លោក កឹម សុខា លើកឡើង​ពី​មូលដ្ឋានគ្រឹះ​ដើម្បី​បញ្ចៀស​វប្បធម៌​សងសឹក 

លោក កឹម សុខា អតីត ប្រធាន គណបក្សសង្គ្រោះ ជាតិ ដើរ ចេញ ពី គេហដ្ឋាន របស់ លោក នៅ រាជ ធានី ភ្នំពេញ នៅ ថ្ងៃ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ (បញ្ញា ឆពណ្ណ)

អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានលើកឡើងពីកត្តាចាំបាច់មួយចំនួន ក្នុងនោះមានទាំ​ង​ការធានា​យុត្តិធម៌​សង្គម និងការលើកកម្ពស់​​​​សិទ្ធិមនុស្ស ជា​ដើម ដែលលោក​ថា ​ដើម​ចម​ទាំងអស់នោះជាមូលដ្ឋានគ្រឹះនៃស​​ន្តិភាព និងបញ្ចៀសបាន​នូវវប្បធម៌សងសឹក សម្រាប់ជាគំរូដល់ក្មេងជំនាន់ក្រោយ។

ការលើកឡើងរបស់លោក កឹម សុខា នេះ ​ចំពេលក្រុមប្រទេស​លោក​សេរីនៅបន្តបង្ហាញវិធានការ​មួយចំនួន​ម​ក​លើរដ្ឋាភិបាល​កម្ពុជាពីបញ្ហាធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

តាមរយៈ​សារនៅលើបណ្ដាញ​ហ្វេសប៊ុកអបអរ​​​បុណ្យឆ្ល​​ង​​ឆ្នាំសកលឈានចូលឆ្នាំថ្មី២០២២ លោក ​កឹម សុខា បាន​លើកឡើង​​ថ្ងៃទី៣១ ខែ​ធ្នូនេះ ថាការបង្រួបបង្រួមជាតិជាកត្តានាំមកនូវឯករាជ្យ អធិបតេយ្យភាព និងកិត្យានុភាពជាតិ ហើយថា យុត្តិធម៌សង្គម​និង​ការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិរឹងមាំ។

បន្ថែមពីនេះ លោកថា៖ «បរិយាកាសសង្គមជាតិប្រកបដោយសមធម៌ សីលធម៌ និងគុណធម៌ គឺ​ជាពន្លឺសម្រាប់​បង្ហាញផ្លូវដ៏ត្រឹមត្រូវនៃអនាគត​កូនចៅជំនាន់ក្រោយឱ្យ​​ទទួលបាននូវសុខដុមរមនា ដោយមិនគុំកួនសងសឹកគ្នា»។

ជាមួយគ្នានេះដែរ លោក​ក៏បាន​បួងសួងឱ្យមនុស្សជាតិ​ក្នុង​សកល​លោកចៀសផុតពីវិនាសកម្ម សង្គ្រាមបង្ហូរ​ឈាម ការរំលោភបំពាន ជំងឺ​រាតត្បាត និងគ្រោះមហន្តរាយទាំងឡាយ ទោះបីបង្ក​ដោយមនុស្សឬ​ធម្មជាតិក្ដី។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច លោក សុខ ឥសាន យល់ថា សារលោក កឹម សុខា ហាក់​ផ្ទុយគ្នាទៅនឹងសាររបស់សម្ព័ន្ធមិត្តរបស់​គាត់​ គឺ​លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅ​ក្រៅប្រទេស។

តែយ៉ាងណា លោកថា ជាកម្មវិធីនយោបាយរបស់បក្សកាន់អំណាច ខ្មែរគ្រប់និន្នាការអាចរស់នៅជាមួយបក្សកាន់អំណាចបានដោយគ្មានការរើសអើង។

លោកថា៖ «យើងបង្រួបបង្រួមប្រជាជាតិទាំងមូលតាមនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន។ យើងមើលឃើញហើយ អ្នកណាក៏ដោយក៏អាចរស់នៅក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ និ​ង​​សេចក្ដីសុខក្សេមក្សាន្ត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែងហើយ នរណាក៏រស់​​នៅជាមួយទេវតា[គណបក្សប្រជាជនកម្ពុជា]បានដែរ»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទរឿន ឯកភាពទៅនឹងការលើកឡើងរបស់លោក​ កឹម សុខា ដោយថា ជាកត្តាវាស់វែងដ៏ត្រឹមត្រូវមួយ បើអ្នកនយោបាយផ្សេងទៀត រួមទាំងក្រុមគ្រួសារលោក  កឹម​ សុខា ផង អាចធ្វើបាននោះ។

លោកបញ្ជាក់ថា ជាការ​ពិតណាស់ សន្តិភាពអាចកើតមាននៅក្នុងប្រទេសមួយបាន តែវាក៏អាចបា​ត់​បង់ទៅវិញដែរ បើប្រទេសនោះមិនអាចធានាបាននូវយុត្តិធម៌សង្គម បាត់បង់ប្រព័ន្ធត្រួតពិនិត្យ​អំ​ណាច ចាត់ទុកអ្នកមាននិន្នាការផ្ទុយ​ថាជាសត្រូវ រួមទាំងបណ្ដែតបណ្ដោយឱ្យមានគម្លាតសង្គ​​មកា​ន់​តែខ្លាំង រវា​ងអ្នកមាននិងអ្នកក្រជាដើមនោះ។

លោកថា៖ «សន្តិភាពហ្នឹងវាអាចគង់វង្សនិងរីកចម្រើនទៅមុខបាន វាទាល់តែមានស្នូលគ្រឹះក្នុងសង្គមប្រជាធិបតេយ្យហ្នឹង គ្មានអីក្រៅពីការគោរពសិទ្ធិសេរីភាព មានយុត្តិធម៌នៅក្នុងសង្គម ហើយនិងប្រជាពលរដ្ឋរស់នៅជាមួយគ្នាប្រកប​ដោយ​សុខដុមរមនា ដោយយកច្បាប់ជាធំ មិនមែនយកបុគ្គលណាម្នាក់ រួមទាំងអ្នកកាន់អំណាចផង ជាធំនៅក្នុងសង្គមទេ»។

លោក កឹម សុខា ត្រូវបានដកសិទ្ធិធ្វើនយោបាយជាង៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃ​ដែល​សមត្ថកិច្ចប្រដាប់ដោយអាវុធឆ្មក់ចូល​ចាប់​ខ្លួនកាល​ពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅក្នុងគេហដ្ឋានរបស់លោក ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន អតីតមេដឹកនាំបក្សប្រឆាំងរូបនេះកំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់តុលាការ ដែល​បម្រាម​នេះមិន​អនុញ្ញាតឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​មិនឱ្យចេញ​ទៅ​ក្រៅប្រទេស តែអាចធ្វើដំណើរក្នុងប្រទេស​បាន។

អតីតគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតដ៏មានឥទ្ធិពលជាមួយគណបក្សប្រជាជនកម្ពុជានេះ ត្រូវបានតុលាការកំពូលប្រកាស​រំលាយកាលពី​ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​គណបក្សនេះ​ទទួល​បានសន្លឹក​ឆ្នោត ៣ ០៥៦ ៨២៤សំឡេង​ ទល់​នឹង ៣​ ៥​៤០ ០៥៦សំឡេង​ ហើយក្រុមប្រឹក្សា​ឃុំ-សង្កាត់ចំនួន​៥ ០០៧អាសនៈ​ ទល់​នឹង​៦ ៥០៣អាសនៈ​ គិតជា​ភាគរយ ៤៣,២៧% ទល់នឹង ៥៦,២០%។

តែយ៉ាងណា វិធានការនេះត្រូវបានសហគមន៍អន្តរជាតិរិះគន់ថា របត់នយោបាយនៅកម្ពុជា​បានដើរ​ចេញ​ពីគន្លង​ប្រជាធិបតេយ្យ និងជំរុញឱ្យគណបក្សនេះ​បានចូលរួមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិ​ធម៌​ឡើងវិញ​នៅពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ