អាជ្ញាធរ​ប្រាប់​បុគ្គលិក​ណាហ្គាវើលដ៍​បញ្ឈប់​សកម្មភាព​តវ៉ា ដើម្បី​រក្សា​របៀប​រៀបរយ​នាថ្ងៃឆ្លងឆ្នាំ

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវ​ដល់​បុគ្គលិកណាហ្គាវើលដ៍បញ្ឈប់សកម្មភាព​តវ៉ា ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈសម្រាប់ពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរកម្សាន្តនាឱកាសឆ្លងឆ្នាំ។

សេចក្ដីអំពាវនាវរបស់​រដ្ឋបាលរាជធានីភ្នំពេញ ដែលចេញផ្សាយ​នៅ​ល្ងាចថ្ងៃទី​៣០ ខែ​ធ្នូ ម្សិលមិញ បានលើកឡើងថា ក្នុ​ង​រយៈ​ពេល​កន្លងមក​ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ អតីតកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដឹកនាំ​ដោយ កញ្ញា ឈឹម ស៊ីថរ និងគូកន បានធ្វើសកម្មភាព​សម្ដែងមតិដោយខុសច្បាប់នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា អតីតកម្មករនិយោជិតទាំងនោះថែមទាំងបានបិទផ្លូវច្រកចេញចូលរបស់ក្រុមហ៊ុនឯកជននេះទៀតផង ដែល​សកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន។

អាជ្ញាធរអះអាងថា សកម្មភាពតវ៉ារបស់​អតីតបុគ្គលិកទាំងនោះក៏ពុំបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាមានការខិតខំសម្របសម្រួលរកដំណោះស្រាយជាបន្តបន្ទាប់ ទាំងនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈយ៉ាងណាក្ដី។

រដ្ឋបាលរាជធានីភ្នំពេញ បន្ត​ថា៖ «ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២២ ដែលនឹងចូលមកដល់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ ក៏ដូចជាដើម្បីបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើដំណើរកម្សាន្តដោយភាពសប្បាយរីករាយ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ត្រូវបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ចាប់ពីពេលនេះតទៅ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ»។

គួររំឭកថា ​​វិវាទ​ការងារ​នៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍មានរយៈ​ពេល៨ខែមក​ហើយ​​ នៅតែមិន​ទាន់​​មានដំណោះស្រាយចប់ ក្រោយ​​​ពី​ក្រុមហ៊ុន​នេះបាន​ប្រកាសបញ្ឈប់​បុគ្គលិក១ ៣២៩​​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​​៨ ០០០​នាក់ ក្រោម​ហេតុផលថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ