នាយករដ្ឋ​មន្ត្រី​ព្រមាន​ដាក់​ក្រុម​ហ៊ុន​សំណង់​របស់​កូន​ប្រសា​លោក​ ​ជាម​ ​យៀប​ ក្នុង​«បញ្ជីខ្មៅ»​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានព្រមានដាក់ក្រុមហ៊ុន លី ឈួង របស់កូនប្រសាលោក ជាម យៀប ដែលជាអនុប្រធានទី១ រដ្ឋសភា ក្នុងបញ្ជីខ្មៅ ឬ Blacklist បើ​មិនបញ្ឈប់ «ការសាងសង់សំណង់មុន រួចទើបទូទាត់ថវិកាតាមក្រោយ» ដោយមិនមានការដាក់ដេញថ្លៃ និង​ពុំបាន​​ឆ្លងកាត់ការអនុញ្ញាតពីរដ្ឋាភិបាលថ្នាក់ជាតិ។

ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២​។

លោកនាយករដ្ឋមន្ត្រីលើកឡើងថា ក្រុមហ៊ុន និងអភិបាលខេត្តដែលសង់គម្រោងមានការគប់គិតគ្នា ដោយមិនបានឆ្លងកាត់ការដេញថ្លៃ ហើយមកទាមទាររដ្ឋាភិបាលទូទាត់ថ្លៃចំណាយ ទាំងដែលអភិបាលខេត្តទាំងនោះ មិនបានស្នើមករដ្ឋាភិបាល ដើម្បីសុំសាងសង់សំណង់ទាំងនោះឡើយ។ ក្នុងនោះ លោក ហ៊ុន សែន បានប្រាប់ទៅក្រុមហ៊ុន លី ឈួង ឱ្យបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេ លោកនឹងដាក់ក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅតែម្តង។

លោក ហ៊ុន សែន មានប្រសាសន៍ថា«ខ្ញុំផ្តាំទៅក្រុមហ៊ុន លី ឈួង ឱ្យបញ្ឈប់ជាបន្ទាន់ បើមិនអញ្ចឹង​ខ្ញុំនឹងដាក់ក្រុមហ៊ុន លី ឈួងទៅក្នុងបញ្ជីខ្មៅ។ ខ្ញុំដឹងថាក្រុមហ៊ុនអ្នកឯងធ្វើល្អហើយ វិមានសន្តិភាព វិមានសភា ធ្វើកន្លែងនេះ​កន្លែង​នោះ ក៏ប៉ុន្តែអ្នកឯងមិនអាចនឹងធ្វើរបៀបនេះតទៅទៀតបានទេ។ ហើយផ្តាំទៅក្រុមហ៊ុន​ទាំងអស់​កុំឱ្យ​យកតម្រាប់តាមក្រុមហ៊ុន លី ឈួង»។

ក្រៅពីនោះ លោក ហ៊ុន សែន ដែលអះអាងថា បានកាន់អំណាចជិតកន្លះសតវត្សរូបនេះ ព្រមានដកតំណែងអភិបាលខេត្តណាដែលជំពាក់បំណុលក្រុមហ៊ុន លី ឈួង ពាក់ព័ន្ធករណីគប់គិតគ្នាសាងសង់គម្រោង​​មុន រួចទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃជាមុន។

ប្រមុខរដ្ឋាភិបាលរូបនេះ បានបញ្ជាឱ្យអភិបាលខេត្តទាំងនោះ ដកគម្រោងដែលមិនទាន់បានអនុវត្តឱ្យអស់ និងត្រូវទូទាត់ប្រាក់ដែលជំពាក់ក្រុមហ៊ុន លី ឈួង ក្នុងរយៈពេល ២០ឆ្នាំ។


អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីនៅល្ងាចថ្ងៃចន្ទទី៣ ខែមករាថា ម្ចាស់ក្រុមហ៊ុន លី ឈួង ពិតជាក្រុមហ៊ុនកូនប្រសារបស់លោក ជាម យៀប ​ដែលទើបតែងតាំងជាអនុប្រធានទី១ រដ្ឋសភា​​ប្រាកដមែន។

លោកអះអាងថា«កូនប្រសាឯកឧត្តម ជាម យៀប មែនបាទ។ [] ជាសេចក្តីសម្រេចរបស់សម្តេច ហើយ​លោក​ឯកភាពឱ្យ [ក្រុមហ៊ុន] លី ឈួង ធ្វើក៏ខ្លួនលោក អីក៏ខ្លួនលោក។ ហើយក្នុងការអនុវត្តផ្សេងៗ គឺការ​ត្រួតពិនិត្យ​ទៅ​លោក​ឃើញអីខុស លោកមុខតែថាហើយ រឿងហ្នឹងចឹង។ ដូច្នេះខ្ញុំអត់មានយោបល់​អីចំពោះ​បញ្ហា​ហ្នឹង​ទេ។»

វីអូឌីមិនអាចសុំការបកស្រាយពីភាគីក្រុមហ៊ុន លី ឈួងបានទេនៅថ្ងៃចន្ទនេះ ខណៈបុរសដែល​អះអាងថាជា​​ម្ចាស់​លេខទូរសព្ទ​ដែលមាននៅលើអាស័យដ្ឋានរបស់ក្រុមហ៊ុន LY CHHUONG CONSTRUCTION & IMPORT EXPORT CO., LTD តបថា​លោកមិនមាន​ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​សំណង់នេះឡើយ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន នៅថ្ងៃនេះបដិសេធធ្វើ​​អត្ថាធិប្បាយ​ទាក់ទិនខេត្តដែលពាក់ព័ន្ធករណីគប់គិតសង់គម្រោង​​មុន រួចទើបធ្វើការទូទាត់ថ្លៃចំណាយតាមក្រោយ ដោយមិនដាក់ឱ្យដេញថ្លៃ។ យ៉ាងណា លោកអះអាងថានឹងបកស្រាយ​នៅពេលក្រោយ។

អភិបាលរងខេត្តកំពង់ធំ លោកស្រី លំ គុណធារី លើកឡើងថា គម្រោងសំណង់មួយចំនួននៅ​ខេត្ត​កំពង់ធំ​ត្រូវបានសង់ដោយក្រុមហ៊ុន លី ឈួង ដោយក្នុងនោះកិច្ចសន្យាសរសេរថានឹងទូទាត់ថវិកានៅឆ្នាំ ២០២៤ និងទូទាត់ដោយថ្នាក់ក្រោមជាតិ។ យ៉ាងណា លោកស្រី​មិនបានដឹងទេថា មាន​ករណី​គប់គិតគ្នារវាងថ្នាក់ខេត្ត និងក្រុមហ៊ុន ឬយ៉ាងណានោះ។

លោកស្រី លំ គុណធារី មានប្រសាសន៍ថា«មិនមានអីត្រូវលាក់បាំងទេ! ប៉ុន្តែអ្វីដែលយើងធ្វើនោះ​មានផ្លូវមួយខ្សែវាងប្រាសាទសម្បូរព្រៃគុហ៍ អគារអាជ្ញាធរសម្បូរព្រៃគុហ៍ ហើយនិងមានសាកល​វិទ្យាល័យ​ដែលត្រៀម​នឹងដាក់​ឈ្មោះថា សាកល​វិទ្យាល័យតេជោ ហ៊ុន សែន ធ្វើនៅទឹកដី​ស្រុក​កំពង់ស្វាយ»។

យ៉ាងណា លោកស្រីថា រដ្ឋបាលខេត្តមិនមែនចេះតែធ្វើគម្រោងទេ ពោលការងារ​ខាងទាំងនេះ ​គឺមាន​ការដេញថ្លៃនៅឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកស្រីបញ្ជាក់ថា កិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងឆ្នាំ ២០២០នោះ គឺមានការ​ចុះហត្ថលេខាត្រឹមត្រូវពីអភិបាលខេត្ត ​ហើយមានការយល់​ព្រមពី​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​លោក អូន ព័ន្ធមុនីរ័ត្ន ថែមទៀតផង។

​នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើងថា តាមពិត​កម្ពុជាមាន​ច្បាប់ស្តីពី «លទ្ធកម្មសាធារណៈ» សម្រាប់កំណត់នីតិវិធីនៃការផ្តល់សេវាមួយចំនួនដូចជា សេវាប្រឹក្សា​យោបល់ សេវាសាងសង់ជាដើមដែល​ប្រើប្រាស់​ថវិកា​ជាតិ។ លោកថា គម្រោងធំៗមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ អគាររដ្ឋបាលជាដើម ត្រូវធ្វើឡើងតាមនីតិវិធីលទ្ធកម្មសាធារណៈ ដែលមិនអាច​រំលង​បាន។

លោក សន ជ័យ ថា«នៅពេលដែលមានការរំលង ឬក៏មិនធ្វើតាមនីតិវិធីនៅក្នុងលទ្ធកម្មសាធារណៈ វាអាចធ្វើឱ្យមាន​ផលប៉ះពាល់៖ ទី១ គុណភាពសំណង់ ទី២ វាអាចនាំឱ្យមានការលួចបន្លំគុណភាព។ ហើយទី៣ វាអាចឈានទៅដល់ការកើតចេញនូវអំពើពុករលួយ ហើយ​និងប៉ះពាល់ទៅដល់​ការចំណាយ​មួយដែល​ខ្វះការ​ប្រកួត​ប្រជែង»។

ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា សម្រាប់ការខ្ចីបុលទាំងឡាយមានតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ ដែលតំណាងឱ្យរដ្ឋាភិបាល។ ចំណែកករណីអភិបាលខេត្តអនុវត្តការសាងសង់មុន​ រួចទើបទូទាត់តាមក្រោយ ជាការខ្ចីបុល ដែលរាជរដ្ឋាភិបាល មិនអនុញ្ញាតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ