កម្ពុជា​រំពឹង​ថា​ឆ្នាំ​២០២២​សេដ្ឋកិច្ច​នឹង​ងើប​ឡើង​រង្វង់​ប្រមាណ​៥%

កុមារ២នាក់ដើរនៅតាមមាត់ទន្លេនាខណ្ឌជ្រោយចង្វារ ទល់មុខតំបន់អភិវឌ្ឃន៍កោះពេជ្រ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ធនាគារ​ជាតិ​នៃកម្ពុជា  បាន​ប្រកាស​ពីការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច ​និង​វិស័យ​ធនាគារ ដោយថា សេដ្ឋកិច្ចកម្ពុជា​​ ឆ្នាំ២០២១ មាន​កំណើន​វិជ្ជមាន​​វិញដែលបានកើនឡើង៣% បន្ទាប់​ពី​ធ្លាក់​ចុះ​កាលពី​ឆ្នាំ២០២០ ហើយនៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ច​នឹងងើបឡើងក្នុងអត្រាប្រមាណ៥% ផងដែរ។

លិខិតរបស់ធនាគារជាតិនៃកម្ពុជាកលពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា ​សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១កន្លងទៅត្រូវ​ប៉ាន់​ប្រមាណថា ងើបឡើងក្នុង​រង្វង់​៣% ​ ដោយសារមាន​ការងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក គួបផ្សំនៃកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ លើសពីនេះ ​ការងើបឡើងវិញនូវវិស័យកាត់ដេរ  ​វិស័យ​កសិកម្ម, ពាណិជ្ជកម្ម​ដុំ​និងរាយ, ទូរគមនាគមន៍ ដឹកជញ្ជូន និង​សំណង់​ រួម​ទាំង​វិស័យ​​កម្មន្តសាលមិនមែនកាត់ដេរសម្រាប់ការនាំចេញជាដើម។   ​

ប្រភពដដែលបន្តថា ការងើបឡើងនូវសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដូចជាផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ពិសេសគ្រឿងបង្គុំអគ្គិសនី និងកង់។ ដោយឡែក វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងកើនឡើងសន្សឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគមកកម្ពុជា។ រីឯវិស័យកសិកម្ម ដែលអាចស្រូបទាញកម្លាំងការងារជិត១ភាគ៣(១/៣) នៃកម្លាំងការងារសរុបនោះ រំពឹងថានឹងមានកំណើនល្អប្រសើរជាងឆ្នាំ២០២១។

ធនាគារជាតិនៃកម្ពុជាលើកឡើងទៀតថា ជាមួយគ្នានេះ    កិច្ចព្រមព្រៀងពាណិជ្ជកម្ម​កម្ពុជា​-ចិន, ​កិច្ចព្រមព្រៀងកម្ពុជា​-កូរ៉េខាងត្បូង​ ​​នឹង​បន្ត​ផ្តល់​កំណើន​សក្តានុពល​លើវិស័យ​កសិកម្ម ពិសេស​ កសិកម្ម​កែ​ច្នៃ និង​កសិ-ឧស្សាហកម្ម។ ដោយឡែក កិច្ចព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុង​តំបន់ ហៅកាត់​ជាភាសាអង់គ្លេសថា RCEP  ព្រមទាំងដំណើរការសកម្មភាពមួយចំនួនទៀត នឹង​ផ្តល់​ឱកាសដល់កម្ពុជា ដែលនាំឱ្យមានការរំពឹងថា អត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងហក់ឡើងខ្ពស់ជាងឆ្នាំ២០២១កន្លងទៅ។

ធនាគារជាតិនៃកម្ពុជា បន្ថែមថា៖ «ផ្អែកទៅទស្សនវិស័យខាងលើ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា បន្តងើបឡើងបន្ថែមទៀត ក្នុងអត្រាប្រមាណ៥% នៅ​ឆ្នាំ២០២២»។

សេដ្ឋកិច្ចកម្ពុជានៅមុនពេលកើតមានវិបត្តិជំងឺកូវីដ-១៩នេះ​ ធ្លាប់ហក់ឡើងរហូតដល់ ៧ភាគរយ   ប៉ុន្តែកំណើននេះក៏បានធ្លាក់ចុះទៅវិញ ដោយសារភាពមិនប្រាកដប្រជានៃជំងឺជាសកលនេះ ​ រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ