អ្នកភូមិ​រាប់សិប​នាក់​នៅ​កំពង់ស្ពឺ​តវ៉ា​ប្រឆាំង​ទាហាន​មិន​ឱ្យ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​របស់​ពួកគេ

ពលរដ្ឋជាច្រើននាក់ចេញទៅតវ៉ាមិនឱ្យមានការឈូសឆាយដីព្រៃ «ឧត្ដមស្រែពស់» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាចុងខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

​អ្នកភូមិអះអាងថា ពួកគេប្រហែល២០០នាក់ នៅឃុំត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ នៅថ្ងៃចន្ទនេះ បាននាំគ្នា​តវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍ដែលពួក​គេ​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។

គិតមកដល់ថ្ងៃទី២៧ ខែធ្នូនេះ មានរយៈពេល៣ថ្ងៃហើយដែលក្រុម​ពលរដ្ឋអះអាងថា ក្រុមទាហាន​​នៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោកបាន​ជួលកម្មករប្រហែល២០នាក់មកពីខេត្តកោះកុង ឱ្យធ្វើសកម្មភាពកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិត​នៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន៤១គ្រួសារ។

សមាជិកព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ម្នាក់ លោក ខន សារិទ្ធ ដែលចូលរួមការតវ៉ានេះ អះអាងថា រយៈពេល៣ថ្ងៃមកនេះ កម្មកររបស់ទាហានបានកាប់បំផ្លាញព្រៃសហគមន៍អស់ប្រហែល១០ហិកតា ប៉ុន្តែពួកគេផ្អាកសកម្មភាពតែពេលក្រុមពលរដ្ឋចេញមកតវ៉ាច្រើនតែប៉ុណ្ណោះ និងបានបន្តកាប់បំផ្លាញទៀតពេលដែលពលរដ្ឋត្រលប់ទៅផ្ទះវិញ។

សមាជិកសហគមន៍រូបនេះឱ្យដឹងថា សកម្មភាពទាហានចូលកាប់បំផ្លាញព្រៃមេត្តាធម្មជាតិនេះ គឺពុំមានអាជ្ញាធរពាក់ព័ន្ធណាចុះមកជួយអន្តរាគមន៍ឬជួយទប់ស្កាត់ឡើយ។ ​

លោកបន្ថែមថា៖ «ពួកខ្ញុំជាប្រជាពលរដ្ឋមានការសោកស្ដាយណាស់ចំពោះការកាប់បំផ្លាញព្រៃសហគមន៍ដែលពួកខ្ញុំបានខិតខំការពារជាច្រើនឆ្នាំមកនេះ។ ហើយពួកខ្ញុំក៏អត់ព្រមឱ្យទាហានទាំងនោះមកកាប់បំផ្លាញបន្តទៀតដែរ ពីព្រោះនៅតំបន់នេះលែងមានព្រៃទៀតហើយ ព្រៃនៅជុំវិញហ្នឹងអស់ហើយ នៅសស់តែព្រៃតែមួយកន្តុបតូចហ្នឹងទេ ទុកសម្រាប់ប្រជាពលរដ្ឋចូលអាស្រ័យផលឃ្វាលគោ ឃ្វាលក្របី ភ្ញៀវទេសចរមកលេងកម្សាន្ត និងទុកសម្រាប់អនាគតកូនចៅជំនាន់ក្រោយប្រើប្រាស់ទៀត»

សមាជិកសហគមន៍ម្នាក់ទៀត អ្នកស្រី ឈួន សុំ ឱ្យដឹងថា កាលអំឡុងខែតុលា ឆ្នាំ២០២១នេះ ក្រុម​ទាហានបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ «ឧត្ដម​ស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» អស់ជាច្រើនហិកតារួចម្ដងមកហើយ ប៉ុន្តែត្រូវបានផ្អាកវិញក្រោយពីអ្នកភូមិផ្ទុះការតវ៉ា។

សមាជិកសហគមន៍រូបនេះបន្តថា «ព្រៃមេត្តាធម្មជាតិ»  មាន​ជម្លោះដីធ្លីជាមួយក្រុមទាហាននៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក ដែលអ្នកភូមិហៅថា«ង៧០» ចំនួន​២លើកមកហើយ ដោយលើកទី១បានបាត់បង់ដីព្រៃសហគមន៍អស់៧៨ហិកតា និងលើកទី២នេះ​ បាត់បង់ដីជាង២៦២​ហិកតា​ទៀត។

អ្នកស្រីថា ព្រៃសហគមន៍នេះបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន៣ភូមិ នៃឃុំត្រពាំងជោរ ដូចជា កន្លែងសម្រាប់ឃ្វាលគោក្របី បោចវល្លិ រកផ្សិត បន្លែ និងរកអនុផលព្រៃឈើផ្សេងទៀត ហើយ​សហគមន៍នេះក៏ជាជម្រកសត្វព្រៃច្រើនប្រភេទផងដែរ។

អ្នកស្រីបន្ថែមថា៖ «ប្រសិនជាព្រៃហ្នឹងបាត់បង់ទៅ ប្រជាពលរដ្ឋក៏ជួបការលំបាក មិនមានកន្លែងណាសម្រាប់ឃ្វាលគោក្របី សត្វព្រៃក្នុងហ្នឹងក៏លំបាក មិនដឹងទៅរស់នៅឯណា។ ពួកខ្ញុំបារម្ភពីការបាត់បង់ហ្នឹង បានជាពួកខ្ញុំនាំមកតវ៉ាដេញចេញ មិនឱ្យកាប់បំផ្លាញព្រៃហ្នឹងទៀត ដើម្បីការពារទុកសម្រាប់ក្មេងជំនាន់ក្រោយទៀត»។

វីអូឌី មិនអាចសុំការឆ្លើយតបពីភាគីទាហាននៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក​ ដែលរងការចោទប្រកាន់ថាបានជួលមនុស្សចូលកាប់ទន្ទ្រានដីព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» បានទេនៅថ្ងៃចន្ទនេះ។

មេភូមិពោធិ៍មាស លោក ភោគ ជុំ ដែលចុះឃ្លាំមើលករណីនេះ អះអាងថា ដីព្រៃដែលក្រុមទាហានកំពុងកាប់ទន្ទ្រានយកនោះជាដីគ្រួសារកងទ័ពដែលរដ្ឋាភិបាលបានកាត់មកឱ្យពួកគេរួចទៅហើយ។

លោកបន្ថែមថា៖ «ខ្ញុំបាននិយាយនិងបង្ហាញអនុក្រឹត្យឱ្យពលរដ្ឋមើលដែរថា ដីនោះរដ្ឋាភិបាលបានកាត់ឱ្យទៅគ្រួសារកងទ័ព តែពួកគាត់មិនស្ដាប់។ ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ»

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋាន​រថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់​ធ្វើលំនៅឋាន និងបង្កបង្កើនផល។

យ៉ាងណា មន្ត្រីសង្គមស៊ីវិលធ្លាប់ស្នើដល់រដ្ឋាភិបាលឱ្យពិចារណាឡើងវិញ ចំពោះការបន្តកាត់ដីព្រៃសហគមន៍ក្នុងទំហំច្រើនដើម្បីបែងចែកឱ្យគ្រួសារកងទ័ពនេះ ដោយថា ការបន្តកាត់យកដីព្រៃសហគមន៍នេះនឹងធ្វើប៉ះពាល់ដល់ជម្រកសត្វព្រៃ បរិស្ថាន ពិសេសធ្វើឱ្យដីព្រៃសហគមន៍កាន់តែរួមតូចថែមទៀត។

បើតាមសមាជិកសហគមន៍ លោក ខន សារិទ្ធ ថាកាលពីដើមឡើយ សហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មាន​ផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក មានក្រុមហ៊ុន​ឯកជន និង​ក្រុម​ទាហាន​បានចូលទៅរំលោភយក​ជា​បន្ត​បន្ទាប់ ដោយបច្ចុប្បន្ន សហគមន៍នេះសល់ដីទំហំ៨៨៧ហិកតាប៉ុណ្ណោះ។

ពាក់ព័ន្ធវិវាទដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងពលរដ្ឋ៧នាក់ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កោះហៅឱ្យឆ្លើយបំភ្លឺ ក្រោយពីតំណាងពលរដ្ឋទាំងនោះ​ត្រូវបានចោទថា ដឹកនាំប្រជាពលរដ្ឋ​តវ៉ាប្រឆាំងក្រុមទាហានឈូសឆាយដីព្រៃនៅភូមិសាស្ត្រភូមិ​ពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែត្រូវបានពន្យារពេលចូលបំភ្លឺវិញ ក្រោយមានអ្នកភូមិរាប់រយនាក់ប្រមូលផ្ដុំគាំទ្រតំណាងពួកគេនៅមុខស្នងការដ្ឋាននគរបាលខេត្តមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ