សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ការ​បាញ់​សម្លាប់​មនុស្ស​នៅ​ផ្លូវ​វេងស្រេង

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មានការប្រារព្ធខួប៥ ឆ្នាំនៃការបង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចមកលើក្រុមសកម្មជនសិទ្ធិមនុស្ស សហជីព និងកម្មករ ដែលបានស្លាប់ រងរបួស និងបាត់ខ្លួន អំឡុងពេលតវ៉ាទាមទារតំឡើងប្រាក់ខែ នៅថ្ងៃទី២-៣ ខែមករា ឆ្នាំ២០១៤។ រូបភាព៖ សូត សុខប្រាថ្នា

ក្រុមអង្គការសង្គមស៊ីវិល ទាមទារទៅរដ្ឋាភិបាលឱ្យទទួលខុសត្រូវចំពោះជនរងគ្រោះដែលត្រូវបានគេបា​ញ់​​​សម្លាប់លើផ្លូវវេងស្រេង កាលពី៨ឆ្នាំមុន ក្នុងនាមប្រទេស​ដែលបាន​ផ្ដល់​សច្ចាប័ន​​ទៅលើ​​អនុសញ្ញា​អន្តរជាតិ​ ​ស្ដីពី​​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​។

នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី៣ ខែមករានេះ របស់ក្រុមអង្គការ សមាគមចំនួន ៥៩ ដែលត្រូវនឹងខួប ៨ឆ្នាំ នៃព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយហិង្សានៅលើផ្លូវវេងស្រេង រវាងក​ម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងកម្លាំងកម្មករច្រើនរយនាក់ទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ ក្នុងមួយខែកាលពីពេលនោះ។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលដាក់ចំណងជើងថា «៨​ឆ្នាំ​ក្នុង​ភាព​ស្ងប់ស្ងាត់​ ​ប៉ុន្តែ​គ្មាន​យុត្តិធម៌» ពួកគេបានលើកឡើងថា ព្រឹត្តិការណ៍កាលពី​ថ្ងៃ​ទី​​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤ ​ដែលបានកន្លងទៅ ៨ឆ្នាំមកនេះ អំឡុង​ពេល    ​ប​ង្រ្កា​ប​ទៅលើ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​លើ​​ផ្លូវ​វេ​ង​ស្រេង ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ​ ​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាងតិច ​៤​នាក់​ ​និង​៣​៨​នាក់ផ្សេង​ទៀត បាញ់ឱ្យរងរបួស ហើយក្មេងប្រុស ខឹម សុផាត អាយុ ១៥ឆ្នាំ ​បានបាត់ខ្លួនរហូតមកទល់ពេលបច្ចុប្បន្នថែមទៀផង។​​

ពួកគេបន្តថា ចំណែក ​ការស៊ើបអង្កេត ​ទៅលើ​ការ​បាញ់​ប្រហារ​នេះ​ ​គឺ​ត្រូវ​បាន​រាយការណ៍​ថា​ ​ធ្វើឡើង​ត្រឹម​រយៈពេល​ ៣​ស​ប្ដាហ៍​ប៉ុណ្ណោះ​ ​ហើយ​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​យកមក​ផ្ដន្ទាទោស​ចំពោះ​ការ​ស្លាប់ ​របស់​ ​លោក​ ​គឹម​ ​ផា​លាប​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​និង​លោក​ផេង​ ​កុសល​ ​នោះ​ទេ​ ​។​

ប៉ុន្តែថា ​ផ្ទុយទៅវិញ​ ​កម្មករ​និ​យោ​ជិត​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ ​២​៣​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ក្រោយមក​ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ក្នុង​សវនាការ​មួយ​ជុំវិញ​ការចោទប្រកាន់​ពី​ ​បទ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​បទ​រារាំង​ចរាចរណ៍​សាធារណៈ​ ​និង​បទ​ប្រមាថ​ ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ​ ​។​

ក្រុមអង្គការសង្គមស៊ីវិល បានគូសបញ្ជាក់ថា ក្នុងនាមប្រទេស​កម្ពុជាដែល​បាន​ផ្ដល់​សច្ចាប័ន​ ​ទៅលើ​អនុសញ្ញា​អន្តរជាតិ​ ​ស្ដីពី​​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ពួកគេ​ទាមទារឱ្យ​មាន​ការទទួលខុសត្រូវ​ ចំពោះ​ការ​បាញ់​ប្រហារ​នេះ ​ ​ដើម្បី​ឱ្យ​គ្រួសារ​របស់ជនរងគ្រោះ ​ទទួល​បាន​សំណង​ខូចខាត​​គ្រប់គ្រាន់​ ​និង​យុត្តិធម៌ពិត​​។​

​ក្រៅពីនេះ ក្រុមអង្គការ សមាគមទាំងនោះ ក៏បានជំរុញផងដែរ ទៅរដ្ឋាភិបាលឱ្យ​ចាត់វិធានការ​ជាក់លាក់​ជាបន្ទាន់​ ​ដើម្បី​ស៊ើប​អង្កេត​ប្របកដោយ​ឯករាជ្យ​ ​ឥត​លំអៀង​ ​និង​មាន​ប្រសិទ្ធ​ភាព ទៅលើ​ការ​បាត់ខ្លួន​របស់​ ខឹ​ម​ ​សុផាត​ ​  និង​ចាត់វិធានការ​ផ្លូវច្បាប់​​​ចំពោះ​​ការ​បាញ់​ប្រហារគ្រានោះ​។​

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានច្រានចោល សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសមាគមទាំងនោះ ដោយចាត់ទុកការតវ៉ានៅលើផ្លូវវេងស្រេងកន្លងទៅ ជាកុប្បកម្ម ចង់ផ្តួលរំលំរដ្ឋាភិបាល ហើយលោកបានទម្លាក់កំហុសទៅលើអ្នកនយោបាយក្រុមប្រឆាំង ។

លោកថា«អ្នកដែលពាក់ព័ន្ធរឿងហ្នឹងតុលាការកំពុងស្វែងរក។ អាអ្នកដឹកនាំរឿងទាំងអស់ហ្នង មានទាំង មូរ សុខហួរ មានទាំង ហូរ វាន់ ស្អីហ្នឹង វាមិនដែលបាតុកម្ម ទាមទារប្រាក់ខែ អាណាចែកនំប័ងទាំងម៉ោង ១២យប់ទេ។ អាហ្នឹងជាកុប្បកម្មចង់សម្លាប់រដ្ឋអំណាចទេ»

អង្គការ សមាគមទាំង៥៩ ដែលបានចេញសេចក្តីថ្លែងការណ៍រួមទាំងនោះ មានមជ្ឈណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស រួមទាំងសមាគមការពារសិទ្ធិមនុស្សអាដហុកជាដើម។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថា ការខកខានផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ ដែលត្រូវបានគេបាញ់សម្លាប់ វាជាការបង្សល់ទុកនូវវប្បធម៌និទណ្ឌភាព និងជាគម្រូមិនល្អសម្រាប់កម្ពុជា។

លោកថា«ទី២ទៀតទាំងជាតិ និងអន្តរជាតិ គេនឹងធ្វើការវាតម្លៃ គេនឹងធ្វើការថ្កោលទោសចំពោះទង្វើដែលមិនព្រមធ្វើការដោះស្រាយឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់ហ្នឹង»

យ៉ាងណា ម្តាយជនរងគ្រោះ ក្មេងប្រុស ខឹម សុផាត គឺអ្នកស្រី អ៊ឹម លក្ខិណា អាយុ ៤៨ឆ្នាំ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ​នៅតែទទូចទៅរដ្ឋាភិបាលឱ្យផ្តល់យុត្តិធម៌ដល់កូនគាត់ដែលបានបាត់ខ្លួន ៨ឆ្នាំមកនេះ និងជួយរកយុត្តិធម៌ឱ្យគ្រួសារជនរងគ្រោះផ្សេងទៀតដែលបានស្លាប់លើផ្លូវវេងស្រេង​នោះ។

អ្នកស្រីថា«អង្គការខាងណាៗ ក្រៅប្រទេស និងក្នុងប្រទេសជួយរកយុត្តិធម៌ឱ្យកូនខ្ញុំ។ បើថាងាប់ទុកសាកសព ឱ្យខ្ញុំធ្វើបុណ្យរាល់ឆ្នាំ ហើយបើនឹកពេកខ្ញុំយករូបថតមកឱប ព្រោះអីខ្ញុំគ្មានទីពឹង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ