ចៅក្រម​ព្រមាន​កញ្ញា សេង ធារី កុំ​ឱ្យ​ប្រើ​ពាក្យ​អសុរោះ​លើ​ស្ថាប័ន​តុលាការ

កញ្ញា សេង ធារី ស្លៀកសម្លៀកបំពាក់ពណ៌ស្លាទុំស្រដៀងនឹងសម្លៀកបំពាក់អ្នកទោស ទៅចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (សេង ធារី)

សវនាការជំនុំជម្រះក្ដីក្នុងសំណុំរឿង «ញុះញង់និងរួមគំនិតក្បត់» មួយករណី ដែលធ្វើឡើងនៅថ្ងៃនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានណែនាំជនត្រូវចោទ កញ្ញា សេង ធារី កុំឱ្យប្រើពាក្យអសុរោះចោទប្រកាន់លើស្ថាប័នតុលាការ ក្នុងនាមជាខ្មែរដូចគ្នា។

ប្រតិកម្មរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​ លោក រស់ ពិសិដ្ឋ នេះ ធ្វើឡើងបន្ទាប់ពីកញ្ញា សេង ធារី បានលើកឡើង​ក្នុងពេលសវនាការ ដោយស្នើទៅចៅក្រមឱ្យទម្លាក់បទចោទប្រកាន់ «ញុះញង់និងរួមគំនិតក្បត់» ដែលកញ្ញាហៅថា ជាបទចោទប្រកាន់ដ៏ «ឡេឡឺ»។ កញ្ញា​ថា ការទម្លាក់ចោលបទចោទប្រកាន់នេះ វាជាដំណោះស្រាយដ៏ល្អបំផុតមួយ។

ជាការ​ឆ្លើយតប លោកចៅក្រម​ រស់ ពិសិដ្ឋ បានលើកឡើងថា ក្នុងនាមលោកជាខ្មែរ លោកបាន​គោរព​កញ្ញា សេង ធារី  ប៉ុន្តែកញ្ញា​បែរជាប្រើពាក្យអសុរោះមិនសមរម្យលើ​រូប​លោកនិង​មន្ត្រី​តុលាការផ្សេងទៀតទៅវិញ។ លោកចាត់ទុកពាក្យដែលកញ្ញា សេង ធារី ប្រើនោះថា «ធ្ងន់ធ្ងរពេក» ដោយថា ក្នុងនាមជាខ្មែរដូចគ្នា មិនគួរប្រើប្រាស់ពាក្យនេះឡើយ។

ក្រោយពីចៅក្រមប្រតិកម្មបែបនេះ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺ​លោក ជូង ជូងី បានលើកឡើងថា អ្វីដែលកូនក្ដីរបស់លោកបាននិយាយនោះ បានធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ចៅក្រមក៏ពិតមែន ប៉ុន្តែការចោទប្រកាន់របស់តុលាការ គឺធ្ងន់ធ្ងរពេក។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលបានឃ្លាំមើលសវនាការ នាថ្ងៃនេះ បានកត់សម្គាល់ថា ចៅក្រមហាក់បានបង្ហាញការខកចិត្តដែលថា កញ្ញា សេង ធារី បានប្រើប្រាស់ពាក្យធ្ងន់ៗដាក់តុលាការ ក្នុងនាមជាខ្មែរដូចគ្នា។ លោកស្រីបន្តថា បើសិនជាតុលាការយល់ថា ប្រជាពលរដ្ឋទាំងអស់គ្នាជាខ្មែរ ​បទចោទប្រកាន់ «ក្បត់ជាតិ» នេះ មិនគួរត្រូវប្រើប្រាស់នោះឡើយ។

លោកថា៖ «ហើយលោកប្រើពាក្យយើងសុទ្ធតែជាខ្មែរ មិនគួរមើលងាយគ្នាអីជាដើមហ្នឹង សម្រាប់ខ្ញុំយល់ថា ​ជាពាក្យមួយសំខាន់ដែរ ​បើសិនជាយើងជាខ្មែរទាំងអស់គ្នា ​គួរណាយើងយកចិត្តទុកដាក់​​​ចំពោះគ្នា មិនគួរណា​មានការប្រើប្រាស់នូវការចាប់ចងឬចោទប្រកាន់ ជាពិសេស​ការប្រើប្រាស់នូវពាក្យ “ក្បត់ជាតិ” នេះ ជាពាក្យមួយខ្ញុំតែងតែ​លើកពីដើមថា ជាពាក្យមួយធ្ងន់ធ្ងរមែនទែន ព្រោះពេលដែលយើងនិយាយថា “ខ្មែរយើងក្បត់ជាតិ” យើងបានប​ន្ទាបតម្លៃ​​ពលរដ្ឋខ្លួន ដូចថា ស្រឡាញ់ចំពោះជាតិហ្នឹង»

យ៉ាងណាក៏ដោយ ក្រោយពីបើកសវនាការបានប្រហែល៣ម៉ោង នៅព្រឹកថ្ងៃអង្គារនេះ ចៅ​ក្រម​ លោក រស់ ពិសិដ្ឋ បានសម្រេចពន្យារពេលសវនាការទៅថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០២២ ដោយទុកពេលឱ្យមេធាវីថតចម្លង​ឯកសារ ភស្តុតាង ពាក់ព័ន្ធនឹងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» របស់តុលាការទាំងអស់ ដើម្បីយកមកសិក្សានិងពិភាក្សាជាមួយកូនក្ដី។

ការពន្យារពេ​លស​វនាការទៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២២​នេះ ធ្វើឡើងបន្ទាប់ពីមេធាវីការ​ពារ​ក្ដីឱ្យ​កញ្ញា សេង ធារី គឺលោក ជូង ជូងី បានលើកឡើងក្នុងសវនាការថា រូបលោកទើបបានថតចម្លងឯកសារពីតុលាការកាលពីម្សិលមិញបានតិចតួចប៉ុណ្ណោះ ដោយមិនទាន់មានពេលជួបកូនក្ដីដើម្បីពិភាក្សាគ្នា ពាក់ព័ន្ធនឹងបទល្មើសដែលតុលាការចោទប្រកាន់លើកូនក្ដីនៅឡើយ ខណៈកញ្ញា សេង ធារី បង្ហាញការយល់ព្រមតាមមេធាវី។

លោក ជូង ជូងី បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ចេញពីសវនាការថា ទោះបីជាតុលាការទុករយៈពេលឱ្យលោកចំនួន៦សប្ដាហ៍ក៏ពិតមែន ប៉ុន្តែលោកមិនអាចកំណត់ពេលវេលាថាគ្រប់គ្រាន់​ឡើយ។

លោកថា៖ «ខ្ញុំអត់ទាន់កំណត់ថាគ្រប់គ្រាន់ទេ ហេតុអី?​ ពីព្រោះនៅក្នុងសំណុំរឿង វាអាថ៌កំបាំង​ មិនដឹងឯកសារណាខ្លះបានទម្លាក់បន្ទុក​​មកលើកូនក្ដីខ្ញុំ​ ហើយមិនដឹងមានចម្លើយណាដាក់បន្ទុកមកលើកូនក្ដីខ្ញុំ ដែលខ្ញុំត្រូវការសិក្សា​ត្រៀមតទល់ជាមួយឯកសារ ដោះបន្ទុក​ និងត្រៀមជាមួយចម្លើយដាក់បន្ទុក អ៊ីចឹងខ្ញុំព្យាករអត់កើត»

នៅព្រឹកថ្ងៃនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនកញ្ញា សេង ធារី រយៈពេលខ្លី នៅក្បែររូបសំណាកព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ អំឡុងពេលដែលកញ្ញាបានធ្វើដំណើរថ្មើរជើងដោយ​​ស្លៀក​សម្លៀកបំពាក់​ពណ៌ស្លាទុំ​ស្រដៀងនឹងសម្លៀកបំពាក់​អ្នកទោស ដើរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

កញ្ញា សេង ធារី ប្រាប់អ្នកសារព័ត៌មានថា ពេលឃាត់ខ្លួននោះ សមត្ថកិច្ចបានយកទូរសព្ទរបស់គាត់ និងបានឱ្យកញ្ញាប្រាប់លេខកូដសម្ងាត់ ដើម្បីលុបព័ត៌មាន បន្ទាប់ពីកញ្ញាបានឡាយតាម​ហ្វេសប៊ុក អំឡុងពេលដើរមកចូលរួមសវនាការ ប៉ុន្តែកញ្ញា​មិនប្រគល់ឱ្យឡើយ។ លើសពីនេះ កញ្ញាថា សមត្ថកិច្ចខ្លះ​បានព្រមានចាប់ខ្លួនកញ្ញាបញ្ជូនទៅឃុំខ្លួនពន្ធនាគារតែម្ដង ខណៈកញ្ញាបានស្លៀកពាក់ដូចអ្នកទោសក្នុងពន្ធនាគារទៅហើយនោះ។

កញ្ញា សេង ធារី គឺជាមេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក។ ក្រោយមក កញ្ញាបានវិលមកកម្ពុជាវិញ បន្ទាប់ពីរស់នៅនិងសិក្សានៅសហរដ្ឋអាមេរិក​អំឡុង​​ពេល​រត់​ភៀស​ខ្លួន​ចេ​ញ​ពី​របប​ខ្មែរ​ក្រហម។

បើតាមជនជាប់ចោទរូបនេះរៀបរាប់ក្នុងអង្គសវនាការថា ពេលរស់នៅកម្ពុជានោះ កញ្ញាបានធ្វើការងារសង្គមជាច្រើន ដើម្បីជួយទៅដល់ការកសាងសន្តិភាព អប់រំពីច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងធ្លាប់ធ្វើជាប្រធាន «មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម» ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ