ក្រសួងសុខាភិបាលអះអាងថា អ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ដែលជាប្រភេទបំប្លែងខ្លួន «អូមីក្រុង» មានចំនួន១៥ករណី ជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ខណៈអ្នកស្លាប់ថ្មីមានចំនួន១ករណីបន្ថែមទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៥នាក់ថ្មី ដែលបានរកឃើញកាលពីម្សិលមិញនោះ គឺជាប្រភេទបំប្លែងខ្លួន «អូមីក្រុង» ទាំងអស់ ដែលជាអ្នកដំណើរមកពីក្រៅប្រទេសឬជាករណីនាំចូល។ ប្រភពដដែលបញ្ជាក់ថា ជាមួយគ្នានោះក៏មានករណីស្លាប់ម្នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន១៣នាក់ផងដែរ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៤៦៤នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន១១៦ ៨៧៤នាក់ អ្នកស្លាប់សរុប៣ ០០៩នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១៩ ៨៨៨នាក់។
កាលពីយប់ថ្ងៃទី២៦ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ចំនួនអ្នកឆ្លង អូមីក្រុង ១៥ករណីបន្ថែមទៀតនេះ បានធ្វើឱ្យអ្នកឆ្លងមេរោគប្រភេទនេះនៅកម្ពុជាកើនឡើងដល់៣១ករណី ខណៈ៣ករណីត្រូវបានព្យាបាលជាសះស្បើយ។
ប្រមុខរដ្ឋាភិបាលរូបនេះអះអាងថា កម្ពុជាកំពុងគ្រប់គ្រងការឆ្លងមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» នេះ មិនឱ្យរីករាលដាលចូលទៅក្នុងសហគមន៍នោះឡើយ។
យ៉ាងណា លោក ហ៊ុន សែន ក៏អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ ដោយត្រូវចូលរួមទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ ត្បិតវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីនេះមានលទ្ធភាពចម្លងលឿនជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត ដូចជា ដែលតា ឬ អាល់ហ្វា៕