លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​រក​ឃើញ​វីរុស​កូវីដ​-១៩​បំប្លែង​ថ្មី​អូមីក្រុង​ ​១៥​ករណី​ទៀត​ក្នុង​ពេល​មួយថ្ងៃ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាសថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង»ចំនួន ១៥ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងវីរុសប្រភេទថ្មីនេះកើនឡើងរហូតដល់ ៣១ករណីនៅកម្ពុជា។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ៧៨៣ ០០០ដូស នៃជំនួយសរុបចំនួន ២ ៣៥០ ៥៣០ដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅយប់ថ្ងៃទី២៦ខែធ្នូនេះ លោក ហ៊ុន សែន ​មានប្រសាសន៍ថា ក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ចំនួន ១៥ករណី ដែលជាករណីនាំចូលពីក្រៅប្រទេសទាំងអស់។

លោកបញ្ជាក់ថា ចំនួនរកឃើញថ្មីនេះ បានធ្វើឱ្យអ្នកឆ្លងមេរោគប្រភេទថ្មី «អូមីក្រុង»  នៅកម្ពុជាកើនឡើងដល់៣១ករណី ខណៈ​ ៣ករណី ឬ ៣នាក់ ​ក្នុងចំណោមអ្នកឆ្លងវីរុសប្រភេទថ្មីទាំងនោះ ត្រូវបានព្យាបាលជាសះស្បើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ «ដូច្នេះខ្ញុំសូមយកឱកាសនេះ ដើម្បីសូមឱ្យប្រជាពលរដ្ឋយើងមានការប្រុងប្រយត្ន ក៏ប៉ុន្តែក៏មិនត្រូវភ័យស្លន់ស្លោនោះទេ។ យើងត្រូវរួមគ្នាដើម្បីទប់ស្កាត់ជាមួយនិងការឆ្លងនូវមេរោគនេះ[អូមីក្រុង] ចូលទៅក្នុងសហគមន៍។ នៅលើពិភពលោកនេះមានការឆ្លងនូវជំងឺនេះ[អូមីក្រុង] នៅ​ប្រទេសជាច្រើនរួចមកយហើយ ក៏ប៉ុន្តែជំងឺនេះមិនសាហាវដូចជា ដែលតា នោះទេ គឺនៅអាចព្យាបាលបាន។ ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងប្រទេសរបស់យើងពេលនេះ គឺសុទ្ធសឹងតែចូលមកតាមច្រកព្រលានយន្តហោះ ទាំងនៅភ្នំពេញ ទាំងនៅសៀមរាប »។

ប្រមុខរដ្ឋាភិបាលរូបនេះអះអាងថា យ៉ាងណាកម្ពុជានៅអាចគ្រប់គ្រងការឆ្លងមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» នេះ មិនឱ្យរីករាលដាលចូលទៅក្នុងសហគមន៍នោះឡើយ។

លោក ហ៊ុន សែន ក៏អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ឱ្យ​ប្រុងប្រយត្នខ្ពស់ចំពោះការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ ដោយត្រូវចូលរួមទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ ត្បិតវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ មានលទ្ធភាពចម្លងលឿន ជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត ដូចជា ដែលតា ឬ អាល់ហ្វា ជាដើម។

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន «អូមីក្រុង» ជាបន្តបន្ទាប់ ក្រោយពេលរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេច​ដកបម្រាមចំពោះអ្នកដំណើរដែលមកពីប្រទេស ឬ ឆ្លងកាត់ប្រទេសចំនួន១០ ក្នុងតំបន់អាហ្វ្រិកមិនឱ្យចូលមកកម្ពុជា បន្ទាប់ពីតំបន់មួយនេះរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួន«អូមីក្រុង» ដំបូងគេ។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានចេញសេចក្ដីសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្រ្វិក ឬអ្នកមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ រួមមាន Botswana, Eswatini, ​L​esotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia ក្នុងអំឡុងពេល៣សប្ដាហ៍ មុនពេលធ្វើដំណើរចូលប្រទេសកម្ពុជា។

យ៉ាងណា នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល​បាន​​​ប្រកាស​លុបចោលបម្រាមនេះវិញ ដោយលោក ហ៊ុន សែន ធ្លាប់អះអាងថាលោកជាអ្នកបញ្ជា​ឱ្យដកចោលបម្រាមនេះ ដើម្បីចូលរួមចំណែកក្នុងដំណើរការបើកប្រទេសកម្ពុជាឡើងវិញ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ