កម្ពុជា​នៅតែ​បន្ត​តាមដាន​យ៉ាង​ដិតដល់​លើ​ស្ថានភាព​អ្នកឆ្លង «អូមីក្រុង» ដើម្បី​បញ្ចៀស​ការ​ចម្លង​ចូល​ក្នុង​សហគមន៍

បុគ្គលិកសុខាភិបាលបាញ់អាល់កុលលើនារីម្នាក់ដែលតេស្តវិជ្ជមានកូវីដ-១៩ មុនពេលឡើងរថយន្តគិលានសង្រ្គោះ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

មន្ត្រី​ជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជាថ្លែងថា កម្ពុជាតាមរយៈក្រសួងមួយនេះនៅតែបន្តតាមដានយ៉ាង​ដិតដល់​លើការវិវត្ត​នៃវីរុស និង​ស្ថាន​ភាព​​​អ្នកឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» ដើម្បីបញ្ចៀស​ការ​ចម្លងចូលទៅ​ក្នុង​សហគមន៍។

ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានចេញសេចក្ដីប្រកាស​​​ព័ត៌មានថាបានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៥នាក់បន្ថែមទៀតកាលពីថ្ងៃទី២៧ ខែធ្នូ ម្សិលមិញ ក្នុង​នោះមានប្រភេទបំប្លែងខ្លួន «អូមីក្រុង» ២ករណី ​ដែលជាអ្នកដំណើរមកពីក្រៅប្រទេស ឬជាករណីនាំចូល។​ ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានោះក៏មានករណីស្លាប់ម្នាក់ ខណៈ​អ្នក​ជាសះស្បើយថ្មី​មានចំនួន១១នាក់ផងដែរ។

គិតមកទល់ថ្ងៃនេះ ចំនួនអ្នកឆ្លងមេរោគប្រភេទបំប្លែងខ្លួន «អូមីក្រុង» នៅកម្ពុជាកើនឡើងដល់៣៣ករណី ខណៈ​៣ករណីត្រូវបានព្យាបាលជាសះស្បើយ។

អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ហុក គឹមចេង ថ្លែងប្រាប់ វីអូឌី នៅ​​ថ្ងៃ​ទី២៨ ខែធ្នូនេះថា ក្រសួងសុខាភិបាលកំពុងតាមដានអ្នកជំងឺបំប្លែងថ្មី «អូមីក្រុង» ដោយដាក់​ឱ្យ​អ្នកទាំងនោះ​សម្រាក​ព្យាបាលនៅមជ្ឈមណ្ឌលមួយកន្លែងដាច់ដោយឡែកពីអ្នកជំងឺកូវីដ-១៩ ធម្មតា​ផ្សេង​ទៀត។

លោកថា បើតាមការសង្កេត អ្នកជំងឺទាំងនោះមានស្ថានភាពស្រាលៗ មិនមានជា​បញ្ហាអ្វីធ្ងន់​ធ្ងរ​គួរឱ្យ​ព្រួយបារម្ភទេ យ៉ាងណា​ក្រុមគ្រូពេទ្យកំពុងតាមដានយ៉ាងម៉ត់ចត់លើបញ្ហានេះបន្ថែមទៀត។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ថា៖ «ទោះបីអូមីក្រុងក៏ដោយ អីក៏ដោយ ក៏យើងត្រូវតែធ្វើម៉េចឱ្យការ​ការពារ​​របស់យើង​ហ្នឹងគឺបាន​ជាប់ជាប្រចាំ។ ហើយក្រសួងនឹងបន្តតាមដានទៅលើការវិវត្តនៃអូមីក្រុង​ហ្នឹងទៀត យើងក៏គ្រប់គ្រង​ទៅ​លើ​អ្នកជំងឺហ្នឹង។ ហើយអ្នកជំងឺ [អូមីក្រុង] ដែលយើងរកឃើញហ្នឹងក៏​គាត់​បានសម្រាកព្យាបាល។ យើង​បានតាម​ជាប់រហូតដែរ ឃើញថាអ្នកជំងឺទាំងអស់ហ្នឹងគឺគាត់មាន​សភាព​ស្រាលទេ តែទោះបី​យ៉ាង​ណា​ក៏ដោយ ក៏យើងនៅតែមានការប្រុងប្រយ័ត្នទាំងអស់គ្នា»។

លោក ហុក គឹមចេង បន្តថា តាមការស្រាវជ្រាវអ្នកជំនាញរកឃើញថា វីរុសបំប្លែងថ្មី «អូមីក្រុង» អាច​ចម្លង​មេរោគបានលឿនជាងវីរុសកូវីដ-១៩បំប្លែងខ្លួនដទៃ។

យ៉ាងណា លោកថា ​អ្វីដែលពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់គឺការយល់ដឹង ប្រុងប្រយ័ត្ន ការពារ ដោយមិនសំខាន់លើការឆ្លងលឿនឬយឺតឡើយ ពោលលោកថា ករណីឆ្លងអាចកើតឡើងដោយមិនអាចកំណត់បាន ឱ្យ​តែបុគ្គលនោះភ្លេចខ្លួន​។

ពលរដ្ឋ​រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មួយរូប ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះលើកឡើងថា ជំងឺកូវីដ-១៩ទាមទារឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។ យ៉ាងណា កញ្ញាថា វាលែងជាករណីគួរឱ្យបារម្ភខ្លាំងដូចមុនហើយ បើទោះនេះជាករណីបំប្លែងថ្មី «អូមីក្រុង» ក៏ដោយ។

កញ្ញាបន្តថា៖ «វាដូចជាលែងជាបញ្ហាគួរឱ្យបារម្ភហើយ គ្រាន់តែថាយើងត្រូវការពារខ្លួន។ ហើយពេលដែលយើងឆ្លងហ្នឹង យើងត្រូវធ្វើម៉េចៗអ៊ីចឹង គ្រប់គ្នា ទាំងក្រុមគ្រូពេទ្យ និងប្រជាជន គេដឹងថាត្រូវធ្វើម៉េច! អ៊ីចឹងទោះបីមានករណីឆ្លង ប្រជាជនផ្ទាល់ដឹងថាត្រូវជួបព្យាបាលរបៀបម៉េច! វាគួរឱ្យបារម្ភ តែវាមិនខ្លាំងទេ វាដូចជាជំងឺធម្មតាហើយ»។

​ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា កន្លងទៅ ប្រជាជនកម្ពុជាបាត់បង់ជីវិតដោយសារកូវីដ-១៩ប្រភេទ «ដែលតា» ដែលហូរចូលខ្លាំងតាមច្រកព្រំដែនថៃ។ យ៉ាងណា លោកថា ករណី «អូមីក្រុង» វិញ លោកមិនច្បាស់ទេ ថាវាត្រូវបាននាំចូលតាមច្រកព្រំដែនថៃ ឬវៀតណាម ឬតាមផ្លូវអាកាស។

លោកបន្តថា កម្ពុជាគួរតែបើកទូលាយនូវទេសចរចូលប្រទេស តែត្រូវមានវិធានការពិនិត្យនិងការពារឱ្យច្បាស់លាស់តាមច្រកនានា មិនថាផ្លូវអាកាស​ ផ្លូវគោក​ និងផ្លូវទឹកនោះឡើយ។

លោកថា៖ «សូមឱ្យមានវិធានការតាមច្រកទាំងអស់ហ្នឹងទៅ ហើយយើងកុំបិទ [Lockdown] ដូចកាលមុន។ អ៊ីចឹងហើយយើងរៀនរស់នឹងកូវីដ-១៩ ហើយយើងប្រុងប្រយ័ត្នទាំងអស់គ្នា ឱ្យមន្ត្រីជំនាញតាមច្រកទាំងអស់ហ្នឹង ឱ្យគាត់ចេះការពារនូវច្រកចេញចូលនីមួយៗ ដូចជា ច្រកហោះហើរ ច្រកផ្លូវគោក ផ្លូវទឹក។ បើសិនជាយើងបណ្ដោយតាមច្រកហ្នឹង ហើយយើងអត់ធ្វើតេស្ត អត់ត្រួតពិនិត្យបានត្រឹមត្រូវ វាអាចនឹងមានផលវិបាកទៅថ្ងៃក្រោយ»។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៨ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួនជាង១២ម៉ឺននាក់ (១២០ ៤៦៩​) ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួនជាង១១ម៉ឺននាក់ (១១៦ ៨៨៥) ហើយអ្នកស្លាប់សរុបជាង៣ពាន់នាក់ (៣ ០១០) និងករណីនាំចូលពីក្រៅប្រទេសសរុបជិត២ម៉ឺននាក់ (១៩ ៨​៩០)។

កាលពីយប់ថ្ងៃទី២៦ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ​កម្ពុជាកំពុងគ្រប់គ្រងការឆ្លងមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» មិនឱ្យរីករាលដាលចូលទៅក្នុងសហគមន៍នោះឡើយ។

យ៉ាងណា លោក ហ៊ុន សែន ក៏អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ឱ្យ​ប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ ដោយត្រូវចូលរួមទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ ត្បិតវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីនេះមានលទ្ធភាពចម្លងលឿនជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត ដូចជាដែលតា ឬ អាល់ហ្វា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ