លោក ហ៊ុន សែន ថា​នឹង​បង្កើត​ច្បាប់ «កំណ​ត់​អាយុ​ចូល​និវត្តន៍​របស់​នាយករដ្ឋមន្ត្រី»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ ( ២៩ ធ្នូ​ ១៩៩៨ -​ ២៩ ធ្នូ​ ២០២១) ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា លោកនឹងស្នើឱ្យមានការបង្កើតច្បាប់ ស្ដីពី «ការកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី» នៅក្រោយពេលដែលលោកឈប់គ្រប់គ្រងតំណែងកំពូលមួយនេះ។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅ​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល និងទីស្ដីការក្រសួងការពារជាតិថ្មី នៅព្រឹកថ្ងៃពុធនេះ។ ប្រមុខរដ្ឋាភិបាលរូបនេះអះអាងថា លោកនឹងសម្រេចបំណងអ្នកស្នើសុំឱ្យរៀបចំបង្កើតច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី។ ប៉ុន្តែលោកបានបញ្ជាក់ថា ច្បាប់នេះមិនមែនជាច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនោះទេ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «កាលហ្នឹងគេថា កំណត់អាយុនាយករដ្ឋមន្រ្តី អូខេ! ចាំពេលបោះឆ្នោតជ្រើសរើសផ្ដល់ការទុកចិត្តឱ្យរដ្ឋាភិបាលថ្មីហើយ [យើង] ចេញមកយើងជាសមាជិកសភាគិតថាបបួលគ្នាប៉ុន្មាននាក់យើង ពេលយើងចេញមកប្រជុំកាសែតទាំងអស់គ្នា។ ហើយយើងផ្ដួចផ្ដើមគំនិតស្នើសុំធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី ធ្វើឱ្យវាចំដាក់យកត្រឹម៧០បានហើយ ព្រោះជិតឆ្នាំ២០២៣ បើសិនជាខ្ញុំចាកចេញ ឧទាហរណ៍ទេណា! ខ្ញុំទើប៧១! អ៊ីចឹងលើសម៉ាតិចអត់អីទេ! ឥលូវបើចង់ដាក់ ៧២ក៏បាន អត់អីទេ»។

លោកបន្តថា៖ «ឧទាហរណ៍ទៅចុះ ប៉ុន្តែអាអ្នកដែលកំពុងស្នើសុំហ្នឹង អាហ្នឹង[សម​ រង្ស៊ី]វា ៧៣ហើយ! អ្ហែងធ្វើទៅ ធ្វើងាប់ខ្លួនឯងតើ!»

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាសំដៅទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង។

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោក សម រង្ស៊ី បានឌឺដង​ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បង្កើត​ច្បាប់​ពីរ​ទៀត បន្ទាប់ពីការបង្កើតច្បាប់ស្ដីពី«ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​»សម្រាប់​តំណែង​ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ​ ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋ​សភា និង​នាយក​រដ្ឋមន្ត្រី គឺច្បាប់ស្ដីពីការ​កំណត់​នាយក​រដ្ឋមន្ត្រី​ចូល​និវត្តន៍​ត្រឹម​អាយុ៧០ឆ្នាំ និង​ច្បាប់​ស្ដីពីការកំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី។

នៅក្នុងបទសម្ភាសន៍មួយចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៩ ខែតុលា លោក សម រង្ស៊ី បានសំណូមពរ​ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បង្កើត​ច្បាប់​ថ្មី​ពីរ​ទៀតដែល​ជា​ច្បាប់​មាន​សារៈ​សំខាន់​នោះ គឺ​ច្បាប់​ដែល​តម្រូវ​ឱ្យនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​អ្នក​កាន់​តំណែង​មុខងារ​សាធារណៈ​ទាំង​អស់ចូល​និវត្តន៍​ចាប់​ពី​អាយុ៧០ឆ្នាំ​ឡើង​ទៅ ដើម្បីបើកផ្លូវឱ្យយុវជនជំនាន់ក្រោយចូលមកជំនួស និង​ច្បាប់ស្ដីពីការកំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រីត្រឹម​ពីរ​អាណត្តិ។

បើតាមលោក សម រង្ស៊ី ច្បាប់ទី២នេះមានគោលបំណងឱ្យប្រទេសកម្ពុជាគេចផុតនៅថ្ងៃខាងមុខ ពីជនផ្ដាច់ការដែលចង់កាន់អំណាចអស់មួយជីវិត។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ គ្រាន់តែជាវោហារសព្ទនយោបាយក្នុងការប្រជែងយកប្រជាប្រិយភាពដើម្បីអំណាចផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ លោកថា ការបង្កើតច្បាប់នេះគួរធ្វើឡើងជាយូរមកហើយ មិនមែនធ្វើនៅពេលដែលលោកនាយករដ្ឋមន្ត្រីប្រកាសពីការត្រៀមឈប់ធ្វើនយោបាយនោះទេ។

លោកថា៖ «ពាក់ព័ន្ធជាមួយការងារនេះដែរ យើងឃើញថា របៀបនៃការឌឺដងនយោបាយរបស់មេដឹកនាំនយោបាយធំៗនៅកម្ពុជានេះ វាមិនមែនជារឿងដំបូង ហើយកើតឡើងលើកទីមួយឬលើកទីពីរ វាកើតឡើងជិតម្ភៃសាមសិបឆ្នាំទៅហើយ ហើយវាក៏បានក្លាយជារឿងដដែលៗ។ សូម្បីតែខ្ញុំជាយុវជនជំនាន់ក្រោយហ្នឹង គឺស្ដាប់ឮតាំងពីមិនទាន់ចេះ ឬក៏មិនទាន់យល់ពីតួនាទី ឬក៏កាតព្វកិច្ច ក្នុងនាមជាអ្នកនយោបាយអ៊ីចឹង»។

លោកបន្តថា៖ «អ៊ីចឹងសម្រាប់ការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថា វាគ្រាន់តែជាវោហារសព្ទនយោបាយនៅក្នុងការប្រជែងយកប្រជាប្រិយភាពដើម្បីអំណាចផ្ទាល់ខ្លួនតែប៉ុណ្ណឹងឯង ហើយការណ៍នេះ វាមិនផ្ដល់ផលចំណេញអ្វីច្រើនដល់សង្គមទេ»។

ក្រៅពីប្រកាសត្រៀមបង្កើតច្បាប់ស្ដីពី «ការកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី» ហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះក៏បានប្រកាសថា លោកនឹងក្លាយជាឪនាយករដ្ឋមន្ត្រីនៅក្រោយឆ្នាំ២០២៣ ហើយលោកនឹងអាចក្លាយជាជីតានាយករដ្ឋមន្ត្រីនៅក្រោយឆ្នាំ២០៤០ ទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ