បទយក​ការណ៍៖​ សំរាម ​បិទ​បាំង​សម្រស់​ឆ្នេរ​អង្កោល​នៅ​ខេត្តកែប​

ទិដ្ឋភាព​ឆ្នេរ​អង្កោល​ ស្ថិត​នៅ​ក្នុង​ភូមិអង្កោល ឃុំអង្កោល ស្រុក​ដំណាក់ចង្អើរ មើល​ពី​លើ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ កញ្ញា ថូ វ៉ាន់)

ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​ឆ្នេរ​កែប គឺ​នៅក្នុង​ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ គេនឹងឃើញ​មាន​ឆ្នេរខ្សាច់​ធម្មជាតិ​ដែល​មាន​ពណ៌ត្នោត ប្រវែង​ជាង ២ ពាន់ម៉ែត្រ អមជា​មួយ​ម្លប់ដូង ត្រឈឹងត្រឈៃ និង​កោះអណ្ដែត​ត្រៀបត្រា​នៅក្នុង​ផ្ទៃសមុទ្រ នោះ​គឺជា​សម្រស់​ឆ្នេរ​អង្កោល។

ឆ្នេរអង្កោល គឺ​ជា​ឆ្នេរខ្សាច់​ធម្មជាតិ​មួយ​នៅ​ក្នុង​ខេត្តកែប ជាតំបន់​ដែល​កំពុង​មាន​សក្តានុពល ប៉ុន្តែ​បែរ​ជា​មិន​សូវ​មានការ​យក​ចិត្តទុកដាក់​និង​រៀបចំ​ឆ្នេរមួយ​នេះឲ្យ​សាកសម​នឹងធនធាន​ដែល​ឆ្នេរនេះ​មាន​នៅ​ឡើយ​នោះ​ទេ។

អាជីវករ​លក់ម្ហូប​អាហារ និង​ភេសជ្ជៈ នៅឆ្នេរ​អង្កោល អ្នកស្រី ឆាយ ស៊ុនឡាង វ័យ ២៤ ឆ្នាំ ប្រាប់​វីអូឌី​ថា នៅតំបន់​ឆ្នេរអង្កោល​នេះ​មាន​ភ្ញៀវទេសចរ​ចូលមក​លេង​កម្សាន្ត​ជា​យូរ​ណាស់មក​ហើយ ពោល​គឺ ចាប់តាំង​ពី​អំឡុង​ឆ្នាំ២០០៩ មកម្ល៉េះ ដែលកាល​នោះ ​សុទ្ធសឹង​តែ​ភ្ញៀវបរទេស​មក​លេង​កម្សាន្ត មិនមាន​ភ្ញៀវជាតិ​នោះ​ទេ។ ប៉ុន្តែ​ចាប់តាំងពី​មាន​ការ​ផ្សព្វផ្សាយ​ជាបន្តបន្ទាប់​មក ក៏មាន​ភ្ញៀវជាតិ​មក​កម្សាន្ត​ជា​ហូរហែ។ ទោះបី​ឆ្នេរនេះបាន​បង្ហាញ​ខ្លួន​ឲ្យភ្ញៀវទេសចរ​ចូល​មក​លេង​កម្សាន្ត​ក៏​ដោយ ក៏គេ​មិនទាន់​ឃើញ​មាន​ចំនួន​ច្រើន​នៅ​ឡើយ​ទេ។

កំពុង​អង្គុយ​នៅក្នុង​រោងប្រក​ដោយ​ស្លឹកចាក​នៅក្បែរ​ឆ្នេរ អ្នកស្រី ស៊ុនឡាង បន្ត​ថា កត្តាដែល​ធ្វើឲ្យនៅ​ឆ្នេរ​នេះមិន​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ដូចឆ្នេរកែប ឬ​ឆ្នេរផ្សេង​ទៀត​នោះ គឺដោយសារ​បរិស្ថាន​ឆ្នេរនេះ ​មិនទាន់​មានភាព​ល្អប្រសើរ​នៅ​ឡើយ ព្រោះមាន​សំរាម​អណ្ដែតពី​ក្នុង​សមុទ្រ មាន​ដូចជា ប្លាស្ទិច និង​ស្លឹកខ្លុយ ដែលដុះ​នៅ​ក្នុង​សមុទ្រ មកទើរ​នៅ​លើ​ឆ្នេរនេះ​ដែល​សម្អាត​យ៉ាងណា​ក៏មិន​ស្អាត​នោះ​ដែរ។

អ្នកស្រី ឆាយ ស៊ុនឡាង៖ «នៅនេះ​បើកយូរ​ហើយ​តែមិន​ទាន់​មាន​ភ្ញៀវ​មក​លេង​ច្រើន​កុះករ​ទេ។ អ្នក​ខ្លះមក​ហើយ​ក៏ទៅ​វិញ ដោយ​សារ​គាត់​ឃើញ​ឆ្នេរ​អត់​ស្អាត​ដូច​នៅ​ក្នុង​រូប​គេ​ថត។ មក​ដល់​គាត់​ឃើញ​មាន​សំរាម គាត់​ទៅ​វិញ គាត់ថា​អស់​អារម្មណ៍ មិន​ស្អាត​ដូច​ក្នុង​រូប​ អញ្ចឹង​ហើយ​បាន​មិន​មាន​ភ្ញៀវ​កើន​ឡើង»

ភ្នែក​សម្លឹង​ទៅកាន់​ឆ្នេរ ដែល​ពោរពេញ​ដោយ​សំរាម នៅ​ក្បែរ​ទូកនេសាទ​នៅ​ជិត​តូប​លក់ដូរ អ្នកស្រី​បន្ត​ទៀត​ថា ក្រៅពី​សំរាម​ដែល​អណ្ដែត​មក​ហើយ​នោះ នៅមាន​សំបក​ខ្ចង​ខ្ចៅដែល​អ្នកនេសាទ​បោះចោល​ទៅ​ក្នុង​សមុទ្រ ធ្វើ​ឲ្យ​ទឹក​មាន​ក្លិនស្អុយ និង​មុតជើង​នៅ​ពេលដែល​ចុះទៅ​លេង​ទឹក​នៅ​ម្ដុំ​នោះ។ អ្នកស្រី​ស្នើឱ្យមាន​ដំណោះស្រាយ​លើ​បញ្ហា​ទាំងអស់នេះ។

អ្នកស្រី ឆាយ ស៊ុនឡាង៖ «សម្រាប់​ទូកនេសាទ​ចង់​ឲ្យ​គាត់​(រដ្ឋបាលខេត្តកែប)​មាន​ចំណាត់ការ​ណា​មួយ រក​កន្លែង​ណា​ធ្វើ​ចំណត​សម្រាប់​ឲ្យគេ​ចត​ទូក​ត្រឹមត្រូវ​ ព្រោះ​ថា​គាត់​ចត​កន្លែងណា​គឺគាត់​ចោល​សំរាម​កន្លែង​ហ្នឹង​ហើយ»

ជាមួយ​គ្នា​នេះ ភ្ញៀវ​ទេសចរ​ម្នាក់​ដែល​មក​កម្សាន្ត​នៅឆ្នេរ​អង្កោល គឺ​លោក ទុំ វុទ្ធី បាន​ប្រាប់វីអូឌី​ថា នេះជា​លើកទីមួយ​ដែល​លោក​មក​សម្រាក​កម្សាន្ត​នៅទី​នេះដោយ​ការ​បោះតង់ជា​មួយ​មិត្ត​ភក្តិ​បីនាក់​ទៀត។ លោកថា ទេសភាព​នៅឆ្នេរ​នេះពិត​ជា​ស្រស់ស្អាត​ខុស​ប្លែក​ពី​ឆ្នេរផ្សេង​ដោយសារ​តែ​ខ្សាច់​ធម្មជាតិ​ពណ៌ត្នោត​លាយឡំ​ជាមួយ​នឹង​រលក​ព្រិចៗ​ចាំង​ជា​មួយនឹង​ពន្លឺ​ព្រះអាទិត្យ​ដែល​កំពុង​រៀបលិច​បង្កើត​ជា​បរិយាកាស​ល្អ។

ប៉ុន្តែលោក​មានការ​មិនពេញ​ចិត្ត​ជាមួយ​សំរាម​ដែល​មាន​នៅ​លើ​ឆ្នេរ និង​កន្លែង​ដទៃទៀត​ជុំវិញ​នោះ រួមទាំង​បញ្ហា​ផ្លូវ​ចេញចូល​ឆ្នេរ​មាន​សភាព​លំបាក។

លោក ទុំ វុទ្ធី «បរិយាកាស​នៅទីនេះ​ល្អ​ហើយ ប៉ុន្តែ​បរិស្ថាន​រាង​នៅមាន​សំរាម​នៅ​ខាងៗបន្តិច»

លោក​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ ជាពិសេស​ភ្ញៀវទេសចរ​ដែល​មកលេង​ឆ្នេរអង្កោល​ឲ្យចូលរួម​សម្អាត​ឆ្នេរ​នេះទាំងអស់​គ្នា ជាពិសេស​គឺ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន។

លោកថា៖ «ខ្ញុំចង់​ឲ្យបងប្អូន​ដែល​នៅខាងៗ​នេះ និង​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ចូលរួមសហការ​គ្នា​សម្អាត​នៅ​ឆ្នេរ​នេះ កុំរបៀបថា ចង់បាន​តែ​កន្លែង​ស្អាត​តែនាំ​គ្នា​ចោល​សំរាម»។

ក្នុង​កិច្ចប្រជុំ​ឆ្លង​សេចក្ដីព្រាង​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលា​ខេត្តកែប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា បានដាក់​បញ្ចូល​តំបន់​ឆ្នេរ​អង្កោល ជាតំបន់​ប៉ូល​ទេសចរណ៍ ក្នុង​មុំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប៉ូល​ទេសចរណ៍​ថ្មី របស់​ខេត្តកែប ក្នុង​ចំណោម​ប៉ូល​ទាំង​៤ ដែល​ជា​កន្លែងត្រូវ​ពង្រីក​សក្តានុពល​ទេសចរណ៍ ពង្រីក​កន្លែង​កម្សាន្ត ដែល​រួមមាន ប៉ូល​ទេសចរណ៍​ក្រុងកែប​ចាស់ ប៉ូល​ទេសចរណ៍​តំបន់​ភ្នំវល្លិ៍ ប៉ូល​ទេសចរណ៍​តំបន់​ប្រជុំកោះ និង​ប៉ូលទេសចរណ៍​តំបន់​អង្កោល។

ប្រធាន​មន្ទីរបរិស្ថាន​ខេត្តកែប លោក អ៊ឹម បញ្ញារិទ្ធិ ប្រាប់​មក​កាន់​វីអូឌី​ថា សំរាម​ដែល​មាននៅ​លើ​ឆ្នេរ​អង្កោល គឺ​មាន​ប្រភព​មក​ពី​ក្នុង​សមុទ្រ​ភាគច្រើន​ជារុក្ខជាតិ​ម្យ៉ាង​ដែល​គេហៅថាស្លឹក​ខ្លុយ បក់​មក​ទើរ​លើ​ឆ្នេរ​ជា​រៀង​រាល់​ថ្ងៃ​និង​បង្កជាការ​លំបាក​នៅក្នុង​ការ​បោស​សម្អាត។ ស្លឹកខ្លុយ​នេះមាន​ចំនួនច្រើន​នៅ​ចន្លោះ​ខែវិច្ឆិកា ដល់​ខែមេសា ជា​រដូវ​ទឹក​បក់​ចូល​ច្រាំង ជាហេតុ​នាំឲ្យ​មាន​ស្លឹក​ខ្លុយ​នេះ​ច្រើន​នៅ​លើ​ឆ្នេរ។

លោក​បន្ត​ថា ខេត្តកែប​មាន​គម្រោង​នៅក្នុងការ​អភិវឌ្ឍឆ្នេរ​នេះ ប៉ុន្តែ​នៅមិនទាន់​បាន​ចេញជា​រូបរាង​នោះទេ ដោយ​ត្រូវ​ការ​ពេលវេលា​និង​ថវិកា។ លោកថា ដោយ​សារ​តែ​មិនទាន់​មានការ​អភិវឌ្ឍ ទើប​មិន​មាន​ក្រុមហ៊ុន​ណាមួយ​មក​ដេញ​ថ្លៃ​នៅក្នុង​ការ​សម្អាត​នៅ​ឡើយ​នោះ​ទេ គឺ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ​ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន​នោះនាំ​គ្នា​សម្អាត​ទាំង​អស់​គ្នា។

លោក អ៊ឹម បញ្ញារិទ្ធិ៖ «ឧទាហរណ៍​ថា​សំរាម​ហ្នឹង​នៅ​មុខ​ផ្ទះ​យើង បើ​យើង​ពឹង​ឲ្យ​គេ​មក​ជួយរើសៗ​យ៉ាងណា​ក៏មិន​អស់​ដែរ អញ្ចឹង​ទាល់តែ​បងប្អូន​អាជីវករ​ហ្នឹង​ជួយ​ចូល​រួម​ទាំងអស់​គ្នា ដោយ​សារ​សម្អាត​រៀងៗ​ខ្លួន​តាម​មុខតូប​អាជីវកម្ម​របស់​គាត់​ហ្នឹង។ ណាមួយ​ដោយ​សារយើង​មិនទាន់​មានអ្នក​ដេញ​ភាស៊ី​យក​សម្រាប់​ធ្វើ​អនាម័យ​ឬ​សម្អាត​ឆ្នេរ​ហ្នឹង​ទេ ដោយ​សារតែ​យើង​ទើប​តែ​ចាប់​ផ្ដើម​ធ្វើការ​អភិវឌ្ឍ»

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកែប​រូបនេះ​បាន​ឲ្យដឹង​ទៀត​ថា នៅក្នុង​មួយ​ថ្ងៃ​មាន​សំរាម​ចន្លោះ​ពី ៣០ ទៅ៤០តោន ត្រូវ​បាន​ប្រមូល​ពី​ក្នុង​ខេត្តកែប​ទាំងមូល ដោយយក​ទៅ​ដុត​កម្ទេច​ចោល នៅ​ទីលាន​ចាក់​សំរាម​ដែល​ស្ថិត​នៅក្នុងសង្កាត់​ព្រៃធំ ក្រុងកែប ដែលនៅ​ទីនោះ​មាន​ផ្ទៃដី១៣​ហិកតា។

អភិបាល​រង​និង​ជាអ្នក​នាំ​ពាក្យ​សាលាខេត្តកែប លោក វ៉ៅ សុខា មាន​ប្រសាសន៍​ថា ខេត្តមាន​គម្រោង​រៀបចំ​ផ្លូវ​ប្របមាត់​សមុទ្រ​មួយ​ខ្សែ ចាប់ពី​ក្រុងកែប ឆ្លងកាត់​ឆ្នេរអង្កោល ភ្ជាប់ជា​មួយ​ផ្លូវ​បេតុង​ក្រវ៉ាត់​ភ្នំ​អង្កោល។ លោកថា គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ១០លាន​ដុល្លារ ក្រោម​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ក៏​នឹង​ចាប់ផ្តើម​ដំណើរ​កសាងសង់​នៅចុង​ឆ្នាំ ២០២១ នេះ ខណៈពេល​នេះ​ក្រុម​ការងារ​ខេត្តកែប​កំពុង​ចុះ​រុះរើ​សំណង់ដែល​សាងសង់​ដោយ​ខុស​ច្បាប់​នៅ​តាម​បណ្ដោយ​ឆ្នេរ​នេះ។

លោកថា៖ «ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវ​លើ​ឆ្នេរ​អង្កោល​នេះ នឹង​ចាប់​ដំណើរការ​នៅចុង​ខែធ្នូ ឆ្នាំ២០២១នេះ។ យើង​នឹង​ជម្រុញ​គម្រោង​នេះឲ្យដំណើរការ ធ្វើយ៉ាង​ណា​ឲ្យមាន​ផ្លូវងាយស្រួល​ចេញ​ចូល​នៅ​តំបន់​ហ្នឹង»

លោកបន្ថែម​ថា ផ្លូវមួយ​ខ្សែនេះ​មានសារ​សំខាន់ ក្នុងការ​តភ្ជាប់​ទីរួមខេត្ត​ទៅកាន់​តំបន់អង្កោល ដែល​អាច​ហៅថា ជា​តំបន់​ដាច់​ស្រយាល​មួយ​របស់​ខេត្ត និង​ជា​យុទ្ធសាស្ត្រទេសចរណ៍​ដ៏មាន​សក្ដានុពល។ លោកបញ្ជាក់​ថា បន្ទាប់ពី​គម្រោង​ផ្លូវ​នេះ​ស្ថាបនា​រួច​រាល់ ឆ្នេរ​អង្កោល​នឹង​ត្រូវ​បាន​កែ​លម្អ ឲ្យទៅជា​កន្លែង​ទេសចរណ៍ ដ៏ស្រស់​បំព្រង លើក​ស្ទួយជីវភាព​ប្រជពលរដ្ឋ​នៅក្នុង​តំបន់ ប្រែក្លាយ​ពី​តំបន់​ដាច់​ស្រយាល​ទៅជា​តំបន់ ដែល​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ