បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ធ្វើ​កូដកម្ម ក្រោយ​ចរចា​បរាជ័យ​ជា​លើក​ទី៥

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (Andrew Haffner)

បុគ្គលិក​ក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ប្រកាន់ជំហរដាច់ខាតបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនរហូត​មាន​ដំណោះស្រាយលើវិវាទការងារ បើទោះបីជាកិច្ចចរចាជាមួយភាគីក្រុមហ៊ុនជាលើកទី៥ ត្រូវបានបរាជ័យ​ក៏ដោយ​។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាង១ ០០០នាក់បានបន្តធ្វើ​កូដកម្មនៅមុខក្រុមហ៊ុន​រយៈ​ពេល១២ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ គិតត្រឹមថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​​នេះ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៩ចំណុច ក្នុងនោះ​មាន ការទាម​ទារ​​ឱ្យ​ក្រុម​ហ៊ុន​ទទួល​យក​ថ្នាក់ដឹកនាំ​សហជីព សមាជិក​ប្រតិភូបុគ្គលិក និង​កម្មករ​និយោជិត​ចំនួន៣៦៥នាក់​ ដែលមិន​ព្រមទទួល​យក​សំណង​​បញ្ចប់​កិច្ចសន្យា​ការងារ ចូល​បម្រើ​ការងារ​ឡើងវិញ។

កាលពីថ្ងៃទី២៧ ខែធ្នូ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីលទ្ធផលនៃការចរចារកដំណោះស្រាយលើវិវាទការងាររវាងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ និងតំណាង​ក្រុមហ៊ុន​ ប៉ុន្តែត្រូវបានបរាជ័យជាលើកទី៥ ដោយសារភាគីវិវាទប្រកាន់ជំហររៀងៗខ្លួន។

យ៉ាងនេះក្ដី ក្រុមកូដករទាំងនោះបាន​​​ប្រកាសពី​ជំហរ​​ធ្វើកូដកម្ម​បន្តទៀត ប្រសិនបើក្រុមហ៊ុន​ល្បែងមួយនេះ​មិនព្រមទទួលយកបុគ្គលិកទាំងជាង៣០០នាក់ឱ្យចូលធ្វើការងារវិញនោះ។

សកម្មជនសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ អ្នកស្រី រី សុវណ្ណឌី ថ្លែងប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា បុគ្គលិកជាង១០០០នាក់នេះត្រូវការការងារដែលមានសុវត្ថិភាព និងមាន​​តំណាង​ស្មោះត្រង់ ដែលជួយដោះស្រាយនៅពេលមានបញ្ហាកើតឡើង។ បើមិនដូច្នេះទេ ពួកគេនឹង​រងការ​គាបសង្កត់ពីភាគីក្រុមហ៊ុនដោយពុំមានអ្នកអើពើមិនខាន។

អ្នកស្រីថា៖ «បើសិនជាអត់បាន៣៦៥នាក់ ដែលក្នុងហ្នឹងមានតំណាងពួកគាត់ [បានចូលធ្វើការវិញ] គឺ​គាត់​ដាច់​ខាត​ត្រូវតែ​នៅ​ឈរនៅពីមុខក្រុមហ៊ុនរហូតដែរ។ ជំហរហ្នឹងសុទ្ធតែសំខាន់ដូចគ្នា។ ក្រុមហ៊ុន​ទុក​សហជីពនៅ ចង់​និយាយ​ថាជាឆ្អឹង​ទទឹងករបស់គេ អ៊ីចឹងដាច់ខាតគេត្រូវរំលាយសហជីពហ្នឹងឱ្យបាន។ ហើយខាង​ភាគី​ខាងកូដករ បើសិនជាបាត់បង់សហជីព បាត់បង់តំណាងរបស់គាត់ ​គឺពួកគាត់នឹង​ធ្វើ​ការងារ​​ដូច​ទាសករ​អ៊ីចឹង គឺគេជេរផងអីផង ហើយក៏គ្មាននរណាគេទៅរកខុសរកត្រូវឱ្យពួកគាត់ដែរ។ អ៊ឹចឹងគាត់ត្រូវតែការពារ​តំណាង​របស់គាត់»។

​អ្នកតវ៉ាមួយរូបទៀត ​លោក ប៉េង សោភា លើកឡើងថា ក្រុមហ៊ុនបានទាមទារបញ្ឈប់បុគ្គលិកជាង៣០០នាក់ ដែលភាគច្រើនជាសកម្មជនសហជីព ដោយក្រុមហ៊ុនផ្ដល់ហេតុផលថា ខាតបង់ការចំណាយច្រើនដោយសារកូវីដ-១៩ ចាំបាច់ត្រូវកាត់បន្ថយបុគ្គលិក។ យ៉ាងណា លោកថា រឿងនៅពីក្រោយខ្នងនៃការបញ្ឈប់បុគ្គលិកទាំងនោះ គឺក្រុមហ៊ុនរើសអើងសហជីពតែម្ដង។

លោកថា៖ «រូបភាពដែលមើលឃើញ គឺឃើញរើសអើងសហជីព! អ៊ីចឹងគាត់ [បុគ្គលិក] ក៏ចូលរួមតវ៉ា គាត់គិតថាបើសិនជានៅក្រុមហ៊ុនគាត់អត់មានសហជីព អ៊ីចឹងដូចកូនអត់មានឪពុកម្ដាយអ៊ីចឹង ព្រោះសហជីពតែងតែជួយពួកគាត់ដោះស្រាយភាពអយុត្តិធម៌នៅកន្លែងការងារច្រើន។ អ៊ីចឹងគឺគាត់[បុគ្គលិក]ចូលចិត្ត និងស្រឡាញ់សហជីព»។

វីអូឌី មិនអាចទាក់ទងសុំការបកស្រាយពីតំណាង​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ លោក Mike Ngai បានទេ នៅថ្ងៃពុធនេះ។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់​ លោក ឃុន ថារ៉ូ លើកឡើងថា ប្រសិនបើវិវាទការងារនេះមិនត្រូវបានដោះស្រាយ ហើយ​កូដកម្មបន្តអូសបន្លាយយូរ គឺបង្ហាញរូបភាពអាក្រក់សម្រាប់មហាជន។ ​បន្ថែមពីនេះ​ក៏បង្ហាញពីអសមត្ថភាពរបស់ស្ថាប័នរដ្ឋាភិបាល ដែលមិនអាចដោះស្រាយវិវាទការងារមួយនេះបាន។

លោក ថារ៉ូ និយាយថា៖ «បើសិនជាបន្តឱ្យកើតឡើង វាជាគំរូអាក្រក់ទៅដល់និយោជកផ្សេងៗទៀតដែលមានឥទ្ធិពលប្រហាក់ប្រហែលទៅនឹងណាហ្គាវើលដ៍ហ្នឹង។ អាចប្រើប្រាស់នូវទម្រង់ដូចគ្នានៅក្នុងការរំលាយរចនាសម្ព័ន្ធសហជីព ជាទម្រង់នៃការរើសអើងសហជីពអ៊ីចឹង»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ថ្លែងប្រាប់ វីអូឌី នៅថ្ងៃទី២៩ ខែធ្នូនេះថា នៅក្នុងច្បាប់ការងារ គឺមានការការពារទៅវិញទៅមក ពោលគឺទាំងបុគ្គលិកនិងនិយោជក។ លោកថា ក្នុងករណីដែលមានបញ្ហាសេដ្ឋកិច្ចឬវិបត្តិ ក្រុមហ៊ុនអាចកាត់បន្ថយបុគ្គលិកបាន។

លោកថា៖ «ការសម្របសម្រួលដូចខ្ញុំបញ្ហាក់ជាច្រើនដងហើយថា វាអាស្រ័យលើភាគីទាំងពីរ។ យើង​ក្ដាប់​បាននូវអ្វីដែលជាសំណូមពររបស់បងប្អូនកម្មករយើង ប៉ុន្តែវាក៏មានដែន​កំណត់នៃច្បាប់​ដែល​ផ្ដល់​សិទ្ធិទៅដល់​និយោជកមួយចំនួនធំដែរ»។

យ៉ាងណា លោក ហេង សួរ ថាក្រសួងការងារមិនបានឱបដៃឈរមើលវិវាទការងាររបស់ភាគីទាំងពីរឡើយ ហើយក្រសួងមិនបានបោះបង់ចោលតួនាទីរបស់ខ្លួន ដោយបានបំពេញនូវ​ភារកិច្ច​តាម​ច្បាប់ស្តីពីការងារ។

ទោះបីជាយ៉ាងនេះក្ដី សហភាពសហជីពកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៩ ខែធ្នូនេះ ដោយលើកឡើងថា ក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិយោជិតដោយបង្ខំទាំងពួកគេមិនបានប្រព្រឹត្តកំហុស គឺជាទង្វើរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីនេះ ចំពោះការគេចវេះមិនចូលតុចរចារបស់និយោជក បានបង្ហាញអំពីភាពមិនទទួលខុសត្រូវ និងមិនបានឱ្យតម្លៃដល់ក្រសួងការងារ។

សហភាពសហជីពកម្ពុជា យល់ឃើញថា ក្រសួងការងារមិនត្រូវរារែកចិត្ត និងត្រូវធ្វើការសម្រេច ដោយភាពស្មោះត្រង់ ចំពោះការដោះស្រាយជូនបុគ្គលិកទាំងនោះ ដោយមិនត្រូវបណ្តោយឱ្យពេលវេលាអូសបន្លាយនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងមិនត្រូវភ្ជាប់កូដកម្មនេះទៅនឹងហេតុផលផ្សេងឡើយ។ សហភាពសហជីពកម្ពុជា សង្ឃឹមថា ក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាល​ នឹងផ្ដល់ដំណោះស្រាយដោយយុត្តិធម៌ជូនកម្មករនិយោជិតចំនួន៣៦៥នាក់បានចូលបម្រើការងារវិញ នាពេលឆាប់ៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ