តុលាការកំពូល​ច្រានចោល​បណ្ដឹង​របស់​ស្ថាបនិក​គណបក្ស​បេះដូងជាតិ

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)

តុលាការកំពូលសម្រេចច្រានចោល​បណ្ដឹង​របស់ស្ថាបនិកគណបក្សបេះដូងជាតិ នៅថ្ងៃសុក្រនេះ ខណៈប្រធានគណបក្សនេះបានចាត់ទុកថា រឿងនេះគឺជារឿងនយោបាយ។

ការបដិសេធនេះធ្វើឡើងក្រោយពីចៅក្រមតុលាការកំពូល លោក គង់ ស្រ៊ីម បានបើកសវនាការនៅថ្ងៃសុក្រនេះ អស់រយៈពេលប្រមាណ​ជាង៤ម៉ោង។

មេធាវីការពារក្ដីឱ្យក្រសួងមហាផ្ទៃ លោក ហាក់ សៀងលី ថ្លែងក្នុងសវនាការនេះដោយចោទប្រកាន់ថា គណបក្ស​បេះដូងជាតិ​ មិនបានស្ដាប់តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈក្រសួងបានជូនដំណឹង៣លើកឱ្យកែតម្រូវ​ចំណុចគោលៗ​​រួចហើយ។ ក្នុងនោះ លោកលើកឡើងថា គណបក្សនេះបានផ្ដល់ស្នាមមេដៃ​មិន​ច្បាស់លាស់ ​បំប៉ោងតួលេខ និងផ្ដើមដំណើរការដោយភាពមិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់ក្រសួងមហាផ្ទៃ។

ក្នុងសវនាការនេះ លោក ហាក់ សៀងលី បន្តចោទប្រកាន់ថា គណបក្សនេះបង្កើតកំហុស រួចសុំឱ្យលើក​លែង​ទោស។ ដូច្នេះ ប្រសិន​បើ​ក្រសួងមហាផ្ទៃ​លើកលែងតាមសំណូមពរ នោះមានន័យថា ​ក្រសួងបាន​ចូលរួម​ប្រព្រឹត្ត​បទឧក្រិដ្ឋផងដែរ។

សវនាការនេះបានធ្វើឡើងបន្ទាប់ពីមេធាវីការពារក្ដីឱ្យគណបក្សបេះដូងជាតិ លោក សំ សុគង់ បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីសុំឱ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ ហើយបើកផ្លូវឱ្យកូនក្ដីបានចុះបញ្ជីគណបក្សបេះដូងជាតិរបស់ខ្លួនឡើងវិញ ដើម្បីបានចូលរួមបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ខាងមុខ តាមលក្ខខណ្ឌច្បាប់។

យ៉ាងណាក្ដី ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានច្រានចោលការចោទប្រកាន់នេះថា លោកមិនមាន​ចេតនា​ទុច្ចរិត​ដូចការចោទប្រកាន់ឡើយ។ លោកថា ការស្រង់ស្នាមមេដៃនេះ លោកបាន​ប្រគល់ការងារឱ្យ​មន្ត្រី​ថ្នាក់​មូលដ្ឋានចុះស្រង់ ចំណែកមន្ត្រី​ក្នុងគណបក្សរបស់លោកក៏មិនមាន​សមត្ថភាពធ្វើ​កោសល​វិច័យ​ស្នាមមេដៃ​នោះ​ដែរ។

យ៉ាងណា បន្ទាប់ពីសវនាការនេះ លោក សៀម ភ្លុក ប្រាប់អ្នកសារព័ត៌មានថា លោកមានការសោកស្ដាយ​ចំពោះការ​សម្រេច​របស់​តុលាការ​កំពូល។

លោកថា៖ «ខ្ញុំគិតថា រឿងនេះជារឿងនយោបាយ ព្រោះបើអនុវត្តច្បាប់ បើគិតទៅតាមនីតិវិធី អង្គហេតុអង្គច្បាប់ ខ្ញុំនៅតែមិនអស់ចិត្ត ហើយក៏ខ្ញុំនៅតែមានអំណះអំណាង។ ការចោទរបស់តុលាការ និងការចោទរបស់ក្រសួងមហាផ្ទៃយ៉ាងនេះយ៉ាងនោះ អាហ្នឹងខ្ញុំនៅតែមិនអស់ចិត្ត។ យើងមានភស្តុតាងអីគ្រប់គ្រាន់ មានអំណះអំណាង មានឯកសារអីត្រឹមត្រូវហើយ ប៉ុន្តែក្រោយមក លោក [ចៅក្រម] សម្រេចបដិសេធ [ដោយឡែក] ទទួលយកការសម្រេចរបស់ក្រសួងមហាផ្ទៃ [និង] ចាត់ទុកជាបានការទៅវិញ អានោះហើយដែលខ្ញុំមិនអស់ចិត្ត»

គណបក្សបេះដូងជាតិ នាពេលថ្មីៗនេះ ត្រូវបានក្រសួងមហាផ្ទៃគំរាមប្ដឹងទៅតុលាការដើម្បីចាត់វិធាន​ការ​ផ្លូវ​ច្បាប់ និងបដិសេធការសុំចុះបញ្ជីគណបក្សនយោបាយ។ វិធានរបស់​ក្រសួង​មហាផ្ទៃ បាន​សម្អាងហេ​​តុ​​ថា ស្ថាបនិក​គណបក្សបេះ​ដូង​ជាតិ មានចេតនា «ទុច្ចរិត» ក្លែងស្នាមមេដៃសមាជិក ក្នុងការ​បំពេញ​បែប​បទ​សុំចុះបញ្ជីគណបក្សនយោបាយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើងក្នុ​ងលិខិតមួយ​ដាក់ជូនលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីពេលថ្មីៗនេះ​ថា តាមការធ្វើកោសលវិច័យ​ទៅលើស្នាមមេដៃចំនួន៤ ៧៨១មេដៃ ​​ដែលគណបក្សបេះដូងជាតិផ្ញើទៅក្រសួងដើម្បីសុំចុះបញ្ជី​គណបក្ស បានរកឃើញ​មានភាពមិនប្រក្រតីមួយចំនួនដូច​ជា ស្នាម​មេដៃខ្លះខុស​ទៅ​នឹង​ស្នាម​​មេដៃ​ក្នុង​អត្ត​សញ្ញាណ​បណ្ណ និងស្នាមមេដៃមួយចំនួនទៀតខូចគុណភាពមិ​នអាចធ្វើកោសលវិច័យ​បានជាដើម។

ពាក់ព័ន្ធនឹងករណីនេះ គណបក្សបេះដូងជាតិ ធ្លាប់បានលើកឡើង​ក្នុងសេចក្ដីថ្លែងការណ៍​​ចុះថ្ងៃ​​ទី​​២២ ខែវិច្ឆិកា ​​​​ថាខ្លួនមាន​ការ​សោក​ស្ដាយ​ដែលក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជីគណបក្ស​របស់ខ្លួន ហើយថែមទាំងចោទប្រកាន់យ៉ាង​អ​យុ​​ត្តិ​ធម៌។ គណបក្សនេះអះអាង​ថា ស្នាមមេដៃដែល​ខ្លួន​បាន​ដាក់​ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ មាន​ចំនួន​តែ៤ ៦១៨​នាក់ មិន​មែន​ចំនួន៤ ៧៨១​នា​ក់ ដូចការអះអាងរបស់ក្រសួងមហាផ្ទៃនោះទេ។ មួ​យវិញទៀត គណបក្សនេះថា ការរកឃើញភាពមិនប្រ​ក្រតីនៃស្នាមមេដៃ គួរតែក្រសួងណែ​នាំ​ពីកំហុសឆ្គង ដើម្បីកែសម្រួលទៅ​តាម​លក្ខន្តិកៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ