ក្រសួងសុខាភិបាលអះអាងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានធ្លាក់មកនៅត្រឹម៤នាក់ក្នុងមួយថ្ងៃ ខណៈរបាយការណ៍ក៏បានបង្ហាញថា មិនមានចំនួនអ្នកស្លាប់ថ្មីដោយសារវីរុសនេះឡើយកាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា មិនមានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នោះឡើយកាលពីថ្ងៃទី២៥ ខែធ្នូ ស្របពេលអ្នកឆ្លងជំងឺនេះថ្មីមានចំនួន ៤នាក់ប៉ុណ្ណោះដែលលទ្ធផលបញ្ជាក់ពីម៉ាស៊ីនធំឬPCR។ ប្រភពដដែលបញ្ជាក់ថា ដោយឡែក អ្នកជំងឺកូវីដ-១៩ បានព្យាបាលជាសះស្បើយថ្មីមានចំនួន ៨នាក់ផងដែរ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៤៤៩នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន ១១៦ ៨៦១នាក់ និងអ្នកស្លាប់សរុប ៣ ០០៨នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៨៧៣នាក់។
រយៈពេលជិត១ឆ្នាំ ពោលគឺចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក កម្ពុជាបានប្រកាសរកឃើញចំនួនពលរដ្ឋស្លាប់ដោយសារវីរុសកូវីដ-១៩ ជាង៣០០០នាក់ និងអ្នកឆ្លងជាង១០ម៉ឺននាក់។
យ៉ាងណា កាលពីថ្ងៃទី២០ ខែធ្នូ លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលជាការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ការប្រកាសបិទបញ្ចប់នេះ ដោយលោកអះអាងថា ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ រួមទាំងជោគជ័យនៃការទប់ស្កាត់ជំងឺនេះ ដោយសាររដ្ឋាភិបាល បានសម្រុកចាក់វ៉ាក់សាំងជូនពលរដ្ឋជាបន្តបន្ទាប់ផងដែរ។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ពេលនោះថា កម្ពុជាគ្រាន់តែប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈប៉ុណ្ណោះ ក៏ប៉ុន្តែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែជាកិច្ចការត្រូវធ្វើបន្តទៀត ហើយកិច្ចការនេះ មិនអាចធ្វេសប្រហែសបានទេ និងសូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត៕