ជនជាតិដើមភាគតិចថា ការលួចកាប់ឈើនៅព្រៃព្រះរការកើនឡើងខ្លាំងអំឡុងពេលវិបត្តិកូវីដ-១៩

គល់ឈើធំមួយដើមត្រូវជនអនាមិកលួចកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរការ ត្រូវបានប្រទះឃើញដោយសកម្មជនបរិស្ថានពេលចុះល្បាតកាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិច​នៅក្នុងខេត្តព្រះវិហារ បង្ហាញក្ដីបារម្ភ​ថា ព្រៃព្រះរការ​អាចនឹង​បាត់​បង់​នៅក្នុង​រយៈ​ពេលប្រមាណ​៣ឆ្នាំ​ខាង​មុខ​ទៀត បើសិ​នជា​សកម្មភាព​កាប់បំផ្លាញនៅតែបន្តកើនឡើងខ្លាំងដូចអំឡុងពេលកូវីដ-១៩ នា​២ឆ្នាំចុងក្រោយនេះ។​

ប្រជាសហគមន៍ដែលតែងតែពឹងអាស្រ័យអនុផលព្រៃព្រះរការ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានប្រមូលផ្ដុំគ្នាប្រារព្ធពិធីបំបួសដើមឈើនៅក្នុងព្រៃសហគមន៍។ ក្នុងពិធីនោះ ​ពួកគាត់បានលើកឡើងថា ការបំបួសដើមឈើស​ហគមន៍​នេះ ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សព្រៃឈើដែល​ជាកេរដូនតាដែល​កំពុង​រង​ការ​កាប់​បំផ្លាញ។​

អ្នកស្រី ស៊ីន សាំ តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​រស់​​នៅ​ឃុំ​ប្រមេរ បាន​លើកឡើង​ថា អស់រយៈពេលជិត​២ឆ្នាំមកនេះ បទល្មើសលួចកាត់ឈើហាក់មាន​សភាព​កើន​ឡើងខ្លាំង ជាពិសេស​អំឡុង​ពេល​នៃការ​បិទខ្ទប់ដោយសារវិបត្តិកូវីដ-១៩ ព្រោះខាងមន្រ្តីឧទ្យានុរក្សបានដាក់បម្រាមមិនឱ្យ​​សង្គមស៊ីវិល យុវជន និងប្រជាសហគមន៍ចុះល្បាតដូច​មុន។

អ្នកស្រី ស៊ីន សាំ បន្តថា៖ «បើសិនជាបាត់បង់ព្រៃឈើទៅ ហាក់ដូចជាបាត់បង់អាយុជីវិត។ ដូច្នេះហើយបានជាពួកយើងនាំគ្នាបំបួសព្រៃឈើជារៀងរាល់ឆ្នាំ ហើយនាំគ្នាទប់ស្កាត់ការពារព្រៃឈើឱ្យបានគង់វង្ស ព្រោះថា ពួកខ្ញុំសព្វថ្ងៃគឺពឹងពាក់ទៅលើព្រៃព្រះរការនេះឯង។ ទី១ ពឹងពាក់អាស្រ័យអនុផលព្រៃឈើ ដូចជា ដងជ័រ ដកផ្សិត យកឃ្មុំ និងបន្លៃផ្សេងៗជាដើម»។

អ្នកស្រី ពឿន ជឿន ជា​សមាជិក​បណ្ដាញ​ការពារ​ដែន​ជម្រកសត្វព្រៃព្រះរការ បាននិយាយថា មួយ​រយៈនេះ ដើមឈើធំៗដែលជាឈើប្រណិតៗបាត់បង់ជិតផុតពូជហើយ។ អ្នកស្រីអំពាវនាវទៅរដ្ឋាភិបាលអនុញ្ញាត​ឱ្យ​​ប្រជាសហគមន៍បានចូលរួមល្បាតឡើងវិញ បើមិនដូច្នេះទេព្រៃនេះយ៉ាងយូរ៣ឆ្នាំទៀតនឹងត្រូវបាត់បង់អស់។​

អ្នកស្រី ពឿន ជឿន ថ្លែងថា៖ «ក្ដីបារម្ភរបស់ខ្ញុំ គឺថា មិនសល់ទេព្រៃ ទៅមុខទៀត​យ៉ាងយូរ៣ឆ្នាំទៀតអស់ហើយ។ ខ្ញុំចុះល្បាតក្នុង១ខែ ២ដងនេះ តាំងព្រៃនៅក្រាស់។ ចូលឆ្នាំ២០២០នេះមក ឃើញថាអស់កាន់តែខ្លាំងមែនទែន។  ខ្ញុំសូមសំណូមពរឱ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធឱ្យគាត់គិតគូរ ឱ្យបើកសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋនៅជុំវិញព្រៃព្រះរការនេះមានសិទ្ធិចូលរួមការពារព្រៃដូចយើង[មន្រ្តីបរិស្ថាន និងប្រជាសហគមន៍]ការពារពីមុនមកធម្មតា»។

អ្នកស្រីបានអះអាងថា បទល្មើសហាក់កើតឡើងដោយបើកចំហ គឺគោយន្តដឹកឈើកាត់ភូមិឬ ដឹក​​តាមផ្លូវផ្សេងៗចេញពីព្រៃព្រះរការនេះ មិនមានការទប់ស្កាត់នោះទេ។​

អ្នកនាំពាក្យក្រសួង​បរិស្ថាន លោក​ នេត្រ ភក្រ្តា បដិសេធថា មិនមានបទល្មើសទ្រង់ទ្រាយធំដូចការ​លើកឡើងរបស់ប្រជាសហគមន៍នោះទេ គឺលោកថា មន្ត្រីប្រឹងប្រែង​ទប់​ស្កាត់​ហើយ នៅសល់​​តែបទល្មើស​ទ្រង់​ទ្រាយ​តូច​ប៉ុណ្ណោះ ដោយ​សារ​​កត្តា​ជីវភាព​ពលរដ្ឋ។​

លោកថ្លែងថា៖ «បញ្ហាបទល្មើសដែលកើតឡើង គឺដោយសារតែកត្តាមួយចំនួន ទី១ គឺកត្តាជីវភាពនេះឯង ដែលធ្វើឱ្យ​​ក្រុម​ឆ្លៀតឱកាសមួយចំនួនឬក៏ឈ្មួញមួយចំនួនញុះញង់ឱ្យ​​ប្រជាពលរដ្ឋចូលទៅកាត់ឈើយកមកលក់ឱ្យ​​ពួកគាត់។ អ៊ីចឹងកត្តាជីវភាពនេះ​ហើយ​ជាផ្នែកមួយសំខាន់ដែលយើងគិតគូរ។ ដូច្នេះ ខាងក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន គឺយើងបានផ្ដល់នូវប្រភេទពូជសត្វ ឬក៏ជាជំនាញផ្សេងៗ ដើម្បីបង្កើនមុខរបរដល់ប្រជាពលរដ្ឋ ជាមួយនឹងផ្នែកនៃការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិដល់ពួកគាត់»។

ចំពោះមូលហេតុដែលមិនអនុញ្ញាតឱ្យប្រជាសហគមន៍ចូលរួមល្បាតការពារព្រៃឈើ លោក នេត្រ ភក្ត្រា មិន​បក​ស្រាយ​ទេ គ្រាន់តែបញ្ជាក់ថា ក្រសួងសហការជាមួយសហគមន៍ដែលបានចុះបញ្ជីហើយមានភាពស្មោះត្រង់ក្នុងការការពារព្រៃឈើ។​

សកម្មជនបរិស្ថាននៃសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN លោក ម៉ា ចិត្រា ​ មើលឃើញថា អ្វីដែលជាក្ដីបារម្ភរបស់ពលរដ្ឋចំពោះការបាត់បង់ព្រៃព្រះរការនៅពេលអនាគត ជារឿង​​ត្រឹម​ត្រូវ ព្រោះជា​ក់​ស្ដែង​ គឺបទល្មើសនៅតែបន្តកើតមាន។ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបើកឱ្យប្រជាសហគមន៍ឬ​សង្គមស៊ីវិលចូលរួមចុះល្បាតការពារព្រៃឡើងវិញ។​

លោក ម៉ា ចិត្រា និយាយថា៖ «គ្រាន់តែអនុញ្ញាតឱ្យគាត់ [ប្រជាសហគមន៍] ចូលល្បាត អនុញ្ញាតឱ្យសាធារណជន និងសង្គមស៊ីវិលចូលរួមល្បាត​ ចូលរួមចាប់ជនល្មើសជាដើម អាហ្នឹងការពារព្រៃហ្នឹងបាន យើងមិនអាចការពារបានទាំងស្រុង ប៉ុន្តែអាចកាត់បន្ថយមួយចំនួនដែរ»។

ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ មានប្រសាសន៍ថា របាយការណ៍​របស់សហគមន៍ ឬក្រុមបណ្ដាញ​សហមគ​ន៍​ដែលមិនបានចុះបញ្ជី​ក្នុង​ក្រសួង​បរិស្ថាន​ទាំង​​នេះ សុទ្ធតែជារបាយការណ៍មិនត្រឹមត្រូវ។ លោកបន្តថា ក្រុម​បណ្ដាញ​សហគម​ន៍​​ទាំងនោះតែង​តែ​លួច​ចុះទៅព្រៃពីរបីថ្ងៃ ហើយ​ទៅរាប់គល់ឈើពីរបីដើមមកវាយតម្លៃថាជាបទល្មើសច្រើនទៅវិញ។

លោកថា​៖ «ក្នុងរយៈកាលកូវីដ-១៩នេះ មន្រ្តីយើងខ្ញុំខិតខំប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសព្រៃឈើណាស់។ ហើយពីថ្ងៃមុនហ្នឹង ក្នុងកម្មវិធីបំបួសព្រៃឈើហ្នឹង យើងក៏បានស្នើឱ្យ​ប្រជាសហគមន៍មូលដ្ឋានបង្កើតជាសហគមន៍តំបន់ការពារមួយទៅ អ៊ីចឹងគាត់អាចធ្វើការចុះល្បាតព្រៃជាធម្មតាបានហើយ»

ទោះយ៉ាងណា សកម្មជនបរិស្ថាន​អះអាងថា នៅក្នុង​រដ្ឋធម្មនុញ្ញនិងច្បាប់ផ្សេងទៀត​បាន​ធានាពីសិទ្ធិ​របស់​ប្រជាពលរដ្ឋគ្រប់រូបក្នុងការ​ចូលរួមការពារនិងស្វែងយល់ពីធនធានធម្មជាតិដោយមិនបាច់សុំច្បាប់នោះទេ។​

មាត្រា២១នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ចែង​ថា សហគម​ន៍មូល​ដ្ឋាន សហគមន៍​ជន​ជាតិដើម​ភាគ​តិច សាធារណជន និង​សង្គម​ស៊ីវិល ត្រូវបាន​លើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងពេញលេញក្នុងការផ្ដល់និងការទទួលយកព័ត៌មានទាក់ទងនឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ។​​

ក្រសួង​បរិស្ថាន ​ដាក់​បញ្ចូល​​​ព្រៃ​​ព្រះ​រការ​​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ឆ្នាំ​២០១៦ មាន​ទំហំ៩៦ ០០០​ហិកតា គ្រប​ដណ្ដប់​លើ​ភូមិសាស្ត្រ​ប្រជុំ​ស្រុកចំនួន៣ គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ។ ព្រៃនេះមានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានចំនួន​១៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ