កម្ពុជា​រកឃើញ​អ្នកឆ្លង​កូវីដ-១៩​ប្រភេទ​អូមីក្រុង ៦ករណី​ថ្មី​បន្ថែម​ទៀត

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី «អូមីក្រុង» មានចំនួន៦ករណី​បន្ថែមទៀតដែលជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ធ្វើឱ្យអ្នកឆ្លងមេរោគប្រភេទថ្មីនេះនៅកម្ពុជាកើនឡើងដល់៧៥ករណី។  ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី៣​ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ​ហើយជា​ករណីនាំចូលពីក្រៅប្រទេសទាំងអស់ ​ខណៈ​​ស្លាប់ម្នាក់ និងជាសះស្បើយថ្មី​មានចំនួន១២នាក់​។

ការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅថ្ងៃចន្ទនេះ បើប្រៀបធៀបទៅនឹងប្រកាសព័ត៌មានរកឃើញជំងឺនេះកាលពីថ្ងៃអាទិត្យម្សិលមិញ មានការកើនឡើង​៣ករណី។

​គិតមកត្រឹមព្រឹកថ្ងៃទី៣ ខែមករានេះ កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» សរុប​ចំនួន៧៥ករណីហើយ ​ក្រោយពីកម្ពុជាបាន​រកឃើញករណីវិជ្ជមានមេរោគថ្មីនេះជាលើកដំបូងកាលពីថ្ងៃទី១៤ ខែធ្នូ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។  

គិតត្រឹមព្រឹកថ្ងៃចន្ទដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៥១៦នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៦ ៩៥២នាក់ អ្នកស្លាប់កើនដល់​ចំនួន​៣ ០១៤នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៩៣២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ