កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ ​ប្រភេទ​អូមីក្រុង​១៤​ករណី​ថ្មី​បន្ថែម​ទៀត

សន្តិសុខម្នាក់អង្គុយយាមនៅទីតាំងដែលអាជ្ញាធរដាក់រនាំងហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ក្រោយពេលដែលមានករណីផ្ទុះកូវីដ-១៩នៅផ្សារបឹងកេងកង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី «អូមីក្រុង» មានចំនួន ១៤ករណី​បន្ថែមទៀត ដែលជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ធ្វើឱ្យអ្នកឆ្លងមេរោគប្រភេទថ្មីនេះនៅកម្ពុជាកើនឡើងដល់ ៦៦ករណី។  ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១​ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ​១៤នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ​ហើយជា​ករណីនាំចូលពីក្រៅប្រទេសទាំងអស់ ​ ខណៈ​​ជាសះស្បើយថ្មី​មានចំនួន ១២នាក់ផងដែរ។

ការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនៅថ្ងៃសៅរ៍នេះ បើប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញមានការកើនឡើង​ ១០ករណី ខណៈ​ម្សិលមិញមានត្រឹម៤ករណីប៉ុណ្ណោះ។

​គិតមកត្រឹមព្រឹកថ្ងៃទី១ ខែមករានេះ កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» ​ សរុប​ចំនួន ៦៦ករណីហើយ ​ ​ ក្រោយពីកម្ពុជាបាន​រកឃើញករណីវិជ្ជមានមេរោគថ្មីនេះជាលើកដំបូង កាលពីថ្ងៃទី ១៤ខែធ្នូ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។  

​កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន «អូមីក្រុង» ជាបន្តបន្ទាប់ ក្រោយពេលរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេច​ដកបម្រាម ដែលហាមឃាត់ចំពោះអ្នកដំណើរដែលមកពីប្រទេស ឬ ឆ្លងកាត់ប្រទេសចំនួន១០ ក្នុងតំបន់អាហ្វ្រិកមិនឱ្យចូលមកកម្ពុជា បន្ទាប់ពីតំបន់មួយនេះរកឃើញករណីឆ្លងវីរុសកូវីដ-១៩  ប្រភេទ«អូមីក្រុង» ដំបូងគេ។

គិតត្រឹមព្រឹកថ្ងៃដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៥០៧នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៦ ៩២៩នាក់ អ្នកស្លាប់កើនដល់​ចំនួន​៣ ០១២នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៩២៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ