ថៃ​ពន្យារពេល​បើក​ច្រក​ព្រំដែន​ជាមួយ​​កម្ពុជា​ក្រោយ​កើត​មាន​ករណី​ឆ្លង​អូមីក្រុង​កាន់​តែ​ច្រើន

ក្រុមមន្ត្រីសុខាភិបាល មន្ត្រីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ចុះយាមនិងចាំត្រួតពិនិត្យទៅលើពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

អាជ្ញាធរខេត្តជាប់ព្រំដែន​បានអះអាងថា អាជ្ញាធរថៃបានស្នើសុំពន្យារពេលបើកច្រកព្រំដែនជាមួយកម្ពុជាបន្តទៀត ក្រោយពីមានករណីឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទ «អូមីក្រុង (Omicron)» ក្នុងប្រទេសរបស់ខ្លួនកាន់ច្រើន។

ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ និង​ច្រក​ព្រំដែន​មួយចំនួនទៀតនៅខេត្តបាត់​ដំបង​ជាប់ជា​មួយខេត្ត​ស្រះកែវ​ ​គ្រោងនឹង​បើក​ដំណើរ​ការ​ឡើងវិញ​នាចុង​ខែធ្នូ​ ឆ្នាំ​២០២១​​នេះ ក្រោយពី​ភាគី​ទាំងពីរ​បាន​ពិនិត្យ​ឃើញថា​ អត្រា​ការឆ្លង​មេរោគ​កូវីដ-១៩នៅក្នុង​ខេត្ត​នៅតាម​ច្រក​ព្រំដែន​មានសភាព​ធូរស្រាល​ជាងមុន។

យ៉ាងណា អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ លោក ងោ ម៉េងជ្រួន ​បានប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា គម្រោងបើកច្រកព្រំដែនកម្ពុជា-ថៃត្រូវបានពន្យារពេលវិញ ក្រោយក្រសួងសុខាភិបាលថៃប្រកាសឱ្យរឹតត្បិតព្រំដែនឡើងវិញ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ទើបភាគីទាំងពីរ កម្ពុជា-ថៃ នឹងជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត។

លោកបន្ថែមថា៖ «ការពន្យារឡើងវិញនេះ ដោយសារតែរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខភាពនៅប្រទេសថៃ គាត់បានប្រកាសអំពីការរឹតបន្តឹងឡើងវិញ។ អ៊ីចឹងហើយអភិបាលខេត្តស្រះកែវដែលបានពិភាក្សាជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យយើង ដែលថាគ្រោងនឹងបើកច្រកព្រំដែននៅចុងធ្នូ ឆ្នាំ២០២១នេះ នឹងត្រូវបានពន្យារឡើងវិញ»

បើតាមលោក ងោ ម៉េងជ្រួន គម្រោងបើកច្រកព្រំដែនឱ្យដំណើរការឡើងវិញនោះ គឺដើម្បីការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្ម ការចេញចូលរបស់ពលរដ្ឋរវាងប្រទេសទាំងពីរឱ្យមានភាពងាយស្រួល ជាពិសេសមិនប្រឈមការឆ្លងដែនខុសច្បាប់ថែមទៀត។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី មានប្រសាសន៍ថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ រយៈពេលជិត២ឆ្នាំមកនេះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋនៅជាប់ព្រំដែនជាខ្លាំង ដោយពួកគេបានជួបបញ្ហាលំបាកក្នុងជីវភាព ជំពាក់បំណុលធនាគារ​ច្រើន ដោយសាររកចំណូលមិនបាន និងការបាត់បង់មុខរបរជាដើម។

ប្រធានសមាគមរូបនេះបន្តថា ការពន្យារពេលបើកច្រកព្រំដែននេះនឹងធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពកាន់តែខ្លាំងថែមទៀត។ លោកថា ការបិទច្រកព្រំដែននេះទៀត គឺពុំមានតម្លាភាពឡើយ ដោយភាគីថៃអាចដឹកទំនិញចូលមកកម្ពុជាដោយសេរី ខណៈទំនិញរបស់ប្រជាពលរដ្ឋកម្ពុជាត្រូវបានបិទខ្ទប់ជិតតែម្តង។

លោកបន្ថែមថា៖ «ពេលគេបិទច្រក [ព្រំដែន] អ៊ីចឹងទាំងអាជីវករនិងប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន គាត់បាត់បង់មុខរបរ គាត់រកប្រាក់ចំណូលមិនបាន គាត់ជំពាក់បំណុលគេច្រើន។ អ្នកខ្លះឈឺគ្មានលុយមើល ដេកស្លាប់! អ្នកខ្លះមានដីមានធ្លី គាត់លក់ឡាយឡុងចាយបណ្ដោះអាសន្ន។ ចំណែកជនជាតិថៃ គេមិនសូវជាពិបាកទេ ព្រោះគេអាចដឹកទំនិញចេញមកកម្ពុជាបាន»។

លោក ឌិន ពុទ្ធី បានទាមទារឱ្យពន្លឿនបើកច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ឡើងវិញ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា​រស់នៅជាប់ព្រំដែនដែលកំពុងជួបការលំបាកជាខ្លាំងក្នុងជីវភាពនោះ។

កាលពីអំឡុងឆ្នាំ២០២០ អាជ្ញាធរថៃបានប្រកាសបិទច្រកឆ្លងកាត់ព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោមហេតុផលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

បើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៧ ខែធ្នូនេះ ឱ្យដឹងថា ករណីឆ្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសថៃសរុបមានចំនួនជាង២លាននាក់ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ជាង២ម៉ឺននាក់ (២១ ៥៩៨) ហើយអ្នកឆ្លងថ្មីនៅថ្ងៃនេះមានចំនួន​២ ៤៣៧នាក់ និងស្លាប់ថ្មីចំនួន១៨នាក់បន្ថែមទៀត។

ប្រភពដដែលបន្តថា ប្រទេសថៃបានរាយការណ៍ពីការ​រកឃើញមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) លើកដំបូងនៅដើមខែធ្នូនេះ ហើយការឆ្លងបន្ថែមទៀតត្រូវបានគេរកឃើញនៅក្នុងខេត្តជាង១០ រួមទាំងទីក្រុងបាងកកផងដែរ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ