សហគមន៍​រកឃើញ​ការ​កាប់ឈើ​នៅ​ព្រៃឡង់​ក្នុង​ខេត្តព្រះវិហារ​កើតឡើង​ថ្មីៗ​ច្រើន

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍រកឃើញថា មានសកម្មភាពកាប់និងដឹកជញ្ជូនឈើនៅក្នុងតំបន់​​ព្រៃឡង់ ក្នុង​ស្រុករវៀង ខេត្តព្រះវិហារ កើត​ឡើង​ថ្មីៗ​ទៀត​​ច្រើន ហាក់​​ដូច​មិន​មាន​ការទប់ស្កាត់​ពីមន្ត្រីមានសមត្ថកិច្ចនោះទេ។​

ប្រជាសហគមន៍ព្រៃឡង់ លោក ស្រី ទីន ឱ្យដឹងថា ក្រុមរបស់លោកបានចុះល្បាតនៅអំឡុងពាក់កណ្ដាលខែធ្នូនេះ ហើយរកឃើញបទល្មើសមានច្រើន ដូច​ជា គល់​ឈើដែលទើបកាត់​ហើយ​ថ្មីៗ មានមុខកាត់ចន្លោះពី៤០សង់ទីម៉ែត្រទៅ១១០សង់ទីម៉ែត្រ។​ លោក​បន្តថា ក្រៅពីឃើញគល់ឈើទើបកាត់​ សហគមន៍​​បានកត់ត្រាឃើញ​ថាមាន​គោយន្តដឹក​ឈើចំ​នួន​​២៨​គ្រឿង និង​រថយន្ត​បង្គង់ ​(អារ៉េវ) ​ចំនួន៤គ្រឿង​ នៅអំឡុងពេល​ចុះល្បាត​ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី១៦​ ខែ​ធ្នូ។​

លោក​បាន​អំពាវនាវឱ្យមានការជួយទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធ ដោយអះអាងថា បទល្មើសព្រៃឈើនេះកើតឡើង​ខ្លាំង ដោយមិនការថមថយទេ។​

លោក ស្រី ទីន៖ «ករណីកាប់បំផ្លាញព្រៃឈើទាំងនេះមិនមែនមានតែត្រឹមសម័យវិបត្តិកូវីដ-១៩ផ្ទុះ​ឡើងនោះ​ទេ ការ​កាប់​បំផ្លាញព្រៃឈើនៅ​តែ​បន្ត​មានរហូត»។

ស្រដៀងគ្នានេះដែរ បណ្ដាញសហគមន៍ព្រៃឡង់មា្នក់ទៀត លោក ស្រី ថី ថ្លែងថា​ អំឡុង​ពេល​ជំងឺកូវីដ-១៩ផ្ទុះខ្លាំង ​ក្រុមរបស់​​លោក​​ត្រូវ​សមត្ថកិច្ចរារាំងមិនឱ្យចុះ​ល្បាតទេ។ លោក​បន្តថា ក្នុង​ពេល​អវត្តមាន​ក្រុម​ប្រជា​សហគមន៍នេះ បទល្មើសព្រៃឈើ​ហាក់​មានការ​​ស្ទុះឡើងខ្លាំង។​

លោក​ថា៖ «ចាប់តាំងពីខែ១ ឆ្នាំ២០២១ នៃវិបត្តិកូវីដ-១៩មក​នេះ មាន​ករណី​បន្ត​ជាប់​រហូត! ហើយ​ដោយ​សារតែកូវីដ-១៩ ក្រុមយើងមិនបានចូល​ព្រៃនិង​ល្បាត​ព្រៃ​ផង ឃើញថា​ឱកាស​ទុកឱ្យ​ជនល្មើស»។

ប្រជាសហគមន៍ទាំងនេះសម្ដែងការព្រួយបារម្ភថា បើ​សកម្មភាព​របៀបនេះនៅតែបន្ត ព្រៃឈើនៅតំ​បន់​នោះ​នឹងអស់នៅត្រឹមឆ្នាំ២០២៤មិនខាន។

សកម្មជនបរិស្ថាននៃសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN លោក សាន់ ម៉ាឡា មើល​ឃើញ​ថា បទ​ល្មើសព្រៃ​ឈើនៅតែបន្តកើតឡើងមិនឈប់ឈរ បណ្ដាលមក​ពីមិន​បើក​សិទ្ធិឱ្យអ្នកពាក់ព័ន្ធចូលរួមការពារ និង​ឈ្មួញកាប់ឈើមានអ្នកធំការពារ។​

លោកថា​៖ «ទី១ រដ្ឋមិនបានលើកទឹកចិត្តនិងបើកចំហសិទ្ធិសេរីភាពដល់ការចូលរួមចំណែកការពារព្រៃឈើរបស់សហគមន៍មូលដ្ឋាន សង្គមស៊ីវិល និងមហាជន។ ទី២ ដោយសារតែការអនុវត្តច្បាប់របស់មន្ត្រី​នៅ​មានការ​ខ្វះចន្លោះច្រើន និងកង្វះយន្តការតាម​ដានត្រួតពិនិត្យរបស់អាជ្ញាធរថ្នាក់ជាតិមកលើមន្ត្រីថ្នាក់ក្រោម។ ទី៣ គឺដោយ​សារអ្នកនៅពីក្រោយខ្នងនៃការកាប់បំផ្លាញ គឺជាមនុស្សមានឥទ្ធិពលនិងមានអំណាច»។

ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទ​សុជាតិ បដិសេធការលើកឡើងរបស់ប្រជាសហគមន៍នេះ ដោយថា​ របាយការណ៍នេះ​ធ្វើឡើងដោយមិនមានការសហការជាមួយអាជ្ញាធរមិនអាចយកជាការបានទេ។​

លោកថា៖ «ប្រសិនបើគាត់ជាសហគមន៍ស្របច្បាប់ យើងនឹងធ្វើការសហការជាមួយគាត់ យើងនឹងចុះរាល់ថ្ងៃជាមួយគាត់ ក៏ប៉ុន្តែបណ្ដាញសហគមន៍ពួកគាត់ គាត់លួចចុះរាប់គល់ឈើតែគ្នាគាត់ យើងអត់ដឹងផង។ អ៊ីចឹង​របាយ​ការណ៍​គាត់ គឺពួកគាត់បញ្ជាក់តែម្ខាងហ្នឹង យើងមិនយកជាការទេ»

ដូចគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មិន​ទទួល​ស្គាល់​ថាមានការ​កាប់បំផ្លាញព្រៃឈើច្រើនដូចការលើកឡើងរបស់សហគមន៍នេះ ដោយលោកបញ្ជាក់​ថា ក្រសួងបានដាក់មន្ត្រីបំពេញការងារ​តាមគោល​ដៅ​ក្នុងព្រៃឡង់ មិនឱ្យមានបទល្មើសច្រើនកើតឡើងទេ។​

លោក នេត្រ ភក្ត្រា ថ្លែងថា៖ «មន្រ្តីនៃក្រសួងបរិស្ថាននិងមន្រ្តីឧទ្យានុរក្សដែលប្រចាំការទាំង៤ខេត្ត​ បន្តកិច្ចការងាររបស់ខ្លួន អនុវត្តច្បាប់តាមតួនាទីភារកិច្ច ហើយនិងការទទួលខុសត្រូវនិងវិជ្ជាជីវៈ»

ព្រៃឡង់​ ​មាន​ផ្ទៃដី​ប្រមាណ​៥០​​ម៉ឺន​ហិកតា ​ដោយ​គ្របដណ្ដប់​ខេត្ត​ចំនួន​៤ ​គឺខេត្ត​​ព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា​ ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។​

បើទោះបីជារដ្ឋាភិបាលកំណត់ថាជាតំបន់ការពារក៏ដោយ ក៏ព្រៃនេះត្រូវបាន​អ្នក​ឃ្លាំមើល​ជាតិ​និងអន្តរជាតិបានបង្ហាញរបាយការណ៍ថា មានការកាប់បំផ្លាញជាបន្តបន្ទាប់។​

របាយ​ការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ Copenhagen ប្រទេស​ដាណឺម៉ាក បង្ហាញថា នៅក្នុងឆ្នាំ២០១៩ សកម្មភាពកាប់បំផ្លាញព្រៃឡង់កើនឡើងជាង៧០ភាគរយ​ បើប្រៀបធៀបជាមួយឆ្នាំមុនៗ។​ ការសិក្សានេះឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០០០ ដល់​ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់អស់ប្រមាណ៤៧ ៤០០ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ