អតីត​បុគ្គលិក​ណាហ្គាវើលដ៍​៨​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​យប់មិញ​នេះ

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (Andrew Haffner)

មន្ត្រីសហជីព​បាន​ឱ្យដឹង​នៅមុន​នេះ​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​អតីតបុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៨ នាក់​នៅ​វេលា​ម៉ោង ៨យប់មិញនេះ នៅការិយាល័យសហជីពស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុគ្គលិកសហជីពទាំង៨នាក់ ក្នុងនោះមានអគ្គលេខាធិការសហជីពម្នាក់រួមមាន ឈ្មោះ ឈឹម សុខន, ឃ្លាំង សុបិន្ត, សុន ស្រីពេជ្រ, ហៃ សុភាព, រី សុវណ្ណឌី, រិន ផល្លា, អេង ស្រីប និងស៊ុន ស្រីមុំ។ បើតាមមន្ត្រីសហជីពបានឱ្យដឹងថា ពេលនេះសហជីពសម្រេចរំសាយការ​ធ្វើកូដកម្មនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាបណ្តោះអាសន្នសិន និងបានជូនដំណឹងទៅភាគីពាក់ព័ន្ធដើម្បី​ធ្វើអន្តរាគមន៍ករណី​នេះហើយ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបញ្ជាក់ប្រាប់វីអូឌីនៅយប់ថ្ងៃទី៣១ ខែធ្នូ នេះថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួន​អតីតបុគ្គលិកណាហ្គាវើលដ៍ពិតប្រាកដមែន។ លោកបន្តថា ក្នុងចំណោមអតីតបុគ្គលិកទាំង៨នាក់ មាន ៤ នាក់ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ចំណែក ៤ នាក់ទៀតកំពុង​សាកសួរ​នៅឡើយ ហើយសមត្ថកិច្ចកំពុងបន្តរកចាប់ខ្លួនបន្ថែមទៀត។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូនេះ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ពាន់នាក់ បានធ្វើកូដកម្មអស់រយៈពេល១៤ថ្ងៃជាប់ៗគ្នាមកហើយ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច ក្នុងនោះមានការទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព សមាជិកប្រតិភូបុគ្គលិក និងកម្មករនិយោជិតចំនួន ៣៦៥នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ចូលបម្រើការងារឡើងវិញ។

មុនពេលចាប់ខ្លួននេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យបុគ្គលិកណាហ្គាវើលដ៍បញ្ឈប់សកម្មភាពតវ៉ា ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈសម្រាប់ពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរកម្សាន្តនាឱកាសបុណ្យឆ្លងឆ្នាំសកល​២០២១-២០២២នេះ។

រដ្ឋបាលរាជធានីភ្នំពេញសរសេរថា៖ «ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២២ ដែលនឹងចូលមកដល់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ ក៏ដូចជាដើម្បីបង្កលក្ខណៈដល់បងប្អូន ប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ធ្វើដំណើរកម្សាន្តដោយភាពសប្បាយរីករាយ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ ត្រូវបញ្ឈប់​សកម្មភាពតវ៉ាដោយខុសច្បាប់ចាប់ពីពេលនេះតទៅ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ