បុគ្គលិក Naga World ជាង​១៣០០​នាក់​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​​បុគ្គលិក​​៣៦៥​នាក់​ចូល​ធ្វើការ​វិញ​

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ជាង ១៣០០​ នាក់​ធ្វើ​កូដកម្ម​នៅមុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​កាល​ពី​ព្រឹក​ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ សង់ត្រាល់)​

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ជាង ១៣០០ នាក់ បាន​ធ្វើ​កូដកម្មនៅ​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​​នៅ​​សៅរ៍​នេះ ដើម្បី​ទាមទារ​ឱ្យក្រុមហ៊ុន​បញ្ឈប់​ការរើសអើង​សហជីព និង​ទទួល​យក​បុគ្គលិក ៣៦៥ នាក់​ឱ្យចូល​ធ្វើការងារ​ឡើង​វិញ។

កូដកម្មនេះ បាន​កើត​ឡើង បន្ទាប់​ពី​វិវាទ​ការងារ​នៅក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍នេះ បាន​កើតឡើង​អស់រយៈ​ពេល ៨ខែ មក​ហើយ ក្រោយពី​ក្រុមហ៊ុន​នេះ បាន​ប្រកាសបញ្ឈប់​បុគ្គលិក ១ ៣២៩​ នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​ ៨ ០០០​នាក់ ដោយ​លើកហេតុផល​ថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩​។​ ក៏ប៉ុន្តែ​តំណាង​សហជីព​ប្រចាំនៅក្នុង​កាស៊ីណូ​យល់​ថា ផែនការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នេះ គឺជាការ​គាស់​រំលើង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ចេញពី​ក្រុមហ៊ុន​នេះ ព្រោះ​បុគ្គលិក​ដែល​បញ្ឈប់​ភាគ​ច្រើន គឺ​ជា​សមាជិក និង​ថ្នាក់ដឹកនាំ​សហជីព។

កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើលដ៍​ធ្វើឡើង​ដោយ​បាន​ទាមទារ​ចំណុច​សំខាន់ៗ​ចំនួន ៩ ក្នុង​នោះ រួមមាន ទាមទារ​ឱ្យក្រុម​ហ៊ុន​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព សមាជិក​ប្រតិភូបុគ្គលិក និង​កម្មករ​និយោជិត​ចំនួន ៣៦៥ នាក់​ដែលមិន​ព្រមទទួល​យក​សំណង​បញ្ចប់​កិច្ចសន្យា​ការងារ ចូល​បម្រើ​ការងារ​ឡើងវិញ, ទាមទារ​ឱ្យក្រុមហ៊ុន គិត​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​កាត់​ចេញតាម​គម្រោង​កាត់​បន្ថយ​បុគ្គលិក, ទាមទារ​ឱ្យក្រុមហ៊ុន​អនុវត្ត​សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល​កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយ​គិត​ប្រាក់​បញ្ចប់កិច្ចសន្យា​ការងារ​បង្គ្រប់​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ, ទាមទារ​ឱ្យក្រុមហ៊ុន​ផ្តល់ប្រាក់​បំណាច់អតីត​ភាព​ការងារ និង​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ឱ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​សម្រាប់​ឆ្នាំ២០២០ និង ២០២១, ទាមទារ​ឱ្យក្រុមហ៊ុន​ផ្តល់ប្រាក់​បន្ថែម​ស្មើ​នឹង ៧% លើ​ប្រាក់​ឈ្នួលគោលបច្ចុប្បន្ន​ឱ្យកម្មករ​និយោជិត​ទាំង​អស់ ដើម្បី​បំពេញ​អតិផរណា​តម្លៃ​ទំនិញ​លើ​ទីផ្សារ ទាមទារ​ឱ្យក្រុមហ៊ុន​បញ្ឈប់​ការកេងប្រវ័ញ្ច​តាមរយៈការ​ប្រើប្រាស់​កម្មករ​និយោជិត​ក្រោមស្លាក​កម្មសិក្សា រួម​និង​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត។

ការធ្វើ​កូដកម្ម​របស់បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​នៅព្រឹកមិញ​នេះ បាន​បន្តរហូត​ដល់​រសៀល​ថ្ងៃសៅរ៍​នេះ ខណៈអភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញ​លិខិត​ព្រមាន​មួយ​ច្បាប់​នៅ​ថ្ងៃនេះ ឱ្យ​បញ្ឈប់​ការ​ធ្វើបាតុកម្ម​នេះ​ជា​បន្ទាន់។ អាជ្ញាធររាជ​ធានីភ្នំពេញ​បានចាត់​ទុក​កូដកម្មនេះ ថា​ជា​បាតុកម្ម​ខុសច្បាប់​ដោយ​ប្រើប្រាស់​សួនច្បារសាធារណៈ ដែល​ផ្ទុយ​ពី​ការ​ឯកភាព​គ្នានៅ​ក្នុងកំណត់​ហេតុ កាលពី​ថ្ងៃទី១៧ ខែធ្នូ រវាងតំណាង​សហជីព និង​រដ្ឋបាល​រាជធានី​ភ្នំពេញ។

គួរជម្រាប​ជូន​ដែរ​ថា ស្របពេល​ដែល​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ធ្វើ​កូដកម្មនៅ​ថ្ងៃ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​ដីកា​រក្សាការពារ​មួយ ដោយ​បាន​ចាត់ទុក​កូដកម្មនេះ ថា​ជា​កូដកម្ម​ខុស​ច្បាប់។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​សំដែង​ការ​សោកស្តាយ​ចំពោះ​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ចេញដីកា​រក្សា​ការពារ ទៅតាម​បណ្តឹង​របស់​ក្រុមហ៊ុន។

លោក ឃុន ថារ៉ូ បន្ថែមថា៖ «មាន​ន័យ​ថា [ដីការក្សាការពារ]​ កាលណា​តុលាការ​ប្រកាស​ចឹង មាន​ន័យ​ថា តុលាការ​បង្គាប់​ឱ្យ​កូដករ​ហ្នឹង​គាត់​ចូល​ធ្វើការងារ​ក្នុង​រយៈពេល​ ៤៨ម៉ោង​ ចឹងក្នុង​ករណី​ដែល​កូដករ​គាត់​មិន​ចូល​ធ្វើការងារ​ក្នុង​រយៈពេល ៤៨ ម៉ោងនេះ គឺចាត់​ទុក​ថាកូដករ​ហ្នឹង បុគ្គលិក​ហ្នឹង គាត់​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ»

លោកបាន​បន្ត​ថា៖ «ចឹង​អាហ្នឹង​វាជារឿង​អយុត្តិធម៌​បំផុត សម្រាប់​កម្មករ​និយោជិត ដែលគាត់​ប្រើប្រាស់​សិទ្ធិ​ជាមូលដ្ឋាន​ដែល​ធានា​ដោយ​ច្បាប់​ស្តីពី​ការងារ ដែល​ធានា​ដោយ​អនុសញ្ញា​ស្នូល​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ស្តីពី​សិទ្ធិ​នៅក្នុងការ​អនុវត្ត​សេរីភាព​ខាង​ផ្នែកសមាគម​ដែល​កម្ពុជា​យើង​បាន​ផ្តល់​សច្ចាប័ណ»

កាលពីដើម​ខែធ្នូនេះ អង្គការ សមាគម និង​សហជីព​ចំនួន ២៥ បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​សំដែង​ការ​ខក​ចិត្ត​ ចំពោះការ​បញ្ឈប់​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើលដ៍​នេះ។ សេចក្តី​ថ្លែង​ការណ៍​បាន​ចាត់​ទុក​ថា ក្រុមហ៊ុន​មាន​ចេតនា​រំលាយរចនា​សម្ព័ន្ធ​​ថ្នាក់​ដឹក​នាំ​សហជីព ដោយ​ថា ​ការ​ធ្វើ​បែបនេះ​មិន​សម​ហេតុ​ផល និង​មិន​អាច​ទទួល​យក​បានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ