ប្រជាសហគមន៍​ស្នើ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​សេសសល់ ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​ក្នុង​ជីវភាព

តំណាងពលរដ្ឋជាង១០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំមុខក្រសួងរៀបចំដែនដី ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីពួកគេ ខណៈវិវាទនោះអូសបន្លាយជាង១០ឆ្នាំ ពុំទទួលបានសំណង នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ (ហ៊ី ឆាយ)

សង្គមស៊ីវិល និងប្រជាសហគមន៍នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនបង្ហាញក្ដីបារម្ភ​ថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែពន្យារពេលមិនព្រមដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់បន្តទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់ការអភិវឌ្ឍជាតិថែមទៀតផង។

ក្នុងសិក្ខាសាលាផ្សព្វ​ផ្សាយរបាយការណ៍សិក្សាព័ត៌​មានអំពីវិវាទដីធ្លី និងធនធានធម្មជាតិ នៅថ្ងៃទី២៧ ខែធ្នូនេះ អ្នកស្រី ច្រាយ នីម មកពីសហគមន៍ដីធ្លីព្រលានយន្តហោះថ្មគោល រាជធានីភ្នំពេញ អះអាងថា សហគមន៍របស់គាត់បញ្ចប់ការបណ្ដេញចេញកាលពីឆ្នាំ២០១៧។

អ្នកស្រីថា បើគិតមកដល់បច្ចុប្បន្ននេះ អ្នកស្រីជួបបញ្ហាប្រឈមច្រើន ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពនៃការរស់នៅ ដោយសារក្រសួងពាក់ព័ន្ធមិនទាន់ចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិ (ប្លង់រឹង) ជូនពួកគាត់នៅឡើយ ។ ករណីនេះ អ្នកស្រីស្នើទៅរដ្ឋាភិបាលជំរុញទៅក្រសួងពន្លឿនចេញប្លង់កម្មសិទ្ធិជូនពួកគេឱ្យបានឆាប់។

អ្នកស្រីមានប្រសាសន៍ថា៖ «សម្រាប់នៅសហគមន៍ព្រលានយន្តហោះថ្មគោល ខ្ញុំមានការបារម្ភថា ឥលូវនេះកុងត្រាចុះនៅខាងបារាំង ហើយព្រលានយន្តហោះអាចមានកុងត្រាថ្មីជាមួយនឹងចិនឬក៏ស្ថាប័នណាផ្សេង គឺយើងមានការបារម្ភទាក់ទងនឹងសុវត្ថិភាពនិងទំនាស់ដីធ្លីទៅមុខទៀត។ អ៊ីចឹងខ្ញុំស្នើទៅខាងរដ្ឋាភិបាលឬក្រសួងពាក់ព័ន្ធជួយពន្លឿនធ្វើប្លង់ឱ្យពួកយើងខ្ញុំផង»។

ដោយឡែក ប្រធានសហគមន៍នេសាទត្រពាំងល្ពៅព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត លោក ធុង ញិល បានថ្លែង​ថា កន្លងមក អាជ្ញាធរដែនដីខ្លះបានគប់គិតគ្នាជាមួយក្រុមហ៊ុនឯកជន ដោយអនុញ្ញាតឱ្យក្រុមហ៊ុននោះយកដីភ្នំនិងចាក់ដីលុបសមុទ្រ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការផ្លូវច្បាប់លើអ្នកប្រព្រឹត្តទាំងនោះឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ លោក ញិល បញ្ជាក់ថា មុននឹងធ្វើការអភិវឌ្ឍ អាជ្ញាធរដែនដីនិងក្រុមហ៊ុនមិនបានសិក្សាពីផលប៉ះពាល់ដល់ធនធានធម្មជាតិ បរិស្ថាន និងសង្គមឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ ដែលធ្វើឱ្យកើតមានវិវាទដីធ្លីជាមួយពលរដ្ឋជាហូរហែ ហើយការអភិវឌ្ឍនានាក៏ទទួលរងនូវផលប៉ះពាល់ជាច្រើនផងដែរ។

លោកមានប្រសាសន៍ថា៖ «នៅខាងខ្ញុំ យកដីភ្នំ ទៅចាក់លុបសមុទ្រ។ អ៊ីចឹងការប៉ះពាល់វាច្រើន ហើយការលុបសមុទ្រ វាធ្វើឱ្យប៉ះពាល់ជីវភាពប្រជាជនច្រើន វាមានបញ្ហាប្រឈម។ ហើយតិចទៀត វាបាត់បង់ធនធានធម្មជាតិ ធ្វើឱ្យអាកាសធាតុមានការប្រែប្រួលវាមានច្រើន»។

លោកមានប្រសាសន៍បន្ថែមថា៖ «បើសិនជាចៅហ្វាយខេត្តគ្រប់ខេត្តដែលគាត់ដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅប្រទេសកម្ពុជាយើង ច្បាស់ជាប្រទេសយើងរួចចាកទុក្ខទាំងអស់ មិនឱ្យប្រជាជនយើងមានបញ្ហាពីទំនាស់ដីធ្លីនោះទេ បើមានក៏មានតិចតួចដែរ»។

នាយកប្រតិបត្តិ​រងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក អ៊ុក វណ្ណារ៉ា បានថ្លែងថា សិក្ខាសាលានៅថ្ងៃនេះ ធ្វើការផ្សព្វផ្សាយរបាយការណ៍ស្ដីពីព័ត៌មានវិវាទដីធ្លីនិងធនធានធម្មជាតិ និងកិច្ចពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ដើម្បីរួមចំណែកដោះស្រាយជម្លោះដីធ្លី បញ្ហាធនធានធម្មជាតិដែលនៅសេសសល់។ លោកថា ការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជាការលើកកម្ពស់ដល់ជីវភាពរស់នៅរបស់សហគមន៍ និងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយបរិយាប័ន្ន និងចីរភាព។

ប៉ុន្តែលោកបញ្ជាក់ថា​ បច្ចុប្បន្ននេះ អាជ្ញាធរដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋមិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយសារភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុននៅតែរំលោភច្បាប់ ហើយអ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋទន់ខ្សោយ។

លោកមានប្រសាសន៍ថា៖ «មុននឹងធ្វើការអភិវឌ្ឍ មុននឹងធ្វើគម្រោងវិនិយោគនានា បានធ្វើតាមច្បាប់ គឺច្បាប់តម្រូវឱ្យធ្វើរបាយការណ៍សិក្សាពីហេតុប៉ះពាល់បរិស្ថាននិងសង្គម។ បើសិនជាបានធ្វើកិច្ចការនេះតាមច្បាប់ គឺករណីវិវាទមិនអាចមានទេ ដោយសារករណីផលប៉ះពាល់ត្រូវបានរកឃើញក្នុងរបាយការណ៍។ អ៊ីចឹងហើយបានតម្រូវឱ្យមានការចូលរួម បើសិនជាមិនមានការចូលរួមទេ គឺពិបាកនឹងរកដំណោះស្រាយ»។

​ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ទទួលស្គាល់ថា បញ្ហាប្រឈមក្នុងការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋនៅខ្វះចន្លោះមួយចំនួន ដោយសារតែតំបន់មានជម្លោះភាគច្រើនមិនទាន់មានប្លង់រឹង។

ករណីនេះ លោកប្រាប់ទៅពលរដ្ឋកុំមានការព្រួយបារម្ភ ពីព្រោះបច្ចុប្បន្ននេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាបណ្ដើរៗ ដើម្បីកុំឱ្យមានជម្លោះកើតឡើងបន្តទៀតនៅថ្ងៃខាងមុខផងដែរ ។

លោកមានប្រសាសន៍ថា៖ «យើងមានតែយន្តការដោះស្រាយពីរទៅបីចំណុចហ្នឹង! មួយយន្តការដោះស្រាយចំពោះដីធ្លីដែលអត់មានប្លង់រឹង មួយទៀតដោះស្រាយដីធ្លីមានប្លង់រឹងតាមប្រព័ន្ធតុលាការ ហើយមានក្រុមរបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ដែលជាមួយក្រុមទៀត សម្ដេចជួយដោះស្រាយ ដើម្បីយកយន្តការឈ្នះៗមកដោះស្រាយ»។

របាយការណ៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានឱ្យដឹងនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១នេះថា អង្គការនេះបានសិក្សាក្នុងតំបន់ចំនួន៤ ដោយមាន១៨រាជធានី-ខេត្តក្នុងប្រទេសកម្ពុជា។ ទិន្នន័យវិវាទដីធ្លីសរុបចំនួន២៦៧ករណី តួលេខតំបន់បឹងទន្លេសាបមានចំនួន១១៣ តំបន់ខ្ពស់រាបនិងភ្នំចំនួន៨៣ តំបន់ឆ្នេរនិងសមុទ្រចំនួន៤៣ និងតំបន់ទំនាបកណ្ដាលចំនួន២៨។

ទិន្នន័យដដែលឱ្យដឹងទៀតថា បច្ចុប្បន្ននេះ វិវាទដីធ្លីចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ទំហំគ្រួសារដែលរងផលប៉ះពាល់ចំនួនពី៥ទៅ២ ០០០គ្រួសារ ហើយទំហំដីវិវាទចន្លោះពី០,៥ហិកតា ដល់៣ ០០០ហិកតា ដែលវិវាទទាំងនោះកើតឡើងដោយការទន្ទ្រានដីសាធារណៈរបស់រដ្ឋ (៧៣) ដីសម្បទានសេដ្ឋកិច្ច (៥២) ព្រំដែនរដ្ឋបាលមិនបានសម្គាល់ (៤៧) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (២០) បុគ្គលមានឥទ្ធិពលចូលកាន់កាប់ដីខុសច្បាប់ (១៦) ដីសម្បទានសង្គមកិច្ច (១៦) ការអភិវឌ្ឍទីក្រុង (១៤) និងការទន្ទ្រានដី​ជនជាតិដើមភាគតិច (៩)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ