បទយកការណ៍៖​ ប្រាក់​​ខែ​​គោល​​ក្រោម​​២០០​​ដុល្លារ​​ ​មិន​​​ទាន់​​អាច​​ឱ្យ​​ជីវភាព​​កម្មករ​​រោងចក្រ​​រស់​​នៅ​​សមរម្យ​​ឡើយ​

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

នាវេលាម៉ោង ​៣ និង ៥៧នាទី​ ឈានចូល​ម៉ោង ៤ រសៀល ​នៅ​ច្រក​ចូល​មុខរោង​ចក្រ​មួយ​ ស្ថិតនៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ​មាន​សំឡេងកង​រំពង​ពី​សំ​ណាក់​អ្នក​លក់​បាយម្ហូប ភ្លាមៗនោះ​ទ្វាររោងចក្របានបើកស្នូរ​ស្បែកជើងរបស់​ស្រ្តី​រាង​តូច​ស្ដើង​កំពុង​ពរពោះ​កូន៤ខែជា​មួយដំណើរមួយៗ​សំដៅ​ទៅ​កន្លែង​រង់ចាំ​ឡាន​មកទទួល ​ក្នុងដៃ​មានកាន់​ទាំង​កញ្ចប់បាយ និង​ផ្លែឈើផង​។

អ្នកស្រី សែម ស្រី​ពៅ មាន​អាយុ ២៦ ​ឆ្នាំ មាន​ស្រុក​កំណើត ​នៅ​ភូមិ​វាលរងើក​ ឃុំចម្លង​ ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង​ ជាកម្មការិនី​នៅ​រោង​ចក្រ​កាត់ដេរ ​(អាង​យ៉ុង) បាន​រៀបរាប់ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់ ហាក់រៀងហត់​បន្តិចថា ប្រាក់​ខែដែល​បាន​មក​ចំណាយ​ក្នុង​មួយខែៗ ​ទៅលើ​ការ​ចាយវាយ​និង​ប្រាក់​សេសសល់​តិច​តួច​ប៉ុណ្ណោះ ​ក្នុង​ការ​សន្សំទុក។

អ្នកស្រីលើកឡើងថា៖ «​បាន​មកបង់​អង្គការ​ខ្លះ​ ទឹក​ដោះគោ​កូន​ផង​ ហីអង្ករ​ម្ហូប ត្រីអីចឹងហាស់ សន្សំមួយខែ​បាន​តិច​តួច​ហ្នឹង​ ខែ​ខ្លះ​ក៏​សល់​ ខែ​ខ្លះ​ក៏អត់​ វា​មិនទៀង​»

អ្នកស្រីបាន​បន្ថែម​ថា​ ក្នុង​ស្ថានភាព​កំឡុង​កូវីដ​ ជា​ស្ថានភាព​មួយដ៏​លំបាក​ចំពោះគ្រួសារ​កូន​៣នាក់​ក្នុង​បន្ទុក។ ​ការចំណាយ​អាស្រ័យ​លើលុយប្រាក់​ខែ​មួយខែៗ​ និងពេលនេះ​គ្រួសារត្រូវសងបំណុល​ដែលបាន​ជំពាក់អំឡុង​ពេលកូវីដ។

អ្នកស្រីបន្តថា៖ «ប៉ះពាល់​ដែរ​បង​ ឥឡូវ​ចង់និយាយថា​ ប្រាក់​ខែ​ វា​ខុស​មុន​តិច​តួច​​ ហើយ​យើង​ត្រូវ​ពី​មុន​ប៉ុណ្ណឹង​បាន​គ្រាប់​អ៊ីចឹង​ បាន​គ្រប់ ​ឬ​លើស​ហ្នឹង ​តិចហាស់ តែ​អា​នេះ​វា​ធ្លាក់​ចុះ​ក្រោម​ចឹងវា​អត់គ្រប់​ទេ​ ពេល​កូវីដ​ហ្នឹង​វា​ធ្លាក់​ចុះ​ ឥឡួវ​កូវីដ​ហើយ​ក៏​នៅ​តែ​ធ្លាក់​ចុះ​ដែរ ​​ព្រោះអី​ពី​មុន​យើង​ខ្វះ​ខាត​ ខ្ចី​គេ​មក​ថែម​ចឹង​ហា​ អ៊ីចឹង​ដល់​ពេលឥឡូវ​យើង​រក​បាន​យើង​សង​គេ​វិញ យើង​ខ្វះ​ខាត​»

ចំណែក កញ្ញា សឿង ​ស្រី​ល័ក្ខ​ អាយុ​ ២១ ​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​នៅ​ក្នុង​ក្រុម​ហ៊ុន​មួយកន្លែង សព្វ​ថ្ងែរស់នៅ​ក្នុង​បន្ទប់ជួល​មួយដែល​មាន​តម្លៃ៤០​ដុល្លារក្នុង​មួយខែ​។ កញ្ញាបាន​បង្ហើប​ឱ្យ​ដឹងថា​ រាល់​ប្រាក់​ខែដែល​បាន​មក​ គឺត្រូវ​រក្សាទុក​ក្នុង​ការ​ចាយ​វាយជា​ប្រចាំ​និង​សល់​តិច​តួច​ដើម្បីផ្ញើឱ្យ​គ្រួសារ​នៅ​ឯស្រុក។

កញ្ញាលើកឡើង​ថា៖ «​ខែមុនអ៊ីចឹង ​បាន​២៣០ដុល្លារអ៊ីចឹង ផ្ញើ​ទៅគាត់ (អ្នកផ្ទះ) ២០ម៉ឺន​អ៊ីចឹង​ លុយ​ហ្នឹង​សម្រាប់​ទុក​ចាយ​ ផ្ញើ​ទៅ​ឱ្យ​​ម៉ែឪ​ ​វា​មិនសូវ​គ្រប់​គ្រាន់​ប៉ុន្មានទេ​បង! វារាង​ខ្វះ​មុខ​ ខ្វះ​ក្រោយ​ ដែរចឹង​ហា»

កញ្ញបានបន្ថែមថា ​ការរស់​នៅ​ឆ្ងាយ​ពី​គ្រួសារ​វា​ជា​រឿងដ៏​លំ​បាក​​មួយ ពិសេស​ការបរិភោគ​មិន​បាន​គ្រប់គ្រាន់ ខ្វះជីវជាតិ ហើយអំឡុង​ពេល​នេះ​កញ្ញា​​បានបាត់បង់​ការងារធ្វើ​ ដោយសារខាងក្រុមហ៊ុន​បានរំសាយ​បុគ្គលិកមួយចំនួន រហូតដល់មានក្រណាត់មកពីប្រទេសចិន។ កញ្ញាបន្តថា ​ស្នាក់​នៅ​ផ្ទះជួល​មួយ​រយៈ និង​សង្ឃឹម​ថា ឆាប់​បាន​ចូល​ធ្វើការ​ឆាប់ៗ​វិញ។

កញ្ញា​លើក​ឡើង​ថា៖ «​រាងពិបាកដែរ​ ពីព្រោះអីអត់មានអ្វីធ្វើ​ ពីព្រោះអីតែដាច់ខែហ្នឹង​គេរើសទៀត គេរើសម្ដងទៀត»។

ម្ចាស់​ផ្ទះជួល លោក ផុន តុលា ស្ថិតនៅ​ភូមិដើមពោធិ៍​ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង​ បានឱ្យដឹង​ថា ​សព្វថ្ងៃលោក​មាន​បន្ទប់ជួលចំនួន​២០បន្ទប់​ ដោយមួយបន្ទប់លោកឱ្យក្រុមកម្មករជាមធ្យម​ ៤០ ដុល្លារ​ក្នុងមួយ​ខែ។ លោកបន្តថា ​កម្មកររោងចក្រមកពីចំងាយ​រួមទាំងខេត្តផ្សេង​មកជួលផ្ទះនៅទីនេះ​ដើម្បី​ធ្វើការក្នុងរោងចក្រ។

លោក​បន្ត​ថា​ បច្ចុប្បន្ន​លោកកំពុង​ជួល​៦​បន្ទប់​ដែល​ភាគ​ច្រើន​សុទ្ធសឹង​តែ​ជា​កម្មករ កម្មការិនី​រោងចក្រ។ លោក​បន្ថែម​ទៀត​ថា​ លោក​ខ្ចីលុយ​ពីធនាគារ​ដើម្បី​សាងសង​ផ្ទះជួលនេះ​ឡើង ដូច្នេះស្ថានភាព​គ្រួសារ​លោក​នៅ​ខ្វះខាត និង​មានការ​ព្រួយ​បារម្ភ ប្រសិន​បើ​ស្ថានភាព​មិនទាន់​ប្រសើរ​ជាង​នេះ។​

លោកលើកឡើងថា៖ «ប៉ះពាល់​ច្រើន​ដូចដឹង​ស្រាប់​ហើយ​ថា ខ្ញុំខ្ចីលុយ​ធនាគារ​មក​ធ្វើ​ មិន​ថា​តែខ្ញុំ​ថា​តែ​គេ​ទេ អំឡុង​ពេល​កូវីដ​ហ្នឹង​សល់​តែ​មួយ​បន្ទប់​ក៏​មាន​»

ប្រធា​ន​សហភាព​សហជីព​កម្ពុជា​និង​ជា​អតីត​​ប្រធាន​សមា​គមន៍គ្រូបង្រៀន​កម្ពុជា​ឯក​រាជលោក​ រ៉ុង ឈុន​ ​មានប្រសាសន៍​ថា​ ប្រាក់​ខែ​ ១៩៤ ដុល្លារ ​មិនទាន់​ធ្វើ​ឱ្យ​ជីវ​ភាព​កម្មកររស់នៅមាន​ភាព​ល្អ​ប្រសើរនៅ​ឡើយទេ។ លោកបន្តថា ​កម្មករគួរតែ​ទទួល​បាន​ប្រាក់​ខែ៣០០ដុល្លារ ក្នុង​មួយខែ ​ទើប​មាន​ជីវ​ភាពសមរម្យ។ លោកបន្ថែមថា​ ចំពោះប្រាក់ខែគោល​ ១៩៤ ដុល្លារ ដែលនឹងអនុវត្តចាប់​ពីឆ្នាំក្រោយនេះទៅ មិន​សមាមាត្រនិងអតិផរណានៃតម្លៃ​ទំនិញ​សព្វថ្ងៃ​នោះ​ទេ។ ដូច្នេះ​និយោជក​គួរ​តែ​តម្លើង​ឱ្យ​ដូចថ្លៃ​ទំនិញ​ដែលឡើង​ថ្លៃ ដើម្បី​កម្មករកម្មការិនី​មាន​ជីវភាព​សមរម្យ។

លោក​លើក​ឡើងថា «ប្រសិន​បើ​ត្រឹម​តែ ​១៩៤ (ដុល្លារ)​ នៅ​អនុវត្តន៍​ឆ្នាំក្រោយនេះ​ ឃើញ​ថា ​ពួក​គាត់​នេះ ​នៅ​តែ​មាន​ការ​លំ​បាក​ប្រឈម​​ទៅ​នឹង​បញ្ហា​ជីវភាព​ ពី​ព្រោះ​២​ដុល្លារ​ ហើយ​អ្វីៗ​ឡើង​លើស​ពី​អ្វី​ដែល​ក្រុម​ហ៊ុន​ដំឡើងឱ្យ​​ពួក​គាត់​ ដូច​ជា ​ថ្លៃ​ទឺក​ ភ្លើង ថ្លៃ​បន្ទប់​ក្ដី ​នៅ​ពេល​ហ្នឹង​ឡើង​ខ្ពស់​ជាងអ្វី​ដែល​​ប្រាក់​ឈ្មួល​ដែរ​បាន​តម្លើងទៅទៀត​​»

លោក រ៉ុង ឈុន ​បាន​បញ្ជាក់​ថា​ ប្រាក់​ខែ​កម្មករ​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ បាន​ការ​កើន​ឡើង​បន្តិច​បន្តួចប៉ុណ្ណោះ ​ប៉ុន្តែ​កម្មករ​នៅ​តែ​ប្រឈម​នឹង​ការ​លំ​បាក​ ជាមួយ​ការ​រស់​នៅ​ក្នុង​ជីវភាព​របស់​ពួក​គេដដែល​។

លោកលើកឡើងថា៖ «យ៉ាង​ហោច​ក៏បាន​ត្រឹម​ ៣០០ ដុល្លារ​ អាហ្នឹង​បាន​អាច​មាន​តុល្យភាព​ជា​មួយទី​ផ្សារ​បច្ចុប្បន្ន​ ប៉ុន្តែ​បើ​ដំឡើងប្រាក់​ឈ្នួល​ដល់ ​៣០០ ដុល្លា​រ​ហើយ​រដ្ឋាភិបាល​មិនបាន​គិតគូពី​តម្លៃ​ទំ​និញ​ ថ្លៃបន្ទប់​ ថ្លៃផ្ទះ​ជួល​ ថ្លៃ​ទឹក​ភ្លើង​ អាហ្នឹង ​ក៏​វា​នៅ​តែ​ជួប​ឧ​បគ្គស​ដដែល​»

យោង​តាម​ការ​សិក្សា​ថ្មីមួយ កាលពី​ដើមខែធ្នូ របស់​ការិយាល័យ​អង្គការ​ក្រៅ​រដ្ឋាភិបាលអូស្ត្រាលី ActionAid ដែល​ជា​អង្គការ​សិទ្ធិស្ត្រី​ពិភពលោក បាន​ផ្តោត​សំខាន់​លើ​ប្រទេសកម្ពុជា និង​បង់ក្លាដែស បាន​លើកឡើង​ថា ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ បាន​រងផលប៉ះពាល់ខ្លាំង​នៅក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាតកូវីដ-១៩ (Covid-19)។ វាបាន​វាយ​លុក​សង្វាក់​ផ្គត់ផ្គង់​ពិភពលោក និង​ផ្អាក​ផលិតករ​ជាច្រើន​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន។  ប៉ុន្តែ​ការ​សិក្សា​ថ្មី​បំផុត​នេះ ហាក់​ដូចជា​ឈាន​ទៅមុខ​មួយជំហាន​ទៀត​ ជាង​ការ​ណែ​នាំផ្សេង​ទៀត​ក្នុងការ​កសាង​ឧស្សាហកម្ម​កាត់ដេរ​ឡើង​វិញ ជាមួយ​នឹង​ការ​ជំរុញ​ឱ្យឧស្សាហកម្មកាត់ដេរ​កម្ពុជា​ទទួល​យក “ប្រាក់ឈ្នួល​រស់​នៅ​សមរម្យ” សម្រាប់​កម្មករកាត់ដេរ​ម្នាក់​ជាមួយ​ប្រាក់ខែគោល ចំនួន ៥៨៨ ដុល្លារ​ក្នុងមួយ​ខែ ដែល​ច្រើន​ជាង​បី​ដងនៃ​ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន​នៃ​ចំនួន ១៩២ ដុល្លារ។

របាយការណ៍នេះ​បានកត់សម្គាល់​ថា ប្រាក់​ឈ្នួល​រស់​នៅ​សមរម្យ ដែល​ត្រូវ​បាន​ស្នើឡើង​ត្រូវបាន​គណនា​នៅ​ឆ្នាំ 2020 ដោយ Asia Floor Wage Alliance (AFWA) ដែលជាសម្ព័ន្ធ​ការងារ​ក្នុងតំបន់​ដែល​ធ្វើការ​លើការងារ​តស៊ូមតិ​សម្រាប់​ប្រាក់​ឈ្នួល​ខ្ពស់​នៅ​ទូទាំង​ទ្វីប​អាស៊ី។

ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ឱ្យដឹងថា ​លោក​មិនមាន​យោបល់​ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់ខែ​គោល​នេះ​ទេ ដោយ​សារតែភាគី​សហជីព រដ្ឋាភិបាល ក៏ដូចជា ក្រុមហ៊ុន បាន​ពិភាក្សា និង​ចរចា​គ្នាបាន​លទ្ធផលរួច​ទៅ​ហើយ។

លោកលើកឡើងថា​៖ «មិនមាន​យោបល់​លើ​ទស្សនៈ​របស់​គាត់​ទេ ពីព្រោះ​ពេល​ប្រជុំជជែក​ប្រាក់​ឈ្នួល គឺ​យើង​មាន​ក្រុម​ការងារ​បច្ចេកទេស​ត្រីភាគី​សិក្សា និង​បាន​ចរចា​គ្នាបាន​លទ្ធផល​រួច​ហើយ​ដែរ»

រដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានចេញ​សេចក្ដីប្រកាស​មួយ ស្តីពី ការដំឡើងប្រាក់ឈ្នួលអប្បរមាជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ចំនួន ២ ដុល្លារ សម្រាប់​អនុវត្តន៍​ឆ្នាំ២០២២ខាងមុខ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករកើនពី ១៩២ ដុល្លារ ដល់ ១៩៤ ដុល្លារក្នុងមួយខែ។

វីអូឌី​មិន​អាច​សុំការ​ឆ្លើយតប​ពី​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រកាត់​ដេរ​នៅកម្ពុជា​​(GMAC) លោក ខេន លូ បាន​នៅ​ឡើយ​ទេ។ ខណៈដែល​ព្រះសូរិយា​បាន​ធ្វើដំណើរ​សន្សឹមៗ​រៀប​អស្ដង្គត​អ្នក​ស្រី សែម ស្រី​ពៅ បន្តអង្គុយ​នៅ​មុខ​សួន​រោងចក្រ​មួយ​កន្លែង ដើម្បី​ទន្ទឹង​រង់ចាំ​ឡាន​ដឹក​កម្មករ​មកយក​អ្នកស្រីត្រលប់​ទៅ​ផ្ទះ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ