លោក ហ៊ុន សែន ស្នើ​ដាក់​បញ្ចូល​ថ្ងៃ២៩ធ្នូ​ជា​ទិវា​បញ្ចប់​សង្គ្រាម​ក្នុង​ប្រតិទិន​តែ​មិន​ឈប់​សម្រាក

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានលើកសំណើសុំដាក់បញ្ចូលថ្ងៃទី២៩ធ្នូ ជាទិវា «អបអរសាទរថ្ងៃបញ្ចប់សង្គ្រាមនៅកម្ពុជា» ទៅក្នុងប្រតិទិនខ្មែរចាប់ពីឆ្នាំក្រោយនេះតទៅ តែមិនតម្រូវឱ្យឈប់សម្រាកនោះទេ។

​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល និងទីស្ដីការក្រសួងការពារជាតិថ្មី នៅព្រឹកថ្ងៃពុធនេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន​ ថ្លែងថា ចាប់ពីឆ្នាំក្រោយនេះ លោកស្នើ​សុំដាក់បញ្ចូលក្នុងប្រ​តិទិន ថ្ងៃ២៩ធ្នូ គឺជាទិវាអបអរសាទរបញ្ចប់សង្គ្រាមនៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ខ្ញុំស្នើសុំដាក់ចូលប្រ​តិទិនដាក់ថា ទិវាអបអរសាទរថ្ងៃបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដាក់ចូលក្នុងនោះ ហើយមិនចាំបាច់ឈប់សម្រាកទេ»។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២១)។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។

យ៉ាងណាក្ដី កន្លងមកមានការរិះគន់ថា រដ្ឋាភិបាលកម្ពុជា​ចង់បំភ្លេចចោលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ នោះគឺ «​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា» ត្បិតរដ្ឋបានសម្រេច​ដកចេញពីប្រតិទិន ដោយមិនឱ្យមានការឈប់សម្រាកប្រចាំឆ្នាំរបស់កម្ពុជាថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ