នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំចាស់នឹងត្រូវបិទបញ្ចប់ ហើយឆ្នាំថ្មីនឹងចូលមកដល់ ទោះជាយ៉ាងណា ភាពចាក់ស្រេះផ្នែកវិបត្តិនយោបាយនៅកម្ពុជា ត្រូវគេមើលឃើញថា នៅតែមិនអាចទម្លុះភាពជាប់គាំងបាន នៅបន្ទាប់ពីគណបក្សប្រឆាំងដែលមានសំឡេងគាំទ្រមិនចាញ់នឹងគណបក្សកាន់អំណាចប៉ុន្មាន ត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ ដែលធ្វើឱ្យភាពប្រេះឆាផ្ទៃក្នុងនេះបន្តដោះមិនចេញដល់ពេលបច្ចុប្បន្ន។
បើគេគិតត្រឹមរយៈពេលពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២២នេះ និយាយដោយឡែកពីស្ថានភាពនយោបាយនៅកម្ពុជា ហាក់មិនមានភាពជឿនលឿន ឬមានការប្រែប្រួលជាវិជ្ជមានទេ បើធៀបនឹងឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានបន្តក្ដាប់អំណាចដោយតឹងណែននៅក្នុងដៃដូចមុន មិនបានបន្ធូរបន្ថយសម្ពាធនយោបាយទៅលើគូប្រជែងរបស់ខ្លួន និងគណបក្សប្រឆាំងទេ។
សករាជថ្មីសម្រាប់ឆ្នាំ២០២២នេះ វានៅបន្តទទួលរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ ដែលជំរុញឱ្យរដ្ឋាភិបាលត្រូវបង្ខំចិត្តតាក់តែងច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ការបង្កើតច្បាប់នេះឡើង វាស្របគ្នាជាមួយស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងតែជាប់គាំងស្រាប់ផង បង្កើតឱ្យមានការរិះគន់ជាច្រើនថា ច្បាប់នេះមិនបានបម្រើឱ្យសេចក្តីត្រូវការពិតប្រាកដសម្រាប់ពលរដ្ឋទេ។
នៅក្នុងរបាយការណ៍សង្ខេបកម្រាស់ ២៤ទំព័រ របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ដែលចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២២ បង្ហាញថា ច្បាប់កូវីដ-១៩នេះតាក់តែងឡើងក្នុងទិសដៅ ដើម្បីរឹតត្បិតអ្នកដែលរិះគន់រដ្ឋាភិបាល ក្នុងន័យបម្រើផលប្រយោជន៍ទៅដល់គណបក្សកាន់អំណាច។ មិនតែប៉ុណ្ណោះ ច្បាប់នេះត្រូវបានអនុម័តយ៉ាងតក់ក្រហល់ ដោយរដ្ឋសភាឯកបក្ស កាលពីខែ មីនា ឆ្នាំ២០២១ ហើយគ្មានឆ្លងកាត់ការពិគ្រោះយោបល់ពីតួអង្គពាក់ព័ន្ធណាមួយនោះថែមទៀតផង។
អង្គការលីកាដូ បានស្រង់របាយការណ៍ដែលចេញដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២១ បង្ហាញថា មានពលរដ្ឋយ៉ាងតិច ៧០០នាក់ (៧២៩) ត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រឆាំងកូវីដ-១៩នេះ។
លោក កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្លែងការពារពីខ្លឹមសារច្បាប់ថ្មីនេះ ក្នុងពេលអនុម័តនៅឯរដ្ឋសភា កាលពីខែមីនា ឆ្នាំ២០២១។ លោកបញ្ជាក់ថា ច្បាប់នេះតាក់តែងឡើងក្នុងទិសដៅដើម្បីធានាសុខភាពសម្រាប់សាធារណជន ដោយមិនរើសអើង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ។
លោកបន្តថា៖ «ច្បាប់នេះ ខ្ញុំសូមបញ្ជាក់ជូនថា ធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់គឺការពារអាយុជីវិតរបស់ប្រជាជន និងការពារសុខភាពសាធារណៈរបស់ប្រជាជន ហើយចំពោះទោសប្បញ្ញត្តិវិញ យើងនិយាយជារួម ទោសប្បញ្ញត្តិនេះគឺជាការធ្វើឡើងដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិតដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈតែប៉ុណ្ណោះ។ សម្រាប់ពលរដ្ឋដែលអនុវត្តតាមវិធានការត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធានាបានមិនឱ្យមានការឆ្លងរាលដាល ធ្វើឱ្យសហគមន៍យើងវិលទៅរកស្ថានភាពជាប្រក្រតីឡើងវិញច្បាប់នេះគឺអត់អនុវត្តចំពោះពួកគាត់ទេ»។
ច្បាប់ដែលមាន៦ជំពូក និង១៨មាត្រានេះ តាក់តែងឡើងជាវិធានមួយក្នុងការផ្តន្ទាទោសដាក់ពន្ធនាគារ និងផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរផងដែរ ប្រឆាំងអ្នកដែលមិនចូលរួមអនុវត្តគោលការណ៍រដ្ឋាភិបាល និងក្រសួងសុខាភិបាល ចំពោះជំងឺកូវីដ-១៩។
ក្នុងពេលជាមួយគ្នានៃការកាត់ក្តីប្រឆាំងអតីតប្រធានគណបក្សជំទាស់ លោក កឹម សុខា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាបានឈ្នះក្នុងការបោះឆ្នោតឃុំសង្កាត់ ហើយដណ្តើមបានតំណែងជាមេឃុំ-ចៅសង្កាត់ភាគច្រើនលើសលុប លើកលែងតែ៤ឃុំ-សង្កាត់នៅទូទាំងប្រទេស។
ស្របពេលតុលាការបានបន្តកាត់ក្តីលោក កឹម សុខា ដែលប្រើពេលប្រមាណ៣ឆ្នាំ ហើយទើបកំណត់ការប្រកាសសាលក្រមរបស់ខ្លួននៅដើមខែមីនា ឆ្នាំ២០២៣ខាងមុខនេះ និយាយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯណេះវិញ ក៏បានជះកំហឹងដាក់លោក សម រង្ស៊ី មិនឈប់ឈរដែរ។ ភាពតានតឹងខាងនយោបាយ ដែលគេចាត់ទុកថាបានក្លាយទៅជាជម្លោះបុគ្គលទៅវិញនេះ បានរុញឱ្យមានក្ដីក្ដាំគ្នារហូតដល់តុលាការប្រទេសបារាំង។ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ តុលាការប្រទេសបារាំង ក៏បានចេញដីកាសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងលោក សម រង្ស៊ី ដែលប្តឹងដោយលោក ហ៊ុន សែន និងកូនប្រសារបស់គាត់ម្នាក់ទៀត គឺលោក ឌី វិជ្ជា ពីបទ «បរិហារកេរ្តិ៍»។
គេសង្កេតឃើញថា អតីតអ្នកនយោបាយ សមាជិក និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ រួមទាំងអ្នកប្រឆាំងជាច្រើនរូបផ្សេងទៀត ព្រមទាំងអ្នកគាំទ្រគណបក្សប្រឆាំង ត្រូវប្រឈមមុខអំពើហិង្សាលើរាងកាយ ការតាមដាន ការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ និងត្រូវជាប់ពន្ធនាគារ ជាដើម។
តុលាការបានបន្តសវនាការជំនុំជម្រះក្តីប្រឆាំងអតីតមន្រ្តីនយោបាយ សមាជិក និងសកម្មជនគណបក្សជំទាស់ ដោយតុលាការក្រុងភ្នំពេញ ហើយបានចេញសាលក្រមចំនួន៣ ដាច់ដោយឡែកពីគ្នានៅក្នុងឆ្នាំនេះ ដោយផ្តន្ទាទោសជនជាប់ចោទជាង១០០នាក់ដាក់ពន្ធនាគារ។ សំណុំរឿងទាំង៣នេះ គឺពាក់ព័ន្ធនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលព្យាយាមវិលចូលប្រទេសវិញមិនបានសម្រេច ចាប់ពីមានព្រឹត្តិការណ៍ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ២០១៩ ហើយកម្មវត្ថុនៃបណ្តឹងទាំងនោះ គឺជាការផ្ដន្ទាទោសប្រឆាំងអ្នកដែលគាំទ្រទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ។
និន្នាការដែលគួរឱ្យបារម្ភមួយទៀតដែលបានកើតឡើងក្នុងទិដ្ឋភាពនយោបាយ គឺការប្រើអំពើហិង្សាលើអ្នកគាំទ្របក្សប្រឆាំង និងមន្រ្តីនយោបាយគណបក្សជំទាស់។ កាលពីខែកក្កដា វីដេអូដែលបានបង្ហាញពីកាមេរ៉ាសុវត្ថិភាព បានរកឃើញជនដៃដល់ចុះពីលើម៉ូតូ បន្ទាប់មកកាប់មន្ត្រីគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ ដោយដាវ បណ្ដាលឱ្យរងរបួសធ្ងន់ចំក្បាល។
ការកើតឡើងនៃទម្រង់អំពើហិង្សានេះ ដូចគ្នានឹងមេធាវីការពារក្តីឱ្យគណបក្សប្រឆាំង លោក សំ សុគង់ ធ្លាប់អះអាងពីករណីអំពើហិង្សាខាងនយោបាយ ដែលយ៉ាងហោចណាស់មាន ៣០ករណីក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រឆាំងពួកគេដោយជនមិនស្គាល់អត្តសញ្ញាណ។ សកម្មភាពអំពើហិង្សាកើតឡើងនេះ សង្កេតឃើញក្រោយពីគណបក្សសង្រ្គោះជាតិត្រូវបានផាត់ចេញពីសង្វៀននយោបាយកាលពីចុងឆ្នាំ២០១៧ ហើយភាគច្រើនមិនមានរបាយការណ៍ស្តីពីការចាប់ខ្លួនជនល្មើសទេ។
ក្រៅពីមានហិង្សាលើរាងកាយ សង្គមស៊ីវិលលើកឡើងថា សិទ្ធិបញ្ចេញមតិក៏ត្រូវបានរឹតត្បិតគួរឱ្យព្រួយបារម្ភដែរ នៅក្នុងឆ្នាំ២០២២នេះ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់ចេញរបាយការណ៍ពីទម្រង់នៃការគាបសង្កត់សិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំនេះ ដែលនាំដល់ការចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ប្រឆាំងលើអ្នកនយោបាយ និងក្រុមសហជីពដែលគាំទ្រផលប្រយោជន៍កម្មករ។
កាលពីដើមខែតុលា ឆ្នាំ២០២២ អ្នកនយោបាយជើងចាស់ លោក សុន ឆ័យ ត្រូវបានតុលាការផ្តន្ទាទោស ដោយពិន័យជាប្រាក់ប្រមាណ ៧៥ម៉ឺនដុល្លារ ទៅឱ្យគណបក្សប្រជាជនកម្ពុជា និងបង់ចូលថវិការដ្ឋជាង២ពាន់ដុល្លារអាមេរិកទៀត ខណៈដែលអំណាចសាលក្រមនេះក៏បានបង្គាប់ឱ្យលោក សុន ឆ័យ ត្រូវសងជំងឺចិត្តទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត ជិត២ពាន់ដុល្លារទៀតដែរ។ ការរកឃើញពីកំហុសថាលោក សុន ឆ័យ ត្រូវមានពិរុទ្ធភាពនេះ ដោយសារលោករងការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍» ទៅលើគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។
កាលពីថ្ងៃទី២២ ខែធ្នូ នេះទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីការលក់ឡាយឡុងអតីតទីស្នាក់គណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ មួយទៀត។ លោក ហ៊ុន សែន បានអះអាងថា ចំនួនទឹកលុយដែលលក់បានជាង១លាន ៦សែនដុល្លារអាមេរិកនេះ នៅមិនទាន់គ្រប់គ្រាន់ពីទោសដែលលោក សម រង្ស៊ី បានប្រព្រឹត្តតាមអំណាចសាលក្រមនេះនៅឡើយទេ។
ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាចផង លោកបានបញ្ជាឱ្យស្វែងរកទីតាំងទ្រព្យសម្បត្តិផ្សេងទៀតរបស់លោក សម រង្ស៊ី និងលោក សុន ឆ័យ ដើម្បីទូទាត់ថ្លៃជំងឺចិត្តចាញ់ក្ដីនៅក្នុងតុលាការ។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី ថែមទាំងបានកំណត់គោលការណ៍ គឺ «ហាមមិនឱ្យមានការចោទប្រកាន់ថាបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោតនៅក្រោយការបោះឆ្នោត» ទៀតផង។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់មេដឹកនាំកំពូលៗរបស់ប្រទេសមហាអំណាច ពួកគេបានស្នើសុំឱ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងបើកឱ្យមានលំហប្រជាធិបតេយ្យឡើងវិញ ជាពិសេសនៅមុនការបោះឆ្នោតថ្នាក់ជាតិមកដល់។
សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះទាំងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក អង់ តូនីញ៉ូ ហ្គោទែរ៉ែស អគ្គលេខាធិការធិការអង្គការសហប្រជាជាជាតិ បានស្នើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកលំហលទិ្ធប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញ ជាពិសេសត្រូវប្រាកដថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះ ដំណើរការទៅដោយសេរី និងមិនមានការគំរាមកំហែង។ ថ្លែងនៅចំពោះមុខលោកនាយករដ្ឋមន្រ្តី លោក ចូ បៃដិន ក៏បានរំលឹកឱ្យដោះលែងកញ្ញា សេង ធារី ដែលជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែរ។
លោក អំ សំអាត នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ សង្កេតឃើញថា បរិបទនយោបាយនៅក្នុងឆ្នាំនេះ វាហាក់មិនមានការប្រែប្រួលទេ បើធៀបនឹងឆ្នាំមុន។ លោកបន្តថា ដោយសារតែអ្នកនយោបាយនៅតែមិនអាចរកវិធីដើម្បីបញ្ចប់ជម្លោះបាននេះហើយ ទើបជំរុញ សហគមន៍អន្តរជាតិស្នើទៅរដ្ឋាភិបាលជាញឹកញាប់គួរមានការដោះស្រាយដោយសន្តិវិធី។
លោកបន្តថា៖ «តាមការមើលឃើញរបស់ខ្ញុំ មើលឃើញថា ឆ្នាំ២០២១ និង២០២២នេះ បើយើងនិយាយអំពីស្ថានភាពនយោបាយ ដូចអត់មានអ្វីប្រែប្រួលទេ វាប្រហាក់ប្រហែលគ្នា។ ហើយដោយសារស្ថានភាពនយោបាយហ្នឹងហើយ ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានការចាប់អារម្មណ៍ច្រើនដូចជាសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ហើយជាពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាដើម ដែលបានមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានហ្នឹង។ ពួកគេមានការទទូចស្នើសុំឱ្យកម្ពុជាឱ្យមានការបើកលំហសេរីភាពនយោបាយ និងធ្វើយ៉ាងណាឱ្យបរិយាកាសនយោបាយមានលក្ខណៈល្អប្រសើរ»។
បើទោះជាបែបណា លោកនាយករដ្ឋមន្រ្តីបានប្រកាសជំហរជាញឹកញាប់ ដែលមិនអាចមានការសន្ទនាជាមួយលោក សម រង្ស៊ី។ លើសពីនេះទៀត លោកក៏បានគំរាមអ្នកគាំទ្រ ឬបក្សនយោបាយដែលដើរតាមបន្ទាត់នៃការគូសវាសនៃយុទ្ធសាស្រ្តនយោបាយរបស់លោក សម រង្ស៊ី នឹងត្រូវប្រឈមមុខច្បាប់ អាចរំលាយបក្សចេញ និងជាប់ពន្ធនាគារ ជាដើម។
សម្រាប់លោក ឯម សុវណ្ណរ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា កម្ពុជាពិតជាទទួលបានជោគជ័យធំធេងលើឆាកអន្តរជាតិ តាមរយៈកិច្ចប្រជុំកំពូលធំៗ រួមទាំងកិច្ចប្រជុំកំពូលអាស៊ានចុងក្រោយនេះផង។ ប៉ុន្តែអ្វីដែលហួសចិត្ត លោកសង្កេតឃើញថា គឺនៅត្រង់អ្វីដែលរដ្ឋាភិបាលនៅបន្តអនុវត្ត គឺវិធីសាស្រ្តចាក់ពីក្រោយខ្នងទៅលើគូប្រកួតដោយមិនមានភាពថ្លៃថ្នូរ។ លោកបន្តថា ប្រសិនបើសកម្មភាពបែបនេះនៅតែបន្តកើតឡើងទៀត មានន័យថា វាជាការសម្លាប់ជីវិតនយោបាយខ្លួនឯងទៅវិញទេ។
លោកបន្តថា៖ «បើយើងមើលពីចរន្តនៃការគំរាមកំហែង ការលបវាយពីក្រោយដោយដំបងអីហ្នឹង អាហ្នឹងជាល្បិចបែបពីសម័យបុរាណ និងវាចាស់គំរឹលហើយ យើងនៅប្រើក្នុងសម័យប្រជាធិបតេយ្យនេះទៀត វាគួរឱ្យសោកស្តាយ និងអាសូរសម្រាប់ពលរដ្ឋខ្មែរយើងដែរ។ ប៉ុន្តែយើងធ្វើម៉េច បើយើងធ្វើវាមិនបាន។ ជាទស្សនៈខ្ញុំ ខ្ញុំគិតថា ប្រសិនណាស្ថានភាពនយោបាយកម្ពុជានៅតែបង្កឱ្យមានចរន្តនៃការគំរាមកំហែង និងការគាបសង្កត់បែបនេះ សង្គមកម្ពុជាយើងមិនអាចវិវត្តទៅលឿនទេ ហើយកាន់តែផុងខ្លួនទៅជ្រៅ និងប្រាសចាកពីគោលការណ៍ប្រជាធិបតេយ្យហើយ»។
បើទោះជាបែបណា គណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះ នៅក្នុងការបោះឆ្នោតជាតិ នឹងមានដៃគូប្រកួតប្រជែងដ៏ធំមួយ គឺគណបក្សភ្លើងទៀន។ អ្នកនាំពាក្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះបាននិយាយថា នឹងអាចទទួលបាន២១អាសនៈ នៅក្នុងការបោះឆ្នោតឆ្នាំក្រោយនេះ។ប៉ុន្តែគេមិនប្រាកដថាតើគណបក្សកាន់អំណាចសុខចិត្តលះបង់អាសនៈក្នុងសភាឬយ៉ាងណា ក្នុងពេលបច្ចុប្បន្ននេះ គណបក្សកាន់អំណាចគ្រប់គ្រងអាសនៈទាំង១២៥នៅក្នុងសភាទៅហើយនោះ។
ងាកមកគណបក្សមួយទៀតដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន គឺគណបក្សខ្មែររួបរួមជាតិ។ លោក ញឹក ប៊ុនឆៃ បានទទួលការលើកលែងទោសកាលពីខែមីនា នៅពេលដែលតុលាការក្រុងភ្នំពេញទម្លាក់ការចោទប្រកាន់លើរូបលោក ក្នុងសំណុំរឿងគ្រឿងញៀនកាលពីឆ្នាំ២០០៧ ដោយសារតែមានការបែកធ្លាយការសន្ទនាតាមទូរសព្ទរវាងលោក ញឹក ប៊ុនឆៃ និងអតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក អេង ឆៃអ៊ាង ដែលលោក ញឹក ប៊ុនឆៃ បានសន្យាផ្តល់សន្លឹកឆ្នោតដល់គណបក្សសង្គ្រោះជាតិ នៅឃុំសង្កាត់ដែលគណបក្សខ្មែររួបរួមជាតិមិនបានចូលរួមក្នុងការបោះឆ្នោត។
កាលពីខែតុលា គណបក្សខ្មែររួបរួមជាតិ «រួមបញ្ចូលគ្នា» ជាមួយគណបក្សកម្ពុជានិយម ដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ។ គណបក្សថ្មីនឹងឈានទៅការបោះឆ្នោតបន្ទាប់ ក្រោមស្លាកគណបក្សខ្មែររួបរួមជាតិ ដោយគណបក្សទាំងពីរសង្ឃឹមថានឹងក្លាយទៅជាគូប្រជែងដ៏សំខាន់ជាមួយគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលអះអាងថា ខ្លួនជាអ្នកស្នងដ៏មានសក្ដានុពលពីគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ នៅឆ្នាំនេះ បាននិយាយថា មន្រ្តីរដ្ឋាភិបាលមានចំនួនច្រើនលើសលុប ដោយលើកឡើងថា ការគ្រប់គ្រងមានប្រសិទ្ធភាពជាងនេះ ប្រសិនបើកាត់បន្ថយចំនួនមន្រ្តី។ នៅចុងឆ្នាំនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបាត់បង់ក្បាលម៉ាស៊ីនដឹកនាំមួយរូបរបស់ខ្លួន ពោលគឺលោក យ៉ង សាំងកុមារ ដែលជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានចូលបម្រើការងារនៅក្រសួងកសិកម្ម ដើម្បីចូលរួមដោះស្រាយវិបត្តិសេដ្ឋកិច្ច។
ឆ្នាំ២០២២ មិនមែនជាឆ្នាំដ៏ល្អសម្រាប់លោក សៀម ភ្លុក ឡើយ ដែលបានបង្កើតគណបក្សបេះដូងជាតិ។ លោកត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាបានប្រើប្រាស់ស្នាមមេដៃក្លែងក្លាយក្នុងការស្នើសុំចុះបញ្ជីគណបក្ស។ លោក សៀម ភ្លុក ត្រូវបានរំពឹងថានឹងត្រូវបានជំនុំជម្រះនៅខែវិច្ឆិកា ប៉ុន្តែសវនាការត្រូវបានពន្យារពេល ដោយមិនមានការជូនដំណឹងអំពីកាលបរិច្ឆេទនៃសវនាការថ្មីឡើយ។
ទាំងអ្នកការពារសិទ្ធិមនុស្ស លោក សំ សំអាត និងលោក ឯម សុវណ្ណរ៉ា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ មើលឃើញថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់គោលនយោបាយដូចបច្ចុប្បន្ននេះ នោះស្ថានភាពនយោបាយនៅឆ្នាំ២០២៣ខាងមុខ វានឹងមិនមានការប្រែប្រួលជាវិជ្ជមានអ្វីច្រើនទេ៕