លោក ហ៊ុន សែន ប្រាប់​ពលរដ្ឋ​កុំ​ស្លន់ស្លោ ខណៈ​កម្ពុជា​ទើប​រកឃើញ​កូវីដ-១៩​បំប្លែង​ថ្មី​អូមីក្រុង​១​ករណី

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាថ្មី​ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិន​ត្រូវ​ស្លន់​ស្លោ ខណៈកម្ពុជាទើបរកឃើញកូវីដ-១៩បំប្លែងថ្មីនេះ១ករណី​ប៉ុណ្ណោះ។

ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារមួយនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែងថា លោកមិនសប្បាយចិត្ត​ចំពោះ​ការប្រកាសអាសន្នរបស់អ្នកនាំពាក្យអង្គការសុខភាពពិភពលោកនិងប្រទេសខ្លះ ដែលលោកថា ហាក់ដូចជាកូវីដ-១៩ «អូមីក្រុង» ជាជំងឺមហន្តរាយ​ខ្ពស់ បើ​ទោះបីជំងឺនេះមិនទាន់បង្កឱ្យមានអ្នកស្លាប់ច្រើន​​​ដូច​ជំងឺ​កូវីដ-១៩​ប្រភេទ «ដែលតា»​ និង «អាល់ហ្វា» នៅឡើយ។

លើសពីនេះ លោកថា នៅទ្វីបអាហ្វ្រិក​ដែលរកឃើញជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ អូមីក្រុង មិនទាន់​មាន​អ្នក​ស្លាប់ ខណៈប្រទេសអង់គ្លេសទើបស្លាប់ម្នាក់ប៉ុណ្ណោះ ផ្ទុយ​ពី​ជំងឺ​កូវីដ-១​៩ប្រភេទ ដែលតា និង​ អាល់​ហ្វា ដែលបានសម្លាប់មនុស្សអស់ជាច្រើន។ ករណីនេះ លោក​អំពាវនាវកុំឱ្យប្រជាពលរដ្ឋស្លន់ស្លោ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ដោយអនុវត្តទៅតាមវិធានសុខាភិបាល និងបន្ត​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ឱ្យបានគ្រប់ដូស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់​​ថា៖ «អូមីក្រុង ទើបរកឃើញមួយ! អ៊ីចឹងយើងត្រូវគ្រប់គ្រងសភាព​ការណ៍​នេះ។ ខ្ញុំនិយាយនេះ ក្នុងគោលដៅឱ្យយើងទាំងអស់គ្នាកុំស្លន់ស្លា ហើយខ្ញុំ​ក៏គ្មានសិទ្ធិដើម្បីទូនា្មនអង្គការ​សុខភាពពិភពលោក​និងប្រទេសមួយចំនួននោះទេ ប៉ុន្តែជួនកាលការភ័យខ្លាចជ្រុលនាំធ្វើឱ្យយើងបង្វែរទិស វាយ​តម្លៃខុ​ស ចេញពីអាដែលតា​ដែល​វាយលុកទៅរកអាអូមីក្រុងទៅវិញហ្នឹង។ អ៊ីចឹងវត្តមាន អូមីក្រុង មាននៅ​កម្ពុជាពីយប់មិញ​​រួចទៅហើយ ប៉ុន្តែអត់មានអ្វីគួរឱ្យភ័យខ្លាច​ទេ នៅពេលដែលយើងអនុវត្តតាមវិធានការសុខាភិបាលបានត្រឹមត្រូវ»។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានលើកឡើងបន្តថា លោកជាអ្នកសម្រេចឱ្យលុបចោលការដាក់បម្រាម​ប្រទេសចំនួន១០វិញ ដោយមកពង្រឹងវិធានការសុខាពិបាលនៅក្នុងប្រទេស ជាជាង​បិទប្រទេសទាំង១០មិនឱ្យចូលកម្ពុជា។

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ហុក គឹមចេង មានប្រសាសន៍ថា ក្រសួងបានដាក់ចេញវិធានការរឹងបន្តឹងអ្នកធ្វើដំណើរពីប្រទេសមានហានិភ័យ ដោយការធ្វើតេស្ត រួមទាំងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នៅពេលដែលពួកគាត់មកដល់កម្ពុជា ជាដើម។

លោកថា៖ «អ៊ីចឹងយើងនៅតែបន្តតាមដាននៅប្រទេសទាំងឡាយ​នៅលើពិភពលោក ថាតើប្រទេស​ណា​ដែល​មានការព្រួយបារម្ភ អ៊ីចឹងយើងនៅតែបន្តអនុវត្តចំពោះវិធានការដែលបានដាក់ក្នុងពេលកន្លងមក»។

ដោយឡែក ចំពោះអ្នកដំណើររួមតាមយន្តហោះជាមួយស្ត្រីខ្មែរម្នាក់ដែលរកឃើញមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនោះ លោកថា មានចំនួនជាង១០០នាក់ ដោយ​អ្នក​ទាំង​នោះក្រសួងបាន​និង​កំពុងធ្វើការទំនាក់ទំនងពួកគាត់ ដើម្បីឱ្យប្រុងប្រយ័ត្ននិងតាមដានសុខភាពរបស់ខ្លួន។

កាល​ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសរកឃើញជំងឺកូវីដ-១៩បំប្លែងថ្មី អូមីក្រុង លើស្ត្រីជនជាតិខ្មែរម្នាក់ដែលបានធ្វើ​ដំណើរ​តាម​ជើងហោះ​ហើរ​ចេញ​​ពី​ប្រទេស​ហ្គាណា ឆ្លងកាត់​តាម​ឌូបៃ និង​ថៃ រួចបន្តដំណើរ​មកដល់​ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ហើយ​បច្ចុប្បន្ន អ្នកជំងឺរូបនេះកំពុងសម្រាក​ព្យាបាល​នៅមជ្ឈ​មណ្ឌល​ជាតិកំ​ចាត់​​រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី មានប្រសាសន៍ថា ត្បិតតែ​​ជំងឺ​កូវីដ​-១៩បម្លែងថ្មី «អូមីក្រុង»​ ត្រូវរកឃើញចេញពីប្រទេសនៅតំបន់​​អាហ្វ្រិកក៏ដោយ ប៉ុន្តែទាំងប្រទេសទាំងនោះ​ និង​អង្គការសុខភាពពិភពលោក នៅមិនទាន់បង្ហាញឱ្យច្បាស់អំពីរូបរាងនៃ​វីរុស​​ប្រភេទ​ថ្មីនេះនៅឡើយ។

លោកថា៖ «រូបរាងវីរុសអូមីក្រុងដែលកើតឡើងក្រោយហ្នឹង តើវាមានរូបរាងយ៉ាងម៉េច? តើវាឆ្លងរហ័ស​យ៉ាងម៉េច?​ វាអាចបំផ្លាញទៅដល់ផ្លូវដង្ហើមមនុស្សយើងយ៉ាងម៉េចដែលលឿនធ្វើឱ្យមានហានិភ័យហ្នឹង? អ៊ីចឹង​ទេ យើង​កុំអាល​ទាន់ភ័យស្លន់ស្លោ! សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស កុំអាលភ័យស្លន់ស្លោ​! តាមដានរឿងហ្នឹងឱ្យបានច្បាស់ ព្រោះរឿងហ្នឹងជានយោបាយសេដ្ឋកិច្ចរបស់ប្រទេសទាំង៧ ដែលគេកំពុងប្រឡងប្រជែងជាមួយគ្នា។ អ៊ីចឹងទេ យើងប្រទេសតូចតាចមិនទាន់ដឹងអូមីក្រុងមកពីណា ហើយរូបរាងយ៉ាងម៉េចទេ យើងមិនទាន់ស្លាប់ដោយជំងឺកូវីដ-១៩នៅប្រទេសយើងនៅឡើយទេ»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី កត់សម្គាល់ថា ជំងឺកូវីដ-១៩ អូមីក្រុង មិនទាន់មានសញ្ញាធ្ងន់ធ្ងរ ទោះបីជាជំងឺនេះកំពុងឆ្លងរាលដាលនៅបណ្ដាប្រទេសមួយចំនួនក៏ដោយ។

លោកថា៖ «អូមីងក្រុង មិនទាន់មានសញ្ញាណាមួយដែលធ្វើឱ្យយើងមានការព្រួយបារម្ភទេ។ ហើយ​របាយការណ៍ថ្មីៗនេះក៏​មើលឃើញថា ក៏មានថ្នាំដែលអាចយកព្យាបាលជំងឺថ្មីហ្នឹងបានដែរ។ នេះជាការតាមដានប្រចាំថ្ងៃរបស់ខ្ញុំ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ការប្រុងប្រយ័ត្ន​នៅតែត្រូវបន្តទៀត»។​

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​ពុធនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៣៩០​នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៦ ៧៤៦នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៩៩៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៨៥៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ