បទយកការណ៍៖ ប្រជាសហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្តស្វាយរៀង​មួយចំនួន​ក្រាញននៀល​ទាមទារ​សំណង​សមរម្យ

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

វិវាទដីធ្លីនៅកម្ពុជានៅតែត្រូវបានគេមើលឃើញថា មិនទាន់មានការដោះស្រាយឱ្យបានប្រសើរនៅឡើយ ហើយការតវ៉ានានាក៏កើតមានជាបន្តបន្ទាប់ ស្របពេលជម្លោះដីធ្លីខ្លះបានអូសបន្លាយជាច្រើនឆ្នាំ ដែលធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដល់ជីវភាពរស់នៅ។

ប្រជាសហគមន៍ដែលមានវិវាទដីធ្លីនៅតំបន់ខ្លះត្រូវបង្ខំចិត្តទទួលយកសំណងដែលអាជ្ញាធរកំណត់ជូន ដោយសារគ្មានជម្រើស និងគ្មានសង្ឃឹមថានឹងទទួលបានយុត្តិធម៌ បើទោះបីជាសំណងនោះតិចតួចមិនសមតម្លៃដីធ្លីរបស់ពួកគាត់ក៏ដោយ។

ជាក់ស្ដែង ប្រជាសហគមន៍សាមគ្គីចេកមាស ក្នុងឃុំចំនួនពីរនៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលពលរដ្ឋអះអាងថា មានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិនក្រោមគម្រោងកសាងអាងស្តុកទឹកមួយកន្លែងមួយចំនួន បានបន្តក្រាញននៀលទាមទារសំណងសមរម្យ ខណៈអ្នកភូមិដែលរងផលប៉ះពាល់ជាច្រើនទៀតព្រមទទួលយកសំណងដែលអាជ្ញាធរកំណត់ជូន ទោះបីជាពួកគេមិនពេញចិត្តចំពោះតម្លៃផ្ដល់ជូននោះក៏ដោយ។

ជាម្ចាស់ដីកំពុងរងផលប៉ះពាល់ ដែលអះអាងថាត្រូវបានគេបង្ខំឱ្យផ្ដិតមេដៃទទួលយកសំណងតម្លៃ «៩០០រៀល ក្នុងមួយម៉ែត្រការ៉េ» ប៉ុន្តែបដិសេធមិនព្រម​ទទួលយកសំណងនេះ អ្នកស្រី ប៉ុល ស៊ី ​​រៀបរាប់ថា ​ជម្លោះដីធ្លីនេះកើតឡើង​រយៈពេល១០ឆ្នាំមកហើយ។

អ្នកស្រីបន្ថែមថា គាត់មានដីជាង​​១ហិកតា​កំពុងរងផលប៉ះពាល់ ដែលជាដី​ធ្លាប់អាស្រ័យផលជារៀងរាល់ឆ្នាំសម្រាប់ចិញ្ចឹមជីវិត។ ប្រភពដដែលបន្តថា គាត់រងការគំរាមកំហែងឱ្យទទួលយកសំណងតាមការកំណត់របស់អាជ្ញាធរ ​ប៉ុន្តែអ្នកស្រីបដិសេធ ត្បិតតម្លៃ៩០០រៀលក្នុងមួយម៉ែត្រការ៉េជាតម្លៃថោកពេក ខណៈតម្លៃដីនៅតំបន់មានជម្លោះបច្ចុប្បន្ន មានតម្លៃ​៥ដុល្លារឬប្រមាណ២ម៉ឺនរៀលក្នុងមួយម៉ែត្រការ៉េ។

កសិកររូបនេះនៅតែក្រាញននៀលទាមទារឱ្យរដ្ឋាភិបាលគិតគូរសំណងជូនពលរដ្ឋឱ្យសមរម្យតាមតម្លៃទីផ្សារ ​ដើម្បីឱ្យអ្នកស្រីមានលទ្ធភាពទិញដីកន្លែងថ្មីសម្រាប់ប្រកបមុខរបរចញ្ចឹមជីវិតបន្តទៀត។

អ្នកស្រីថា៖ «អភិវឌ្ឍន៍ គឺអភិវឌ្ឍន៍ហើយ! ប៉ុន្តែខ្ញុំថាមិនអីទេ សុំត្រឹមឱ្យឡើងបន្តិចទៅ អាណិតប្រជាពលរដ្ឋផង គ្នាធ្វើតែស្រែ ប្រជាជនកសិករហ្នឹង! ហើយទីពឹងតែដីហ្នឹង! ដីហ្នឹងមិនមែនយើងត្រាយត្រួសយកទេ ដីហ្នឹងគេចែកឱ្យត្រឹមត្រូវណាស់»។

ពលរដ្ឋដដែលនេះនិយាយទាំងអួលដើមកទៀតថា អ្នកភូមិធ្លាប់រកកិច្ចអន្តរាគមន៍ពីថ្នាក់មូលដ្ឋាន​រហូតដល់ថ្នាក់ជាតិ ប៉ុន្តែអាជ្ញាធរមិនត្រឹមតែមិនរកយុត្តិធម៌ជូនពួកគាត់ទេ បែរជា​ធ្វើទុក្ខបុកម្នេញនិងគំរាមកំហែងពលរដ្ឋចំពោះសកម្មភាពតវ៉ាកន្លងមកទៅវិញ។

អ្នកស្រីថា៖ «ខ្ញុំតវ៉ានេះ​ តវ៉ា​ទៅភ្នំពេញម្ដងៗ​រត់ហែលទឹកកាត់​ប្រឡាយ​អីហ្នឹង ស្ពានធ្វើមិនទាន់​ហើយ​ ទាំងយប់ទាំង​អធ្រាត្រ​ លក់​មាន់​លក់​ទា បានលុយទៅ គេដេញចាប់​ វេទនា​ណាស់។ មកដល់ផ្ទះ គេដេញចាប់​យើងទៀត​ គេមកសួរ​យើងទៀត។ សួរ​យើង​ថាមាន​ការអី​ ហើយខ្ញុំថាទៅ​តវ៉ារឿងដីធ្លី​ខ្ញុំ​ ព្រោះអីអាជ្ញាធរភូមិ​អត់មាន​រក​យុត្តិធម៌ឱ្យខ្ញុំទេ​ ហើយប៉ូលិសក៏គេសួរអ៊ីចឹង​ដែរ បានខ្ញុំថា​ខ្លោចផ្សាមែន​»។

និយាយដោយទឹកមុខក្រៀមក្រំ រស់នៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលមានដីប៉ះពាល់នៅក្នុងគម្រោងអភិវឌ្ឍន៍ធ្វើអាងស្តុកទឹក​ជិត២ហិកតា អ្នកស្រី ពេជ្រ យ៉ាន អះអាងថា អ្នកស្រីត្រូវបានគេគាបសង្កត់ឱ្យផ្ដិតមេដៃទទួលយកសំណង៩០០រៀលក្នុងមួយម៉ែត្រការ៉េនោះ ប៉ុន្តែអ្នកស្រីបដិសេធ ដោយទាមទារឱ្យបានតម្លៃសមរម្យជាងនេះ ដើម្បីយកប្រាក់ទៅទិញដីកន្លែងផ្សេងបាន។ ​

កសិករដដែលនិយាយទៀតថា ​ជាញឹកញាប់ អាជ្ញាធរមូលដ្ឋានតែងមកប្រាប់ឱ្យអ្នកស្រីផ្ដិតមេដៃទទួលយកសំណងនោះ ​តែអ្នកស្រីមិនព្រម។

អ្នកស្រីបន្ដថា៖ «មើលតែបន្តិចទៀតបានខ្ញុំផ្ដិតឱ្យ ពីព្រោះឥលូវដីវាមិនទាន់ដឹងថ្លៃថ្នូរអីប៉ុន្មាន ចេះឱ្យខ្ញុំផ្ដិតៗ ខ្ញុំមិនផ្ដិតឱ្យទេ! ថាចាំមើលថ្លៃដី ខ្ញុំមិនឃាត់ថាទេ ធ្វើៗចុះ ប៉ុន្តែឱ្យតម្លៃថ្លៃថ្នូរ សមរម្យដល់ខ្ញុំផង ពីព្រោះអី ខ្ញុំគ្មានអីទេ ខ្ញុំមានតែដីហ្នឹងទេ ធ្វើចិញ្ចឹមជីវិតដល់កូនដល់ចៅដែលរស់រានមានជីវិតហ្នឹង»។

ដោយឡែក រស់​នៅភូមិ​​ចេ​ក​ ឃុំ​ឈើ​ទាល​ ស្រុក​ស្វាយ​ជ្រុំ អ្នកស្រី​ ចាប កញ្ញា និយាយ​ថា ដោយសារសកម្មភាពតវ៉ាពាក់ព័ន្ធវិវាទដីធ្លីមួយនេះ ធ្វើឱ្យ​អ្នកស្រី​និងសមាជិក​សហគមន៍ផ្សេងទៀត​ត្រូវ​បាន​គេចោទពីបទ​ «ប្រឆាំង​នឹងវិធានការសុខាភិបាល» ទើបអ្នកស្រីព្រមផ្ដិតមេដៃទទួលយកសំណងទាំងបង្ខំចិត្ត ត្បិតដឹងថាសំណងនោះពិបាកនឹងទទួលយកយ៉ាងណាក៏ដោយ។

អ្នកស្រីថា ការចោទប្រកាន់ពេលនោះ អាជ្ញាធរក៏បានចាប់និងឃុំខ្លួន​តំណាងសហគមន៍ពីរ​នាក់ គឺអ្នកស្រី​ ឥន្ទ សូត្រ និងអ្នកស្រី​ យស់ សោភ័ណ្ឌ រយៈពេល២០ថ្ងៃ ព្រមទាំងពិន័យប្រាក់ម្នាក់ៗចំនួន២លានរៀល​ ​បន្ទាប់ពីអ្នកស្រី​និង​សមា​ជិក​ផ្សេងបានប្រមូលផ្ដុំគ្នាលើដីស្រែមានជម្លោះ ហើយថតរូបផុសលើបណ្ដាញសង្គមហ្វេសប៊ុក។

ប្រភពដដែលបញ្ជាក់ថា សកម្មភាពប្រមូលផ្ដុំពេលនោះធ្វើឡើងក្នុងគោលបំណង​ទាម​ទាររកដំណោះស្រាយដីធ្លី ពិសេសទាមទារសំណងសមរម្យ ដើម្បីឱ្យស្របទៅតាមតម្លៃដីបច្ចុប្បន្នប៉ុណ្ណោះ។ ​

អ្នកស្រី​និយាយថា៖ «ទីផ្សារឥលូវ​យ៉ាង​ថោកបំផុត​ក៏បាន​៥ដុល្លារដែរ ហ្នឹង​សម័យឥលូវ​ ដីហា៎! តែ​ដល់​តែ​គេមកឱ្យ​យើងតែ​២កាក់អ៊ីចឹង​»។

ពលរដ្ឋដែលអះអាងថាជាតំណាងសហគមន៍សាមគ្គីចេកមាសមួយរូប ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព អះអាងថា ជម្លោះដីធ្លីក្នុងសហគមន៍សាមគ្គីចេកមាសនេះមានប្រជាពលរដ្ឋជាសមាជិករងផលប៉ះពាល់ចំនួន៣ភូមិ ស្មើនឹង១១៧គ្រួសារ លើផ្ទៃដីមានជម្លោះជិត១០០ហិកតា ស្ថិតនៅក្នុងឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋជាសមាជិកសហគមន៍ដែលមានជម្លោះមានចំនួន១១៧គ្រួសារ គឺនៅសល់តែ៥គ្រួសារប៉ុណ្ណោះដែលមិនព្រមផ្ដិតមេដៃទទួលយកសំណង។ ដោយឡែក ក្រៅពីនេះ គេព្រមផ្ដិតមេដៃទទួលយកសំណងតាមការផ្ដល់ជូនរបស់អាជ្ញាធរ បន្ទាប់ពីតំណាងសហគមន៍ពីរនាក់ត្រូវបានចាប់ឃុំខ្លួនកាលពីខែសីហា។ 

ប្រភពបន្តថា៖ «ចាស៎! ដោយសារតែមានការគំរាមកំហែងពីអាជ្ញាធរគ្រប់។ និយាយរួមទៅ តាំងពីភូមិឃុំឡើងទៅ មានការគំរាមកំហែងដល់ពួកគាត់ហើយ រហូតដល់មានការចាប់ខ្លួនពួកខ្ញុំពីរនាក់ហ្នឹងទៅ បានពួកគាត់សម្រេចចិត្តថា ពួកគាត់នឹងផ្ដិតមេដៃទទួលយកសំណងទាំងបង្ខំចិត្ត។ គេហៅថាសំណងដោយបង្ខំ គាត់ក៏ព្រមផ្ដិតមេដៃទទួលយក ដោយសារតែពួកគាត់គិតថា ពេលផ្ដិតមេដៃទទួលយកសំណងហ្នឹងហើយ គេនឹងដោះលែងពួកខ្ញុំពីរនាក់មកវិញ។ តែជាលទ្ធផល គឺអត់ដូចការគិតរបស់ពួកគាត់ទេ»។  

អភិបាលស្រុកស្វាយជ្រុំ លោក ហេម សារិទ្ធិ មានប្រសាសន៍យ៉ាងខ្លី ដោយស្នើឱ្យប្រជាពលរដ្ឋចូលប្រជុំជាមួយក្រុមការងារអន្តរក្រសួង។

ចំណែកឯមេឃុំស្វាយធំ លោកស្រី កេត ថារី បានលើកឡើងថា អាជ្ញាធរមូលដ្ឋានមិនដែលបង្ខិតបង្ខំពលរដ្ឋ ដើម្បីឱ្យពួកគេទទួលយកសំណងនោះទេ។

អ្នកស្រីលើកឡើងថា៖ «រឿងខ្ញុំ ខ្ញុំមិនដែលបង្ខិតបង្ខំប្រជាពលរដ្ឋណាទេ អ្នកណាដែលមិនទាន់ផ្ដិតមេដៃផ្ដិតអី គ្មានអ្នកណាទៅបង្ខំ កុំមកនិយាយអ៊ីចឹង! គ្មានការឆ្លើយតបជាមួយទេ រឿងអ៊ីចឹងៗទេ! បើចង់ទៅសួរដល់ស្រុកដល់ខេត្ត អន្តរក្រសួងអីទៅ»។

ទោះបីជាយ៉ាងនេះក្ដី ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា (CCFC) លោក ថេង សាវឿន ​មានប្រសាសន៍ថា ការ​​បង្ខំប្រជាជន​ឱ្យលក់ដី​ទាំង​ដែលមិន​មាន​ការស្ម័គ្រចិត្ត​ ជារឿងរំលោភសិទ្ធិដីធ្លី និងរំលោភសិទ្ធិរស់រានមាន​ជីវិត និងសិទ្ធសេដ្ឋកិច្ចរបស់ពលរដ្ឋ។ លោកមើលឃើញថា ​​ប្រជា​សហគមន៍សាមគ្គីចេកមាស គឺរស់ពឹងលើដីធ្លីសម្រាប់​​ប្រកបរបរកសិកម្ម និងប្រើប្រាស់ដីសម្រាប់ចែកកូនៗជំនាន់ក្រោយ​។

លោកលើកឡើងថា៖ «អាជ្ញាធររដ្ឋ បើទោះបីជាត្រូវការគម្រោងសម្រាប់សាងសង់អាងស្ដុកទឹកដែលបម្រើឱ្យជាសាធារណៈក៏ពិតមែន ​ក៏ប៉ុន្តែ​ត្រូវ​ធ្វើយ៉ាងណា ​មិនត្រូវ​រំលោភឬ​បង្ខិតបង្ខំឱ្យប្រជាពលរដ្ឋ​ធ្វើការលក់ដីដោយ​បង្ខំចិត្តនោះទេ។ ហើយការ​ផ្ដល់តម្លៃ​នេះ ក៏យន្តការនៃការដោះស្រាយឬការជជែកពិភាក្សាគួរធ្វើដោយសន្តិវិធី ដោយមិនមានការបង្ខិតបង្ខំ»។

មន្ត្រីសង្គមស៊ីវិលរូបនេះ​​បន្ថែមថា គ្រប់យន្តការដោះស្រាយវិវាទដី​ធ្លី​​គួរតែត្រូវ​ធ្វើឡើងដោយបើកចំហ​ និង​​ធានាថា​ប្រាក់សំណងដែលផ្ដល់ជូនកសិករ គឺពួកគាត់អាចយកទៅទិញដី​តំបន់ផ្សេង​ដើម្បីបង្កបង្កើនផលបន្តទៀតបាន។

លោកថា​៖ «យើងអភិវឌ្ឍដើម្បី​បម្រើផលប្រយោជន៍និងលើកកម្ពស់ជីវភាព​ប្រជាជន ប៉ុន្តែ​បើសិនជា​កាលណា​យើងអភិវឌ្ឍធ្វើឱ្យប្រជាជន​ក្រីក្រវេទនារស់នៅ​ក្រលំបាក អាហ្នឹង​​មិន​មែន​​ជា​ការអភិវឌ្ឍ​ទេ។ ដូច្នេះសូមឱ្យគិតទៅលើយន្តការហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ