សង្គម​ស៊ីវិល​បារម្ភ​ពី​វិធានការ​បង្ក្រាប​ការ​ទន្ទ្រាន​ព្រៃលិចទឹក​គ្មាន​តម្លាភាព ខណៈ​មាន​របាយការណ៍​ខ្លះ​ខុស​ពី​ការពិត

ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីបង្ការនិងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ (ហ្វេសប៊ុក៖ GRK News)

សង្គមស៊ីវិលបារម្ភថា វិធានការបង្ក្រាបការទន្ទ្រានយកដីព្រៃលិចទឹកគ្មានតម្លាភាព ស្របពេលមាន​​របាយការណ៍មួយចំនួនត្រូវបានបង្ហាញខុសពីការពិតនៃការកាប់បំផ្លាញឬកាន់កាប់ដីព្រៃលិចទឹកជាក់ស្ដែង។ ​

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញរបាយការណ៍មួយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលត្រូវចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ បានរកឃើញថា លោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានកាន់កាប់និងទន្ទ្រានដីចំនួន៣៨ទីតាំង មានទំហំ៩៥ ២០២ហិកតា និងលក់ដូរបានប្រាក់ជាង៥១ម៉ឺនដុល្លារ ប៉ុន្តែស្នងការរងរូបនេះបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញត្រឹមតែ៦៧៥ហិកតាប៉ុណ្ណោះ។

ចំណែកប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច ​លើកឡើង​កាលពី​ថ្ងៃទី១៧ ខែធ្នូ ថាគ្រាន់តែក្នុង​ខេត្តកំពង់ធំមួយ ​ព្រៃលិចទឹកបាន​បាត់បង់​ជាង១០ម៉ឺន​ហិកតា ប៉ុន្តែ​មន្ត្រីជំនាញបាន​ធ្វើ​របាយការណ៍ទៅរដ្ឋាភិបាលដោយ​ដាក់​តែ​ជាង៣ពាន់ហិកតា​ប៉ុណ្ណោះ។ ករណីនេះ លោក សុខ ទូច មិនពេញចិត្តឡើយ ដោយទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធហ៊ានបង្ហាញការពិត ចៀសវាងក្មេងជំនាន់ក្រោយជេរស្ដីចំពោះការ​​ធ្វើឱ្យព្រៃលិចទឹក ព្រមទាំងធ្វើឱ្យធនធានមច្ឆជាតិវិនាស។ ​

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត្រ មានប្រសាសន៍ថា លោកសាទរចំពោះវិធានការបង្ក្រាបនិងការទប់ស្កាត់ការទន្ទ្រានយកដីព្រៃលិចទឹកនៅពេលនេះ ប៉ុន្តែលោកក៏ព្រួយបារម្ភពីប្រសិទ្ធភាពនិងតម្លាភាពផងដែរ ប្រសិនបើមន្ត្រីអនុវត្តច្បាប់មួយចំនួនគ្មានឆន្ទៈ និងបង្ហាញរបាយការណ៍លាក់លៀមរដ្ឋាភិបាលនោះ។

ប្រធានសម្ព័ន្ធប្រជានេសាទរូបនេះឱ្យដឹងថា លោកបាន​ឱ្យប្រជាសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាបស្រាវជ្រាវរកទំហំនៃការទន្ទា្រនរំលោភយកដីព្រៃលិចទឹកជាក់លាក់ ដើម្បីផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់អាជ្ញាធរផងដែរ។

លោកបន្ថែមថា៖ «សហគមន៍យើងធ្លាប់រៀបចំវេទិកាដើម្បីទាមទារឱ្យមានការដោះស្រាយការកាប់រានឈូសឆាយដីព្រៃដែរ ប៉ុន្តែយើងធ្វើទៅពិបាក ធ្វើអត់បាន ដោយសារកន្លែងខ្លះ អ្នកមានតួនាទីធំៗទៅវាទីយកដីព្រៃលិចទឹក។ ដល់ពេលមានចំណាត់ការពីរដ្ឋាភិបាលអ៊ីចឹងទៅ យើងអរណាស់ ពីព្រោះដីនៅជុំវិញបឹងទន្លេសាបរាប់ម៉ឺនហិកតាត្រូវបានដកហូតយកមកវិញ។ អ៊ីចឹងបានថា រដ្ឋាភិបាលត្រូវមានវិធានការឱ្យម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ»។

ដោយឡែក ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង មានប្រសាសន៍ថា ករណីមន្ត្រីបង្ហាញរបាយការណ៍ឬរាយការណ៍ភូតកុហក និងមានការគប់គិតគ្នាលាក់បាំងព័ត៌មានថ្នាក់លើ ដោយសារតែពាក់ព័ន្ធអំពើពុករលួយឬមានចេតនាណាមួយនោះ វាជាទង្វើខុសច្បាប់ ដែលមន្ត្រីទាំងនោះត្រូវតែមានទោស។

មន្ត្រីសង្គមស៊ីវិលរូបនេះ​បានស្នើដល់រដ្ឋាភិបាលធ្វើការស៊ើបអង្កេតរយៈពេលវែង ដោយមិនត្រូវប្រញាប់បិទបញ្ចប់នោះទេ ដើម្បីស្វែងរកភស្ភុតាងនិងអ្នកពាក់ព័ន្ធបន្ថែមទៀតមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកបន្ថែមថា៖ «ការបាត់បង់ព្រៃលិចទឹករាប់ម៉ឺនហិកតា វាមិនមែនជារឿងចៃដន្យទេ ហើយវាក៏មិនទើបតែកើតឡើងដែរ គឺប្រាកដណាស់ថាមានចេតនាទុច្ចរិតក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិមួយនេះ។ អ៊ីចឹងខ្ញុំគិតថា គួរតែបន្តធ្វើការស៊ើបអង្កេតរយៈពេលវែង។ ហើយមន្ត្រីដែលជាប់ពាក់ព័ន្ធមិនថាធ្វេសប្រហែសឬលាក់បាំងព័ត៌មានទេ ត្រូវតែមានចំណាត់ការលើមន្ត្រីទាំងអស់នេះ ដែលបានចូលរួមចំណែកធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជម្រកត្រីដ៏សំខាន់។ ខ្ញុំសង្ឃឹមថា អ្នកដែលលាក់បាំងនិងសហការបំផ្លាញធនធានធម្មជាតិ នឹងទទួសខុសត្រូវចំពោះមុខច្បាប់»។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍​ថា ប្រសិនបើរដ្ឋាភិបាលចាត់វិធានការទៅមន្រ្តីពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រាក់ៗដែលប្រព្រឹត្តបទល្មើសព្រៃលិចទឹកមិនមានតម្លាភាពនិងប្រសិទ្ធភាពទេ វានឹងបង្ហាញពីគំរូអាក្រក់លើការអនុវត្តច្បាប់នៅកម្ពុជា។ បន្ថែមពីនេះ មន្ត្រីដែលល្មើសច្បាប់ទាំងនោះលែងខ្លាចញញើតប្រសាសន៍ប្រមុខរដ្ឋាភិបាលនិងវិធានការច្បាប់ទៀតផង។

លោក ប៉ែន ប៊ុណ្ណារ៍ បានជំរុញដល់មន្ត្រីល្អៗនិងពលរដ្ឋរួមគ្នាប្ដឹងទៅតុលាការ ចំពោះមន្ត្រីដែលពាក់ព័ន្ធទាំងឡាយណាដែលបានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប និងតំបន់ធនធានធម្មជាតិផ្សេងៗទៀត។

លោកបន្ថែមថា៖ «បើមានគំរូ​អ៊ីចឹងល្អ ដើម្បីទប់ស្កាត់បទល្មើសទៅថ្ងៃក្រោយទៀត។ ហើយមិនត្រូវស្រាវជ្រាវតែនៅបឹងទន្លេសាបហ្នឹងទេ ត្រូវស្រាវជ្រាវនៅកន្លែងផ្សេងដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដូចជា ដីបឹង ដីភ្នំ។ ហើយមន្ត្រីខិលខូច ឧកញ៉ា ត្រូវតែផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន»

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យបង្ក្រាបចំពោះការ​ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក​នៅ​ជុំវិញ​បឹងទន្លេសាប​ បន្ទាប់ពីលោក​ទទួល​បាន​របាយការណ៍ពីលោក សុខ ទូច ប្រធាន​រាជ្យបណ្ឌិត្យសភាកម្ពុជា ជុំវិញការ​រំលោភកាន់កាប់ដីព្រៃលិចទឹក​រាប់ពាន់​ហិកតា​ដោយ​ខុសច្បាប់។

លោក​ ហ៊ុន សែន បានលើកឡើងចំៗថា អតីតអភិបាលខេត្ត​កំពង់ឆ្នាំង ​លោក ឈួរ ចាន់ឌឿន ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បានទន្ទ្រានកាន់កាប់​ដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តនេះ​ទំហំ២០០០ហិកតា ខណៈស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ ត្រូវបានគេ​រកឃើញថា​​​ កាន់កាប់​ដីព្រៃលិចទឹក​ជាង​៦៧៥ហិកតា​។ ប៉ុន្តែមក​ដល់​ពេលនេះ​ មាន​តែមន្ត្រី​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ពីររូបប៉ុណ្ណោះត្រូវបាន​នាំខ្លួនមកសាកសួរនិងឃុំខ្លួន​ពាក់ព័ន្ធ​​​ការរំលោភដីព្រៃលិចទឹក​រាប់​ពាន់​ហិកតានេះ។

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ចុះបង្រ្កាបបទល្មើសរំលោភទន្រ្ទានដីព្រៃលិចទឹកតំបន់បឹងទន្លេសាប ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី២៨ ខែធ្នូ បានឱ្យដឹងថា មេបញ្ជាការរងយោធភូមិភាគទី៥ លោក ភ្លន់ តារា បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែមេបញ្ជាការរងយោធភូមិភាគទី៥រូបនេះបានឆ្លើយបំភ្លឺចំពោះមុខគណៈកម្មការបង្រ្កាបបទល្មើសកាប់ទន្រ្ទានដីព្រៃលិចទឹក ថាខ្លួនទន្ទ្រានយកដីព្រៃលិចទឹកត្រឹមតែ១០០ហិកតាប៉ុណ្ណោះ។

វីអូឌី បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ប៉ុន្តែមិនមានការឆ្លើយតបឡើយនៅថ្ងៃពុធម្សិលមិញនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ