អាជ្ញាធរ​បាន​ចាប់​ខ្លួន​មេសហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ៣នាក់ នៅ​មុខ​អគារ​រដ្ឋសភា​នៅ​រសៀល​នេះ

មេសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំណាហ្គាវើលដ៍ ជិតរដ្ឋសភា ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

អាជ្ញាធររាជធានីភ្នំពេញ បាន​ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ និងមេសហជីព២នាក់ទៀត នៅរសៀលនេះ នៅពេលពួកគេ​បានដើរទៅចូលរួមធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

អ្នកនាំពាក្យ​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ លោក សាន​ សុខសីហា បានឱ្យ​ដឹងថា មេដឹកនាំសហជីព ៣រូប រួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅម៉ោងជាង៤រសៀលនេះ ពាក់ព័ន្ធនឹង «ការញុះ​ញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍»

កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិលចំនួន​៤ទៅ៥​នាក់ចាប់ក្រៀក រួចបញ្ចូលទៅក្នុងរថយន្តពណ៌សមួយគ្រឿងនៅមុខរដ្ឋសភា ខណៈកូដករមួយចំនួនបានចូលទៅជួយ តែមិនបានសម្រេចឡើយ។

កញ្ញា ឈឹម ស៊ីថរ បានប្រកាសកាលពីព្រឹកមិញថា នាងនឹងទៅចូលរួមធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងមុខអគារណាហ្គាវើលដ៍ដែលជាទីកន្លែងក្រុមសហជីពនិងសមាជិកសហជីពកំពុងធ្វើកូដកម្ម។ កញ្ញាបានសន្និដ្ឋានជាមុនថា នាងនឹងអាចត្រូវបានចាប់ខ្លួនដោយកម្លាំងមានសមត្ថកិច្ច។

កញ្ញា ឈឹម ស៊ីថរ គឺជាថ្នាក់ដឹកនាំសហជីពម្នាក់ក្នុងចំណោម៣នាក់ដែលអាជ្ញាធររាជធានីភ្នំពេញបានប្រកាសតាមចាប់ខ្លួនកាលពីព្រឹកមិញនេះ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកស្រី ដោយបានចោទជាសំណួរថា៖ «តើនេះជាសង្គ​មអ្វី​ ដែលអាជ្ញាធរមកចាប់ស្ត្រីវ័យក្មេងដោយហិង្សា​ ក្រៀកកគ្នា​ ហើយញាត់ចូលឡា​នទាំងប្រញាប់ប្រញាល់គ្មានដីកាត្រឹមត្រូវ?»

ចំណែកស្ថានទូតសហរដ្ឋអាមេរិក បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកដែរ​​ថា ស្ថានទូតប្រទេស​មហាអំណាចមួយនេះកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមា​ជិក​សហជីព​នៃបុគ្គលិក​កម្មករក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិដោយសន្តិវិធី និងបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស្ដាប់សំឡេងរបស់ពលរដ្ឋ។

ស្ថានទូតអាមេរិកបានសរសេរថា៖ «យើងកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវការចាប់ខ្លួនសមាជិកសហជីព​នៃបុគ្គលិកកម្មករនៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ​ដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរស្ដាប់ពីពលរដ្ឋ មិនមែនបំបិទសំឡេង​​របស់គេទេ។ សេរីភាព​ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្ដុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ