វិភាគ៖ តើកម្ពុជាត្រូវរៀបចំខ្លួនបែបណាដើម្បីបញ្ចៀសការរិះគន់ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ចាប់ពីខែមករា ឆ្នាំ២០២២ទៅ កម្ពុជានឹងក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន​ជាផ្លូវការ​ ក្នុងរយៈពេល១ឆ្នាំពេញ។ បញ្ហាធំៗ​របស់អាស៊ាន ក៏នឹងធ្លាក់ការទទួលខុសត្រូវ​លើប្រធានប្តូរវេន​ជាអ្នកសម្របសម្រួល ឬ​រកដំណោះ​ស្រាយ​ទៅ​តាម​យន្តការ​របស់​សមាគមមួយនេះដែរ។ បញ្ហាធំដែលគេកំពុង​ចាប់អារម្មណ៍ខ្លាំងជាងគេនាពេលបច្ចុប្បន្ន គឺ​វិបត្តិ​នៅប្រទេសមីយ៉ាន់ម៉ា (​​ភូមា) ក្រោយ​ប្រទេស​នេះ​ បានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមយោធា ដែល​បានធ្វើរដ្ឋប្រហារ​គណបក្ស​ដែល​ឈ្នះការបោះឆ្នោតកាលពីដើមឆ្នាំនេះ។

បាតុកម្មតាមដងផ្លូវប្រឆាំងរបបយោធាមីយ៉ាន់ម៉ា កើតឡើងស្ទើររាល់ថ្ងៃ ក្រោយ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង​ (Min Aung Hlaing) ធ្វើរដ្ឋប្រហារ និងចាប់ខ្លួន​អ្នកស្រី អង់សាន សូជី ដែលឈ្នះការបោះឆ្នោតកាល​ពីចុង​ឆ្នាំមុន និង​ជាតំណាងអ្នក​ប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ ក្រោយរដ្ឋប្រហារកើតឡើង​ សកម្មភាពចាប់ខ្លួននិងសម្លាប់ជនស៊ីវិល ក៏កើតមានឥតស្រាកស្រាន្ត​ បើទោះបីជារបបសឹកមួយនេះបានសម្រេចដោះលែងសកម្ម​ជន​នយោបាយ និងជនស៊ីវិលដែលត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំមួយចំនួនធំក្តី។ មិនតែប៉ុណ្ណោះការប្រឆាំងតបតរបបយោធាមីយ៉ាន់ម៉ា​ដោយប្រដាប់អាវុធ ក៏កើតមានឡើងនៅតាមរដ្ឋមួយ​ចំនួន ដោយមានការចូលរួមពីពលរដ្ឋដែលឈឺចាប់ចំពោះសកម្មភាពព្រៃផ្សៃរបស់របបយោធានោះ។

វិបត្តិនៅមីយ៉ាន់ម៉ា​​ បានធ្វើឱ្យពិភពលោក ពិសេសប្រទេសលោកសេរី ថ្កោលទោសជាបន្តបន្ទាប់ និងមិនបានចាត់​ទុក​របបសឹកមួយនេះ​ថា​ជារដ្ឋាភិបាលស្របច្បាប់នោះ​ឡើយ ស្របពេលអាស៊ានដែលមានព្រុយណេជាប្រធានប្តូរវេនអាស៊ាន​​​នៅ​ក្នុងឆ្នាំ២០២១នេះ ក៏បានបដិសេធវត្តមានតំណាងរបបសឹកមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំសំខាន់ៗរបស់ខ្លួនផងដែរ។

តំណែងប្រធានប្តូរវេនអាស៊ានរបស់ព្រុយណេក៏ផុតរលត់ ដោយ​កម្ពុជាក៏នឹងបន្តតំណែងប្រធានប្តូរវេននេះចាប់​ពីដើមឆ្នាំ២០២២តទៅ ក្នុងរយៈពេល១ឆ្នាំ ហើយភារកិច្ចសម្របសម្រួលឬ​រកច្រកចេញវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ក៏ធ្លាក់មកលើកម្ពុជាផងដែរ។

ក្រោយជំនួបជាមួយ​រដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា ដែលមកបំពេញទស្សនកិច្ចស្ងាត់ៗ នៅកម្ពុជា​កាលពីថ្ងៃ​ទី៧​ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ខាងមុខ ដោយទៅក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាប៉ុណ្ណោះ។

នៅថ្ងៃទី១៥​ ខែធ្នូ​នេះ ក្នុងពិធីសម្ពោធសណ្ឋាគារមួយនៅរាជធានី​​ភ្នំពេញ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសជាថ្មីទៀត លោកនឹងដឹកនាំគណៈប្រតិភូទៅ​ទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ា ដោយគ្មានការប្រែប្រួលឡើយនៅ​ខែមករា ឆ្នាំ២០២២។ លោកបញ្ជាក់ថា អាស៊ានមិនអាចបង្កើតទម្លាប់អាក្រក់​ នៅពេលដែល​មិនពេញចិត្តសមាជិកណាមួយ ហើយមិនហៅគេចូលរួមប្រជុំនោះឡើយ។

សំណួរត្រង់ថា តើដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅមីយ៉ាន់ម៉ា នឹងផ្តល់ផលវិជ្ជមានឬអវិជ្ជមានបែបណាសម្រាប់កម្ពុជា?

អ្នកវិភាគនយោបាយ​ដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក គឹម សុខ មាន​ប្រសាសន៍ថា វិបត្តិនៅ​មីយ៉ាន់​ម៉ា​​ ធ្លាក់ដល់​កម្រិត​ធ្ងន់​ធ្ងរ​ណាស់ ពី​រដ្ឋប្រហារ​ប្រដាប់អាវុធដណ្ដើមអំណាច ឈានដល់ការសម្លាប់ប្រជាពលរដ្ឋស៊ីវិល​ជាង​១ ០០០នាក់ ស្របពេល​​ពលរដ្ឋនៅតែពង្រឹងស្មារតីតស៊ូ ដើម្បីប្រជាធិបតេយ្យមិនដកថយទេ។

លោកថា ចុងក្រោយ​នេះ លោក​មីន អ៊ុងឡាំង (Min Aung Hlaing) អាចត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្រុងឡាអេ ICC ចោទប្រកាន់ពីបទ ប្រឆាំងមនុស្សជាតិ ចំពោះអំពើបង្ក្រាបដ៏សាហាវលើប្រជាពលរដ្ឋ តវ៉ាប្រឆាំងរដ្ឋប្រហារ ហើយ​​​វិបត្តិនៅមីយ៉ាន់ម៉ា អាច​ឈានដល់ដំណើរនៃការត្រូវស្វែងរកដំណោះស្រាយ​ពហុមុខ ឬ ច្រើន​មុខ តាម​យន្តការ ៥ចំណុច​របស់អាស៊ាន គឺចូលដល់ករណីដែលអាស៊ានត្រូវចេញមុខដោះស្រាយ។

លោក គឹម សុខ លើកឡើងថា កាលដែល​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រើឈ្មោះរដ្ឋាភិបាលរបស់​លោក​ ទៅ​ដោះស្រាយ​​វិបត្តិនេះ ពុំមានលទ្ធផលវិជ្ជមាននោះទេ ដោយលោក​​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជាប់មានប្រវត្តិធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ និងរំលាយអតីត​​គណបក្សសង្គ្រោះជាតិ បំផ្លាញប្រជាធិបតេយ្យកាលពីឆ្នាំ២០១៧ផងដែរ។

លោកមានប្រសាសន៍ថា៖ «មីន អ៊ុងឡាំង អាចលេងល្បែងក្រាញ់អំណាច តាមល្បិចរដ្ឋប្រហារអចិន្ត្រៃយ៍ ជាមេរៀនរបស់លោក ហ៊ុន សែន។ ករណីនេះអាចធ្វើឱ្យប្រទេសភូមា បែកបាក់ជាចម្រៀកៗ  ដោយសារតែរដ្ឋនានានៅក្នុងប្រទេសភូមាអាចទ្រាំរស់នៅក្រោមអំណាចផ្តាច់ការរបស់ក្រុម មីន អ៊ុងឡាំង មិនបាន ហើយប្រកាសបំបែករដ្ឋឯករាជ្យ។ ដូច្នេះ​ប្រសិន​បើលោក ហ៊ុន សែន ហ៊ានប្រើវិធីជួយជ្រោមជ្រែងអំណាច មីន អ៊ុងឡាំង ខ្ញុំគិតថាលោក ហ៊ុន សែន អាចនឹងបង្កើតកំហុសដ៏ធំដែលចូលរួមធ្វើឱ្យប្រទេសភូមា បែកបាក់ជាចម្រៀកៗ»។

អ្នកវិភាគនយោបាយរូបនេះ មើល​ឃើញ​ថា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គួរប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើឈ្មោះរដ្ឋាភិបាល​របស់​គាត់ ទៅដោះស្រាយវិបត្តិរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា​​ ហើយវិធីល្អបំផុត​ដែល​អាចបាន​មុខ​មាត់​ខ្លះសម្រាប់​គាត់ ​គឺ​ការប្រើយន្តការរួម៥ចំណុចរបស់អាស៊ានបន្តទៀត។

នាយកប្រតិបត្តិនៃ​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ការធ្វើដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅមីយ៉ាន់ម៉ា​​នៅដើមឆ្នាំក្រោយ មិនអាចនិយាយថា​ទៅក្នុងនាមមេដឹកនាំកម្ពុជានោះទេ ត្បិតពេលនោះកម្ពុជាក្លាយជាប្រធានប្តូរវេន​អាស៊ានរួចទៅហើយ។

លោក​បន្តថា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា​ កម្ពុជាគប្បីបន្តយន្តការ ឬ​ចក្ខុវិស័យ៥ចំណុចដែលអាស៊ាន​បាន​ដាក់ចេញ​ឱ្យ​មេរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា​អនុវត្ត​ កាលពីពេលកន្លងទៅ ក្នុងកិច្ចប្រជុំពិសេសមួយនៅប្រទេសឥណ្ឌូនេស៊ី។ គោលការណ៍ទាំងនោះ មាន​ដូចជា ការដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ រួមទាំង​អ្នកស្រី អង់សាន ស៊ូជី និង​ផ្តល់ស​ម្បទាធ្វើនយោបាយដល់ពួកគេ, របបសឹកភូមា ត្រូវអនុញ្ញាតឱ្យប្រេស៊ីតពិ​សេសរបស់​អាស៊ាន ឬ​អង្គការសហប្រជាជាតិ ទៅទស្សនកិច្ចក្នុងប្រទេសមួយនេះ និងជួបជាមួយអ្នកស្រី អង់សាន ស៊ូជី ព្រមទាំងតម្រូវឱ្យរបបយោធាងាកទៅគន្លងប្រជាធិបតេយ្យ ហើយបញ្ឈប់ការសម្លាប់ពលរដ្ឋស៊ីវិលជាដើម។

លោក សេក សុជាតិ និយាយថា ប្រសិនបើកម្ពុជាដើរខុសពីគន្លងនៃចក្ខុវិស័យរបស់អាស៊ាន ដាក់ជូនទៅ​មី​យ៉ាន់​​ម៉ា​ ឱ្យអនុវត្តនោះ​ កម្ពុជានឹងរងការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិមិនខាន។

លោកមានប្រសាសន៍ថា៖ « បើយើងពិចារណាទៅ លោក មីន អ៊ុងឡាំង ប្រហែលជាពិបាកក្នុងធ្វើតាមណាស់ ព្រោះឈ្មោះរបស់គាត់វាអាចនឹងជាប់ក្នុងទោសជាលក្ខណៈអន្តរជាតិ  ហើយតុលាការយុត្តិធម៌អន្តរជាតិICJ អាចនឹងចាត់ការគាត់ ព្រោះគាត់បានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ជិត២ ០០០នាក់ ជាង ១ ៧០០នាក់ អីចឹង។ អីចឹងយើងគិតថា ការសម្លាប់ប្រជាពលរដ្ឋខ្លួនឯងបែបនេះ អាចនឹងមានបញ្ហា។ ដូច្នេះកម្ពុជាកាលណាយើងលូកដៃទៅចូលរួម ឬមិនទៅជំរុញឱ្យមីយ៉ាន់ម៉ា គោរពគោលការណ៍របស់អាស៊ានដែលធ្លាប់ដាក់ទៅឱ្យមីយ៉ាន់ម៉ា គោរពហ្នឹងទេ ឬប្រតិបត្តិតាមទេ អាហ្នឹងអាចជះឥទ្ធិពលខ្លះសម្រាប់កម្ពុជា ក្នុងនាមប្រធានអាស៊ាននៅឆ្នាំ២០២២ហ្នឹង»។

បណ្ឌិតរូបនេះ លើកឡើងទៀតថា ប្រសិនបើរបបសឹកមីយ៉ាន់ម៉ា មិនអាចអនុវត្តតាមគោលការណ៍ទាំង៥ចំណុច​ដែលអាស៊ានបានដាក់ចេញកន្លងទៅ កម្ពុជា​ត្រូវពិភាក្សាជាមួយរដ្ឋជាសមាជិកអាស៊ានបន្ថែមទៀតដើម្បី​រកដំណោះស្រាយផ្លូវកណ្តាលណាមួយបន្តទៀត។

ដោយឡែក អ្នក​សិក្សា​ស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុន​ណា បាន​លើក​ឡើង​ថា វិធីដែល​ល្អដើម្បី​ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា​ អាចធ្វើទៅបានតាមការចរចា ហើយយន្តការអាស៊ាន ក៏​ជា​ចំណុចដែលអាចទៅរួចដែរ។ លោកបន្តថា ប្រសិនបើកម្ពុជា​អាចដើរតួជាអ្នកដឹកដៃគូជម្លោះទៅរកតុចរចាបាន កម្ពុជានឹងទទួលបានគុណសម្បត្តិលើឆាកអន្តរជាតិផងដែរ បើទោះបីជាមានការរិះគន់ខ្លះក៏ដោយ។

លោកមានប្រសាសន៍ថា៖ «និយាយពីផលវិជ្ជមាន ប្រសិនបើកម្ពុជាហ្នឹងអាចដោះស្រាយបញ្ហាហ្នឹងបាន[វិបត្តិនៅភូមា] ឬក៏ត្រឹមតែនាំភាគីជម្លោះហ្នឹងទៅតុចរចាបាន អានេះវាបង្ហាញពីសក្តានុពលឬក៏មុខមាត់របស់កម្ពុជាខ្លាំងណាស់ក្នុងឆាកនយោបាយអន្តរជាតិ ជាពិសេសការទូតតំបន់ ដោយសារយើងដឹងស្រាប់ហើយខាងព្រុយណេ ជាប្រទេសប្រធានអាស៊ានឆ្នាំ២០២១ មិនបានបង្ហាញពីលទ្ធផលជាដុំកំភួនទៅលើបញ្ហាភូមា។ អីចឹងហើយ ប្រសិនបើកម្ពុជាអាចធ្វើឱ្យមានដំណើរការវិវត្តន៍បន្តិចម្តងៗ លើបញ្ហាភូមា អាហ្នឹងជាមុខមាត់ធំរបស់កម្ពុជាដែរ ធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះ ឬក៏កិត្តិនាមល្អប្រសើរផងដែរលើផ្នែកការទូត»។

លោក វណ្ណ ប៊ុនណា បន្ថែមថា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា កម្ពុជាគួរប្រកាន់ខ្ជាប់​នូវគោលនយោបាយ នៃការចរចា ឬ​សម្របសម្រួល​ភាគីជម្លោះទាំងយោធា និងស៊ីវិល តាមយន្តការឈ្នះៗ។ លើសពីនេះ លោកថា មុនធ្វើការសម្រេចចិត្តឬ ផ្តល់សម្បទានណាមួយដល់ក្រុមយោធា កម្ពុជាត្រូវប្រយ័ត្នប្រយែងខ្ពស់ និងត្រូវជជែកពិភាក្សា​ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីស្តាប់យោបល់រួមជុំវិញវិបត្តិនៅ​មីយ៉ាន់​ម៉ា​នេះ​ ជៀសវាង​បង្ក​ភាព​បែក​បាក់។

ជាមួយគ្នានេះ លោកថា កម្ពុជាត្រូវប្រាកដថារាល់ការដំណោះស្រាយដែលខ្លួនសម្របសម្រួល​លើវិបត្តិនៅមី​យ៉ាន់​ម៉ា​ កើតចេញ​មក​ដោយមិនបម្រើមហិច្ឆតានយោបាយភូមិសាស្ត្រឱ្យមហាអំណាចណាមួយនោះឡើយ ហើយ​ក៏មិន​បម្រើប្រយោជន៍​ភាគីជម្លោះណាមួយនោះដែរ។

តែយ៉ាងនេះក្តី សម្រាប់អ្នកវិភាគនយោបាយ លោក គឹម សុខ នៅតែបង្ហាញក្តីបារម្ភថា ប្រសិនបើ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រើឈ្មោះរបស់គាត់ជ្រុលហួសហេតុពេ​ក តាមវិធីទៅជួបផ្ដល់តម្លៃឱ្យមេរដ្ឋប្រហារនោះ អាច​ភ្លាត់ និងបង្កបញ្ហាកាន់តែធំ។ លោកថា បញ្ហាទាំងនោះ រួមមានការធ្វើឱ្យភូមាបែកបាក់កាន់តែខ្លាំងជាចម្រៀកៗ ​ធ្វើឱ្យអាស៊ានក៏បែកបាក់ដែរ។ ជាងនេះទៀត លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ​មីន អ៊ុងឡាំង អាច​ត្រូវ​សហគមន៍អន្តរជាតិ ចាត់ទុកជាក្រុមមេដឹកនាំ​មាន​លក្ខណៈ​នយោ​បាយប្រហែល​គ្នា​ថែម​ទៀត​ផង។

លោក គឹម សុខ និយាយថា៖ «អ្វីដែលខ្ញុំព្រួយបារម្ភបំផុត លោក ហ៊ុន សែន ដឹងថារដ្ឋាភិបាលរបស់គាត់មិនពេញច្បាប់ និងរងទណ្ឌកម្មជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ។ ដូច្នេះគាត់ក៏ទៅលេងល្ខោនលើកមុខក្រុមរដ្ឋប្រហារយោធា មីន អ៊ុងឡាំង ដើម្បីបានជាគ្នានៅក្នុងអាស៊ានកុំឱ្យរងាពេក។ ទី២ ចិនដឹងថា មីន អ៊ុងឡាំង អាចទប់អំណាចមិនបានយូរប៉ុន្មានទេ ម្លោះហើយចិនក៏ប្រើប្រាស់លោក ហ៊ុន សែន ឱ្យចេញលេងល្បែងទៅកំដលោក មីន អ៊ុងឡាំង ឱ្យរកច្រកបន្តអំណាចដើម្បីការពារប្រយោជន៍ដ៏ធំធេងរបស់ចិន នៅលើទឹកដីភូមា។ បើលេងល្បែងទាំងពីរនេះ កុំនិយាយទៅដល់ចំណេញដល់កម្ពុជា គឺរឹតតែធ្វើឱ្យកម្ពុជាត្រូវរងការស្តីបន្ទោសនិងរឹតត្បិតបន្ថែមទៀតកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ សូម្បីតែពីប្រទេសអាស៊ានចាស់ៗ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ