

កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០១១ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី«ការ​កំណត់​ដែន​​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា» ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​​​៦​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន ​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ។​ 

ក្នុង​មាត្រា​៣ នៃ​អនុក្រឹត្យ​នេះបាន​ចែង​ថា​ អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​ កាតព្វ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​​លើ​ការ​​គ្រប់គ្រង​ ការ​ការពារ និង​​​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ ហើយ​ចំពោះ​ការ​បាត់បង់​ដែន​​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ខេត្ត​ណា ​គណៈអភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​​មុខ​​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ