ការ​ចរចា​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​បាន​បរាជ័យ​ជា​លើក​ទី​៥

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ការចរចារកដំណោះស្រាយ លើវិវាទការងាររវាងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ និងតំណាងរបស់ក្រុមហ៊ុនកាលពីថ្ងៃម្សិលមិញនេះ បានបរាជ័យជាលើកទី៥។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៧ខែធ្នូ បានឱ្យដឹងថា ភាគីទាំងពីរនៅតែ​ប្រកាន់​ជំហរ​រៀងៗខ្លួន ដោយភាគីសហជីពតំណាងឱ្យបុគ្គលិក ៣៥៧ នាក់ ដឹកនាំដោយកញ្ញា ឈឹម ស៊ីថរ និងលោកមេធាវី ហម ស៊ុនរិទ្ធិ នៅតែបន្តទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកទាំង ៣៥៧នាក់ចូលធ្វើការវិញ។ ចំណែកលោក Mike Ngai តំណាងឱ្យភាគី​ក្រុមហ៊ុនវិញ នៅតែរក្សាជំហរមិនព្រមទទួលយកពួកគេឱ្យចូលធ្វើការវិញទេ ដោយឯកភាពទូទាត់សំណងត្រឹមត្រូវតាមច្បាប់ការងារ។

កិច្ចចរចានេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក ទេស រុក្ខាផល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់​ដោះស្រាយ​បញ្ហាកូដកម្ម និងបាតុកម្ម នៅតាមគ្រប់មុខសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឯទីស្តីការក្រសួងការងារ។ យ៉ាងណាក្តី ក្រសួងការងារបញ្ជាក់ថា ក្រសួងនឹងបន្តព្យាយាមធ្វើការសម្របសម្រួលដោះស្រាយករណីនេះបន្តទៀត ទៅតាមនីតិវិធីត្រឹមត្រូវ​នៃច្បាប់ នៅទីស្តីការក្រសួងការងារ។

គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺមានរយៈពេល១១ថ្ងៃហើយ ដែលបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាង ១ពាន់នាក់​បាននាំគ្នា​ធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដើម្បីទាមទារឱ្យក្រុមហ៊ុនបនល្បែងដ៏ធំនៅចំកណ្តាលទីក្រុងភ្នំពេញមួយនេះ ទទួលយកបុគ្គលិក ៣៥៧នាក់ឱ្យចូលធ្វើការងារឡើងវិញ។

ក្រុមហ៊ុនណាហ្គាវើលដ៍បានប្រកាសពីគម្រោងបញ្ឈប់បុគ្គលិក ១ពាន់៣រយនាក់ ក្រោមហេតុផលវិបត្តិហិរញ្ញវត្ថុដោយសារតែជំងឺកូវីដ១៩។ ប៉ុន្តែផ្ទុយពីការអះអាងនេះ ក្រុមបុគ្គលិកបានចោទប្រកាន់ថា ការបញ្ឈប់បុគ្គលិកដ៏ច្រើន​ គឺក្រុមហ៊ុនមានបំណងគាល់រំលើងសហជីពចេញពី​ក្រុមហ៊ុន​ ដោយថា ៨០%នៃបុគ្គលិកដែលត្រូវបញ្ឈប់គឺជាថ្នាក់ដឹកនាំ ប្រតិភូ និងសមាជិករបស់សហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ