តុលាការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​២​នាក់​ករណី​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ឃុំខ្លួនមន្ត្រីជាន់ខ្ពស់នគរបាល​ខេត្តកំពង់ឆ្នាំង ២រូប នៅថ្ងៃអាទិត្យនេះ ក្នុងសំណុំរឿងរុករានកាប់ទន្ទ្រានព្រៃលិចទឹកក្នុងតំបន់ហាមឃាត់នៃភូមិសាស្ត្របឹងទន្លេសាប។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនពីរដាច់ដោយឡែកពីគ្នា ចេញដោយអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរលោក កូយ សៅ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១  បានសម្រេចឱ្យកម្លាំងនគរបាលនាំខ្លួនស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងនាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង លោកវរសេនីយ៍ឯក កែវ ណារុន ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ឬ ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។

ការសម្រេចឃុំខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តកំពង់ឆ្នាំង២រូបនេះ ដោយក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនបញ្ជាក់ថា ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹកនៅតំបន់ហាមឃាត់។ ​

ក្នុងដីកាដដែលឱ្យដឹងដែរថា ឈ្មោះ ស៊ុំ សុជាតិ ឈ្មោះហៅក្រៅ ឈុយ និងលោក កែវ ណារុន ត្រូវបានតុលាការចោទប្រកាន់ពីបទប្រហាក់ប្រហែលគ្នា ដូចជាបំផ្លាញ និង គៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ជាដើម ដែលប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹក​តំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

ប្រភពដដែលថា ពួកគេត្រូវបានផ្តន្ទាទោសតាមបញ្ញត្តិមួយចំនួនដូចជា មាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨,មាត្រា ៩៨  នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

មន្ត្រីជាន់ខ្ពស់នគរបាលយុត្តិធម៌ខេត្តកំពង់ឆ្នាំងទាំងពីររូប ​ ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ឬACU បន្ទាប់ពីហៅទៅសួរនាំ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ក្នុងភូមិសាស្ត្របឹងទន្លេសាប។

​យ៉ាងណានេះ កាលពីថ្ងៃទី៣ ខែធ្នូនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ​ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់​វិធាន​ការ​ច្បាប់ ​ចំពោះ​អតី​ត​អភិបាល​ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និង​ដក​ហូតដី​ជាង​២ ០០០ហិកតា ​ទុក​ជា​សម្បត្តិរដ្ឋវិញ ខណៈមនុស្ស១៣នាក់​ទៀត​​ ក្នុងនោះ មានមន្ត្រីនគរបាល​ផងបាន​ចេញសារភាព និងព្រមប្រគល់ដីជូនរដ្ឋវិញ។

បើតាមកំណត់ហេតុកិច្ចប្រជុំក្រុម​ការងារអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីរបស់អាជ្ញាធរខេត្តកំពង់​ឆ្នាំង កាលពីថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០២១ បាន​បញ្ជាក់​ថា អ្នក​កាន់កាប់​អាស្រ័យ​ផល​ដីព្រៃលិចទឹក​ ១៣នាក់ ដែលបាន​​​សារភាព​និងប្រគល់ដី​ជូន​រដ្ឋ​វិញ​នោះ រួម​មាន ស្នង​ការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ មាន​ដី៦៧៥ហិកតា, ប្រធានការិយាល័យ​អន្តរាគមន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក កែវ ណារុន មានដី​៣២ហិកតា, មេបញ្ជាការសឹករងស្រុកកំពង់លែង លោក យឹម សារ៉ាត់ មានដី​៦០ហិកតា និងពលរដ្ឋផ្សេងទៀត ដែលមានផ្ទៃដីសរុប២ ០៥៨,៥ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ