កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​-១៩​ ​ប្រភេទ​អូមីក្រុង​​១៤​ករណី​ថ្មី​បន្ថែម​ទៀត

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ អូមីក្រុង មានចំនួន ១៤ករណី​បន្ថែមទៀត ដែលជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ធ្វើឱ្យអ្នកឆ្លងមេរោគប្រភេទថ្មីនេះនៅកម្ពុជាកើនឡើងដល់ ៤៨ករណី។  ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ​១៤នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន អូមីក្រុង ​ហើយជា​ករណីនាំចូលពីក្រៅប្រទេសទាំងអស់ ។​  ក្រសួងបន្ថែមថា ក៏មានករណីអ្នកជំងឺស្លាប់ម្នាក់ ខណៈ​​ជាសះស្បើយថ្មី​មានចំនួន ១៣នាក់ផងដែរ។

ការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនៅថ្ងៃនេះ បើប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញមានការកើនឡើង​ ១៣ករណី ខណៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលម្សិលមិញមានត្រឹមមួយករណីប៉ុណ្ណោះ។

​គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូនេះ កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ អូមីក្រុង ​ សរុប​ចំនួន ៤៨ករណីហើយ ក្នុងរយៈ​កន្លះខែប៉ុណ្ណោះ ក្នុងខែធ្នូនេះ ​ ក្រោយពីកម្ពុជាបាន​រកឃើញករណីវិជ្ជមានមេរោគថ្មីនេះជាលើកដំបូង កាលពីថ្ងៃទី១៤ខែធ្នូ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន «អូមីក្រុង» ជាបន្តបន្ទាប់ ក្រោយពេលរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេច​ដកបម្រាម ដែលហាមឃាត់ចំពោះអ្នកដំណើរដែលមកពីប្រទេស ឬ ឆ្លងកាត់ប្រទេសចំនួន១០ ក្នុងតំបន់អាហ្វ្រិកមិនឱ្យចូលមកកម្ពុជា បន្ទាប់ពីតំបន់មួយនេះរកឃើញករណីឆ្លងវីរុសកូវីដ-១៩  ប្រភេទ«អូមីក្រុង» ដំបូងគេ។

គិតត្រឹមព្រឹកថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២០ ៤៨៧ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន ១១៦ ​៩០៧នាក់ និងស្លាប់សរុប​ចំនួន ៣០១២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ