តុលាការ​ផ្អាក​សវនាការ​បន្ទាប់​ពី​កញ្ញា សេង ធារី បដិសេធ​ឆ្លើយ​សំណួរ

កញ្ញា សេង ធារី និងអ្នកគាំទ្រមួយចំនួនឈរលើកដៃនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃកញ្ញាចូលសវនាការនៅសាលាដំបូង សំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្អាកសវនាការ បន្ទាប់ពីជនជាប់ចោទម្នាក់ គឺកញ្ញា សេង ធារី បដិសេធឆ្លើយសំណួរបន្ត ដោយរង់ចាំទទួលបានភស្តុតាងពីមេធាវីដែលតុលាការយកមកដាក់បន្ទុកលើកញ្ញា ដោយថា សំណួរ​របស់ចៅក្រម​សួរនោះមិនមានក្នុងឯកសារនិងភស្តុតាងដែលកញ្ញាថតចម្លងពីតុលាការនាពេលកន្លងមក​ឡើយ។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបន្តបើកសវនាការសួរដេញ​ដោល​អតីតមេដឹកនាំបក្សប្រឆាំង និងអ្នកគាំទ្រជាង៤០​នាក់ ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»

ក្នុង​ចំណោម​អ្នកជាប់ចោទ​ជាង៤០​នាក់ ចៅក្រមជំនុំជម្រះបានសាកសួរ​តែកញ្ញា សេង ធារី ខណៈអតីតថ្នាក់ដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី, លោកស្រី មូរ សុខហួរ, លោក ឡុង រី ជាដើម មិនបានចូលរួមឡើយ ដោយមេធាវីការពារក្ដីអះអាងថា អាជ្ញាធរបាន​ហាមឃាត់ពួកគាត់មិនឱ្យចូលមកកម្ពុជា។

ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសួរកញ្ញា សេង ធារី ជុំវិញទំនាក់ទំនងជាមួយថ្នាក់ដឹកនាំបក្សប្រឆាំង ការរំលាយបក្សប្រឆាំង ការបង្កើតចលនានៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ការអំពាវនាវឱ្យពលរដ្ឋនិងកងកម្លាំងងើបឡើងប្រឆាំងរដ្ឋាភិបាល អំឡុងពេលលោក សម រង្ស៊ី ប្រកាសចូលស្រុកថ្ងៃ៩វិច្ឆិកា ជាដើម។

ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ផ្លូវការដែលមានអាវក្រហ្សេនិងក្រវាត់កផងនោះ កញ្ញា សេង ធារី រៀបរាប់ប្រាប់ទៅចៅក្រមថា កញ្ញាមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំបក្សប្រឆាំងក្នុងនាមជាអ្នកគាំទ្រ ប៉ុន្តែមិនមែនជាសមាជិកគណបក្សឡើយ។

ចំពោះការរំលាយបក្សប្រឆាំង និងហាមឃាត់ថ្នាក់ដឹកនាំបក្សចូលកម្ពុជា រួមទាំងធ្វើសកម្មភាពនយោបាយនោះ កញ្ញាបានដឹង ដោយថាសកម្មភាពនេះធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ។

លើសពីនេះ ការបង្កើតចលនានៅក្រៅប្រទេស និងការអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យមហាជនចូលរួមទៅទទួលនោះ កញ្ញាបានដឹងហើយគាំទ្រដែរ។ អំឡុងពេលនោះ កញ្ញាក៏បានចូលរួមធ្វើសកម្មភាពលើកម្រាមដៃ៩ដែរ ប៉ុន្តែសកម្មភាពទាំងអស់នេះ កញ្ញាថា វាជាការជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមលទ្ធិប្រជាធិបតេយ្យ ខណៈសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិទៀតផង។

ក្រៅពីសំណួរខាងលើ ចៅក្រម លោក អ៊ឹម វណ្ណៈ ក៏បានសួរកញ្ញា សេង ធារី ពាក់ព័ន្ធនឹងសារដែលកញ្ញាសរសេរបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ចំពោះការវិលត្រលប់មកប្រទេស ដើម្បីធ្វើការងារដែលកញ្ញាបានរៀបចំទុករួចហើយ ក្នុងនោះ ការបង្កើតសារព័ត៌មានប្រឆាំង បង្កើតនិងប្រមូលកម្មករធ្វើបាតុកម្ម ជាដើម។

ប៉ុន្តែសំណួរនេះត្រូវបានកញ្ញា សេង ធាវី បដិសេធឆ្លើយ ដោយថា សំណួរចៅក្រមសួរមិនមាននៅក្នុងឯកសារឬភស្តុតាងដែលកញ្ញាបានថតចម្លងនិងទទួលពីតុលាការនាពេលកន្លងមកឡើយ។

ករណីនេះ កញ្ញាស្នើសុំពន្យារពេលសវនាការ ដោយរង់ចាំគាត់ទទួលបានឯកសារនិងភស្តុតាងដែលចៅក្រមយកមកសួរកញ្ញាសិន ដើម្បីឱ្យគាត់មានពេលវេលាសិក្សា ស្រាវជ្រាវ និងជជែកជាមួយអ្នកច្បាប់សិន ត្រឹមទុកពេលឱ្យគាត់៥ទៅ១០នាទី គាត់មិនអាចឆ្លើយភ្លាមៗកើតនោះទេ។

កញ្ញា សេង ធាវី បន្តថា បើសិនជាចៅក្រមមិនពន្យារពេលសវនាការ ហើយនៅតែសាកសួរបន្តនោះ វាជាការរំលោភបំពានសិទ្ធិរបស់ជនជាប់ចោទធ្ងន់ធ្ងរ ហើយអំឡុងពេលនោះ​ កញ្ញាបានអានសារណាដែលបានសរសេរដោយសម្អាងលើទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

កញ្ញា៖ «ខ្ញុំពិបាកឆ្លើយតប តុលាការត្រូវផ្ដល់ឯកសារឱ្យខ្ញុំសិន ព្រោះខ្ញុំមិនមានឯកសារដែលចៅក្រមសួរខ្ញុំទេ។ នេះជាអង្គហេតុមួយដែលខ្ញុំមិនដឹង ព្រោះក្នុង១ថ្ងៃ ខ្ញុំបង្ហោះសារ៣ទៅ៤សារ។ ខ្ញុំមិនដឹងសារនេះជារបស់ខ្ញុំអត់ទេ។ អ៊ីចឹងខ្ញុំគិតថា គួរតែពន្យារពេល ដោយលោកចៅក្រមផ្ដល់អង្គហេតុថ្មីនេះឱ្យខ្ញុំ។ ឥលូវខ្ញុំសុំសិទ្ធិមិនឆ្លើយ បើបង្ខំឱ្យឆ្លើយទៀត រំលោភបំពានសិទ្ធិខ្ញុំហើយ»។

ឆ្លើយតបការលើកឡើងនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ និយាយថា ឯកសារ ភស្តុតាងដែលចៅក្រមសួរនោះ តុលាការបានថតចម្លងប្រគល់ឱ្យមេធាវីដែលតុលាការបានចាត់តាំងការពារក្ដីឱ្យកញ្ញារួចហើយ ប៉ុន្តែដោយសារកញ្ញាមិនទទួលយកមេធាវីការពារក្ដី ទើបមិនបានឯកសារទាំងនោះ។

ជាមួយគ្នានោះ តំណាងអយ្យការបានចាត់ទុកការលើកឡើងរបស់កញ្ញា សេង ធារី ថាមិនបានពិនិត្យមើលច្បាប់ខ្មែរ ហើយយកច្បាប់អន្តរជាតិមកគ្របលើច្បាប់កម្ពុជាវិញ។

ក្រោយពីមានភាពចម្រូងចម្រាសរវាងតំណាងអយ្យការជាមួយកញ្ញា សេង ធារី នោះ ចៅក្រម​បានប្រកាសសម្រាកសួរ១០នាទី ដើម្បីបន្ថយភាពតានតឹង។ ក្រោយពីសម្រាក១០នាទីនោះ ប្រធានក្រុមប្រឹក្សា លោក រស់ ពិសិដ្ឋ បានសម្រេចផ្អាកសវនាការតែម្ដង ដោយលើកទៅធ្វើនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ខាងមុខ ដោយថា ដើម្បីទុកឱកាសឱ្យកញ្ញា សេង ធារី ថតចម្លងឯកសារនិងភស្តុតាង យកទៅសិក្សានិងស្រាវជ្រាវ មុនពេលចូលសវនាការជាថ្មីទៀត។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលតាមដានសវនាការព្រឹកមិញ កត់សម្គាល់ថា ចៅក្រមហាក់​ផ្ដល់ឱកាសឱ្យកញ្ញា សេង ធារី បានលើកឡើងពីប្រវត្តិការងារ និងអំណះអំណាងច្បាប់ច្រើន ​អំឡុងពេលសវនាការ។ លើសពីនេះ ចៅក្រមបានសម្រេចផ្អាកសវនាការទៅតាមការស្នើសុំរបស់ជនជាប់ចោទ ដើម្បីទុកពេលឱ្យកញ្ញាមើលឯកសារនិងភស្តុតាងដែលចៅក្រមយកមកសួរដេញដោលផងដែរ។

តែយ៉ាងណាក៏ដោយ លោក ករុណា បង្ហាញការមិនគាំទ្រចំពោះការលើកឡើងរបស់តំណាងអយ្យការដោយ​មិនឱ្យកញ្ញា សេង ធារី ​លើកយកច្បាប់អន្តរជាតិមកគ្របលើច្បាប់ជាតិនោះ ថាធ្វើឡើងមិនសមហេតុផលឡើយ។ លោកបន្តថា កម្ពុជាបានផ្ដល់​​សច្ចាប័នទៅលើកតិកាសញ្ញា​និងច្បាប់អន្តរជាតិជាច្រើនដែរ។ លើសពីនេះ ច្បាប់​អន្តរជាតិដែលកញ្ញា សេង ធារី លើកយកមកសម្អាងនោះ ក៏បានភ្ជាប់ជាមួយនឹងច្បាប់របស់កម្ពុជាដែរ។

លោកថា៖ «អ្វីដែលកញ្ញាលើកយកមកក្នុងការសម្អាង គឺមានភាពសមហេតុសមផលដែរ។ ក្នុងរដ្ឋធម្មនុញ្ញយើងក៏បានបញ្ជាក់ដែរ ​គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ​រួមទាំងកតិកាសញ្ញាទាំងឡាយដែលបានផ្ដល់សច្ចាប័នទាំងអស់ហ្នឹង។ អ៊ីចឹងកញ្ញា សេង ធារី លើកឡើងអត់មានអីខុសទាស់ទេ គ្រាន់តែជាការលើកដើម្បីពញ្ញាក់​ទៅដល់ចៅក្រមពិចារណាក្នុងការស្នើសុំសិទ្ធិស័្វយការពារខ្លួនរបស់កញ្ញាដែលលើកសម្អាងតែប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ សវនាការកញ្ញា សេង ធារី នាថ្ងៃនេះ មានអង្គការសង្គមស៊ីវិលជាតិ តំណាងស្ថានទូតអាមេរិក អឺរ៉ុប ជាដើម បានចូលរួម​ឃ្លាំមើល ខណៈនៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ ក៏មាន«ក្រុមស្ត្រីថ្ងៃសុក្រ»បង្ហាញការគាំទ្រផងដែរ។

កញ្ញា សេង  ធារី គឺជាមេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក ក្រោយមកកញ្ញាបានវិលមកកម្ពុជាវិញ បន្ទាប់ពីរស់នៅនិងសិក្សានៅសហរដ្ឋអាមេរិកអំឡុងពេលរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហម។

បើតាមជនជាប់ចោទរូបនេះរៀបរាប់ក្នុងអង្គសវនាការថា ពេលរស់នៅកម្ពុជានោះ កញ្ញាបានធ្វើការងារសង្គមជាច្រើន ដើម្បីជួយទៅដល់ការកសាងសន្តិភាព អប់រំពីច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងធ្លាប់ធ្វើជាប្រធាន«មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា»ថែមទៀតផង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ